ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ។
លោក យ៉េត វីណែល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ កាស៊ីណូចំនួន ១៩ បានផ្អាកអាជីវកម្មដោយសារវិបត្តិ, កាស៊ីណូចំនួន ១៩ ត្រូវបានដកហូតអាជ្ញាប័ណ្ណ, កាស៊ីណូចំនួន ៣៣ ត្រូវបានព្យួរអាជ្ញាប័ណ្ណ និងកាស៊ីណាចំនួន ៤ បានផុតសុពលភាពអាជ្ញាប័ណ្ណ ខណៈដែលបច្ចុប្បន្ន កាស៊ីណូដែលកំពុងដំណើរការអាជីវកម្មមានចំនួនសរុប ១២៤ ហើយអាជ្ញាប័ណ្ណទាំងអស់នឹងផុតសុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ ការបន្តផ្តល់អាជ្ញាប័ណ្ណនាពេលខាងមុខ នឹងត្រូវផ្អែកលើការវាយតម្លៃយ៉ាងតឹងរ៉ឹង ដោយធានាថា កាស៊ីណូនីមួយៗមិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញឡើយ។

លោក យ៉េត វីណែល បានបន្ថែមថា អគ្គលេខាធិការដ្ឋានបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការចំពោះទីតាំងល្បែងពាណិជ្ជកម្មដែលប្រព្រឹត្តល្មើសច្បាប់ ឬជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាក់ស្តែង ក្នុងរយៈពេល ៣ខែកន្លងមកនេះ អគ្គលេខាធិការដ្ឋានបានស្នើទៅគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដើម្បីដកហូតអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១២ ដែលត្រូវបានរកឃើញថា ពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ។
ឮឯកឧត្ត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា វិស័យល្បែងពាណិជ្ជកម្មកំពុងទទួលរងសម្ពាធពីក្រុមឧក្រិដ្ឋជន ដែលបានយកទីតាំង ឬបរិវេណកាស៊ីណូមួយចំនួនធ្វើជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានភាពស្មុគស្មាញ រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងបទល្មើសប្រភេទនេះ ជាអាទិភាពខ្ពស់បំផុត ព្រោះវាប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ បរិយាកាសវិនិយោគ និងកិត្យានុភាពសរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងអនុវត្តច្បាប់ដោយគ្មានការលើកលែង ទាំងចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវដល់ប្រតិបត្តិករកាស៊ីណូទាំងអស់ ត្រូវសហការយ៉ាងពេញលេញជាមួយអាជ្ញាធរ និងត្រូវធានាថា ទីតាំងរបស់ខ្លួនមិនមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ក្រៅពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យកាស៊ីណូទាំងអស់ បំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់៕ អត្ថបទ៖ វណ្ណលុក




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content