ភ្នំពេញ ៖ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ក៏ដូចជាពីតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិនិងពិភពលោកបានស្គាល់បានដឹងកាន់តែច្រើន ក្រុមហ៊ុនវិរៈប៊ុនថាំ បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំការប្រកួតប្រជែងអ្នកផលិតមាតិការទេសចរណ៍ឆ្នើម ពានរង្វាន់វិរៈប៊ុនថាំ ។
ពិធីបើកជាផ្លូវការ ពានរង្វាន់វិរៈប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈប៊ុនថាំ និងអ្នកផលិតមាតិកាល្បីៗក្នុងប្រទេសកម្ពុជាជាច្រើនទៀត ។

នៅក្នុងឱកាសនោះ អ្នកឧកញ៉ាសួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈប៊ុនថាំ បានមានប្រសាសន៍ថា៖ វិស័យទេសចរណ៍ជាវិស័យចម្បងមួយក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន វិរៈប៊ុនថាំក៏បានវិនិយោគក្នុងវិស័យនេះជាច្រើនមកហើយដែរ ក្នុងរយៈពេលកន្លងមក ។ក្រុមហ៊ុនវិរៈប៊ុនថាំ ក៏បានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការផ្ដល់សេវាកម្មដឹកជញ្ជូនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសកម្ពុជាទូទាំងប្រទេស។
អ្នកកញ៉ាបន្តថា កម្មវិធីប្រកួតប្រជែងពានរង្វាន់វិរៈប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម នឹងអនុញ្ញាតឱ្យបងប្អូនអ្នកផលិតមាតិកាមានឱកាសក្នុងការបញ្ចេញ ស្នាដៃ និងលើកទឹកចិត្តបន្ថែមសម្រាប់អ្នកដែលមានបំណងធ្វើមាតិកាទេសចរណ៍ក្នុងការផ្ដិតរូបភាពថ្មីៗនៅក្នុងប្រទេសកម្ពុជា ផ្សព្វផ្សាយទៅកាន់ប្រទេសលើពិភពលោក ។នេះជាលើកទី១ក្នុងការធ្វើមាតិកាទេសចរណ៍ឆ្នើម ហើយអាចនឹងមានរដូវកាលទី២ទី៣ទី៤ និងបន្តបន្ទាប់ទៀត ។

អ្នកឧកញ៉ាបានបន្ថែមថា៖សម្រាប់រដូវកាលទី១នេះ នឹងលើកយកតំបន់ទេសចរណ៍ដែលមានក្នុងខេត្តកោះកុង ពីព្រោះក្នុងខេត្តកោះកុងមានតំបន់ទេសចរណ៍ច្រើនដែលមានសក្ដានុពលសម្រាប់ផ្សព្វផ្សាយ ។នៅរដូវកាលទី២នឹងធ្វើនៅខេត្តសៀមរាប និងបាត់ដំបង ហើយរដូវកាលទី៣ នឹងធ្វើនៅខេត្តជាប់មាត់សមុទ្រ និងទី៤ នឹងធ្វើនៅតំបន់ប៉ែកឦសានរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយរំពឹងថារដូវកាលទី៥ នឹងធ្វើនៅគ្រប់ខេត្តក្នុងប្រទេសកម្ពុជាតែម្ដង ។
អ្នកឧកញ៉ារំពឹងថា តាមរយៈវីដេអូ ដែលទទួលបានពីអ្នកផលិតមាតិកាទេសចរណ៍របស់យើងនឹងអាចផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនានិងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ។

ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា សួរ វីរៈ និងក្រុមហ៊ុនវិរៈប៊ុនថាំ ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ គាំទ្រ ឧបត្ថម្ភសព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយ នៅរាល់ព្រឹត្តិការណ៍ទេសចរណ៍, កម្មវិធីនានារបស់ក្រសួងទេសចរណ៍, គាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ជាពិសេសកម្មវិធីសប្បុរសធម៌របស់ក្រសួងទេសចរណ៍ នាពេលកន្លងមក ។
ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោក លោកស្រី បងប្អូន អ្នកផលិតមាតិកា,Influencers, KOLs ទាំងអស់ ជាជនជាតិខ្មែរក្តី ឬ ជនបរទេសក្តី នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកន្លងមក បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា ថវិកាផ្ទាល់ខ្លួន ធនធាន សម្ភារៈ សព្វគ្រប់បែបយ៉ាង ក្នុងការចូលរួមយ៉ាងសកម្មផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋយើងផង និងទៅដល់ពិភពលោក។
ឯកឧត្តមក៏បានសំណូមពរឱ្យបងប្អូនអ្នកផលិតមាតិកា បញ្ចេញទេពកោសល្យ ការច្នៃប្រឌិត និងសមត្ថភាពក្នុងការបង្ហាញឱ្យពិភពលោកបានឃើញពីសម្រស់ដ៏ស្រស់ស្អាត សម្បត្តិវប្បធម៌ និងធម្មជាតិដ៏អស្ចារ្យព្រមទាំងភាពសម្បូរបែបនៃតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា, ម្ហូបអាហារខ្មែរ, ប្រពៃណី ទំនៀមទំលាប់ខ្មែរ បដិសណ្ឋារកិច្ចកក់ក្តៅ ការស្នាក់នៅគ្រប់កម្រិត ការកម្សាន្ត, ស្នាមញញឹមរបស់ប្រជាជនខ្មែរ ទាំងអស់នេះគឺជា អត្តសញ្ញាណខ្មែរ។ ជាពិសេស សូមបងប្អូនបន្តចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានវិជ្ជមាន អំពីប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ សម្រាប់បេក្ខជន-បេក្ខនារី ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ជាច្រើនដូចជា៖ ជ័យលាភីលេខ ១ ទទួលបាន 5,000ដុល្លារ ជ័យលាភីលេខ ២ ទទួលបាន 1,000ដុល្លារ ជ័យលាភីលេខ ៣ ទទួលបាន 500ដុល្លារ។ លើសពីនេះ ជ័យលាភីទាំងអស់ នឹងទទួលបានការស្នាក់នៅ ជិះឡាន ផ្ញើទំនិញ ដោយឥតគិតថ្លៃផងដែរ ៕












វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content