បរទេស៖ រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមការរាយការណ៍ពី BBC។
កាលពីថ្ងៃពុធ ការិយាល័យគ្រប់គ្រង និងថវិកានៃសេតវិមាន បានផ្ញើលិខិតស្នើសុំថវិកាជាផ្លូវការទៅកាន់ប្រធានរដ្ឋសភា លោក Mike Johnson។ នៅក្នុងលិខិតនោះ ភាគច្រើនបញ្ជាក់ពីការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ពាក់ព័ន្ធនឹងប្រតិបត្តិការ Operation Epic Fury (OEF) ដែលជាឈ្មោះសម្គាល់លើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់។
យោងតាមសេតវិមាន បានឲ្យដឹងថា ថវិកាភាគច្រើនត្រូវបែងចែកសម្រាប់ក្រសួងការពារជាតិ ៦៧ ពាន់លានដុល្លារ ក្នុងនោះរួមមាន ២១ ពាន់លានដុល្លារសម្រាប់គ្រាប់រំសេវ ១៧,៣ ពាន់លានដុល្លារសម្រាប់ថ្លៃដើមប្រតិបត្តិការ និង ១២,១ ពាន់លានដុល្លារសម្រាប់កម្មវិធីសម្ងាត់នានា។
សម្រាប់ថវិកាដែលនៅសេសសល់ គឺប្រើប្រាស់សម្រាប់វិធានការផ្សេងៗដែលមិនទាក់ទងនឹងសង្គ្រាម រួមមាន ១១ ពាន់លានដុល្លារសម្រាប់ជួយកសិករអាម៉េរិក និង១,៤ ពាន់លានដុល្លារសម្រាប់ដោះស្រាយបញ្ហាវីរុសអេបូឡានៅតំបន់អាហ្វ្រិកកណ្តាល។
សំណើនេះក៏រួមបញ្ចូលទាំងថវិកាប្រមាណ ៣០០ លានដុល្លារ ដើម្បីពង្រឹងសន្តិសុខនៅតាមស្ថានទូត និងទីស្នាក់ការការទូតរបស់អាម៉េរិកប្រចាំនៅមជ្ឈិមបូព៌ា និងអាស៊ីខាងត្បូងផងដែរ ក្រោយពីកន្លែងមួយចំនួនបានរងការវាយប្រហារ។
ទោះជាយ៉ាងណាក្ដី សំណើនេះកំពុងប្រឈមមុខនឹងឧបសគ្គក្នុងសភា ដោយសារតែជម្លោះជាមួយអ៊ីរ៉ង់នេះ មិនទទួលបានការគាំទ្រពីសំណាក់អ្នកបោះឆ្នោតនោះទេ ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិកំពុងខិតជិតមកដល់នាខែវិច្ឆិកានេះ។
ទោះបីជាឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ ប៉ុន្តែលិខិតរបស់ការិយាល័យថវិកាសេតវិមានបានគូសបញ្ជាក់ថា ក្រសួងការពារជាតិ ឬ ប៉ង់តាហ្គោន ចាំបាច់ត្រូវបំពេញស្តុកអាវុធឡើងវិញ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសកន្លងមក។
ការស្នើសុំនេះធ្វើឡើង ចំពេលដែលសមាជិកបក្សប្រជាធិបតេយ្យ និងសមាជិកបក្សសាធារណរដ្ឋមួយចំនួននៅក្នុងសភា បានបង្ហាញការសង្ស័យចំពោះផែនការសន្តិភាពដែលលោក Trump បានព្រមព្រៀងជាមួយអ៊ីរ៉ង់កាលពីសប្តាហ៍មុន។
លោក Bill Cassidy សមាជិករបស់បក្សសាធារណរដ្ឋ លើកឡើងថា លោក Trump មិនបានប្រាប់ពលរដ្ឋអាម៉េរិកឱ្យដឹងពីអ្វីដែលកំពុងកើតឡើងនោះទេ ដោយភាគច្រើនគិតថា សង្គ្រាមនេះចំណាយពេលតែ ៤ សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែឥឡូវវាអូសបន្លាយដល់ ៤ ខែទៅហើយ។
កាលពីខែមុន ប្រធានមន្ត្រីហិរញ្ញវត្ថុរបស់ប៉ង់តាហ្គោន លោក Jules Hurst បានប្រាប់គណៈកម្មាធិការសភាថា សង្គ្រាមនេះបានចំណាយអស់ថវិកាប្រមាណ ២៩ ពាន់លានដុល្លាររួចមកហើយ។
យ៉ាងណាមិញ អ្នកវិភាគលើវិស័យការពារជាតិ និងសមាជិកសភា លើកឡើងថា ការប៉ាន់ប្រមាណនេះមិនទាន់ឆ្លុះបញ្ចាំងពីទំហំខូចខាតពិតប្រាកដ និងទំហំខាតបង់ហិរញ្ញវត្ថុដែលបង្កឡើងដោយជម្លោះនេះនៅឡើយទេ៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content