បរទេស ៖ នៅក្នុងរបបដឹកនាំរបស់រដ្ឋាភិបាលថ្មីនាពេលបច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទិញសព្វាវុធទំនើបៗពីប្រទេសកាណាដា និងសហរដ្ឋអាម៉េរិក។
យោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី Novinata នៅថ្ងៃដើមសប្ដាហ៍នេះបានឱ្យថា រថពាសដែកដ៏ទំនើបម៉ូដេល Stryker សម្រាប់បំពេញតម្រូវការរបស់កងកម្លាំងទ័ពជើងគោកប៊ុលហ្គារីបានមកដល់តាមផែនការហើយ ដោយក្នុងជំហ៊ានដំបូងនេះទទួលបានចំនួន ៥គ្រឿងមុន ដែលត្រូវបានដឹកជញ្ជូនមកតាមកំពង់ផែ Burgas ដែលជាកំពង់ផែដ៏ទី២ប្រចាំប្រទេសប៊ុលហ្គារី ស្ថិតនៅលើសមុទ្រខ្មៅ ខណៈដែលរថពាសដែកប្រភេទនេះចំនួន ៨ផ្សេងទៀតកំពុងដឹកជញ្ជូនមកបន្តទៀត។

ជាការកត់សម្គាល់ ជាមួយនឹងការមកដល់នូវរថពាសដែក Stryker ចំនួន៥គ្រឿងពីប្រទេសកាណាដានាពេលនេះ ក៏មានឧបករណ៍យោធាផ្សេងទៀត ក៏ដូចជារថយន្តយោធាសម្រាប់បម្រើការងារដឹកជញ្ជូនមកជាមួយដែរ ប៉ុន្តែស្ថិតនៅក្នងកញ្ចប់ និងកិច្ចសន្យាបញ្ជាទិញជាមួយយន្តហោះចម្បាំង F-16 របស់អាម៉េរិកកាលពីគ្រាមុន។ ដោយឡែក សម្រាប់រថពាសដែក Stryker ដែលគ្រោងមកដល់ប៊ុលហ្គារីក្នុងដំណាក់កាលបន្ទាប់នេះគឺជាការផ្តល់ជូនដោយឥតគិតថ្លៃក្រោមកម្មវិធីជាមួយសហរដ្ឋអាម៉េរិក ដែលនឹងត្រូវប្រើសម្រាប់ការហ្វឹកហាត់នៅក្នុងកងពលតូចមេកានិចទី៦១ នៅទីក្រុង Karlovo ។
គួរឲ្យដឹងដែរថា Stryker គឺជារថយន្តពាសដែកដែលមានកង់៨គ្រាប់ រចនាបែបកូនកាត់ចេញមកពី LAV III របស់កាណាដា និង Mowag Piranha របស់ប្រទេសស្វីស និងផលិតឡើងដោយក្រុមហ៊ុន General Dynamics Land System (GDLS) របស់កាណាដា ដោយដំបូងឡើយផលិតសម្រាប់ផ្គត់ផ្គង់ដល់វិស័យយោធាអាម៉េរិក និងមានតម្លៃប្រហែល ៥លានដុល្លារក្នងមួយគ្រឿង ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content