ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានអំពាវនាវដល់សាធារណៈជនឱ្យជួយគាំទ្រផលិតផលខ្មែរដែលមានសហគ្រិន និងម្ចាស់អាជីវកម្មជាស្រ្តី ដើម្បីមានឱកាសបង្កើន ពង្រីកឱកាសទីផ្សារ ក៏ដូចជាបង្កើតឱកាសការងារជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន ដែលជាការរួមចំណែកដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាប័ន្ន និងចីរភាព។
ថ្លែងក្នុងវេទិកាសហគ្រិនស្រ្តី សេដ្ឋកិច្ច និងអាជីវកម្ម កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា បើទោះបីជាសហគ្រិនស្រ្តីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលគ្រួសារ បង្កើតការងារក្នុងសហគមន៍ និងពង្រីកភាពចម្រុះនៃផលិតផលក្នុងស្រុកក៏ដោយ ក៏ពួកគេនៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការទទួលបានចំណែកទីផ្សារ ការកសាងម៉ាកសញ្ញាផលិតផល ការអនុវត្តស្តង់ដារគុណភាព ការវេចខ្ចប់ ការទទួលបានហិរញ្ញប្បទាន និងឱកាសចូលរួមក្នុងវេទិកាពាណិជ្ជកម្មជាតិ-អន្តរជាតិ ដែលជាកត្តាជំរុញឱ្យមានការជួយគាំទ្របន្ថែមទៀតពីសាធារណៈ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកជំទាវបន្តថា វេទិកាសហគ្រិនស្រ្តី សេដ្ឋកិច្ច អាជីវកម្មស្រ្តី គឺជាសកម្មភាពជាក់ស្តែងមួយក្នុងការប្រែក្លាយគោលនយោបាយទៅជាកម្មវិធី និងការទទួលបានលទ្ធផលជាក់ស្តែង។
លោកជំទាវបញ្ជាក់ថា ៖
«វាមិនមែនគ្រាន់តែជាកម្មវិធីតាំងបង្ហាញផលិតផល ឬលក់ផលិតផលប៉ុណ្ណោះទេ តែជាវេទិកាសម្រាប់តភ្ជាប់ឱកាស ការអភិវឌ្ឍបណ្តាញ ការចែករំលែកចំណេះដឹង ការកសាងភាពជឿជាក់លើផលិតផល ជាពិសេស ការបើកផ្លូវឱ្យសហគ្រិនស្រ្តីឈានចូលទីផ្សារកាន់តែទូលំទូលាយ»។
វេទិការសហគ្រិនស្រ្តី សេដ្ឋកិច្ច អាជីវកម្មខាងលើនេះ ក៏ជាផ្នែកសំខាន់មួយនៃការជំរុញឱ្យផលិតផលដែលមានស្រ្តីកម្ពុជាជាស្ថាបនិក ទទួលបានការមើលឃើញកាន់តែច្បាស់, កាន់តែមានទំនុកចិត្ត និងកាន់តែមានឱកាសក្នុងការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានមានប្រសាសន៍ថា វេទិកានេះបង្កើតឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់សហគ្រិនស្ត្រីដែលជាម្ចាស់អាជីវកម្ម ជាពិសេសអ្នកដែលស្ថិតក្នុងវិស័យផលិត ឱ្យមានសេចក្តីក្លាហានក្នុងការចូលរួមធ្វើបទបង្ហាញអាជីវកម្មរបស់ខ្លួន ប្រកបដោយវិជ្ជាជីវ: និងមានភាពជឿជាក់ទៅកាន់អតិថិជន ក៏ដូចជាស្ថាបន័នានា និងដៃគូអភិវឌ្ឍន៏ ដើម្បីស្វែងរកការគាំទ្រក្នុងការពង្រីកអាជីវកម្មតាមតម្រូវការ និងដំណាក់កាលដែលខ្លួនត្រូវឈានឡើង។
លោកជំទាវបញ្ជាក់ដូច្នេះថា ៖
«មិនតែប៉ុណ្ណោះ វេទិកាមួយនេះក៏ត្រូវបានបញ្ចូលនូវការធ្វើបទបង្ហាញពីការធ្វើនវានុវត្តន៍លើគុណភាព សោភ័ណភាពផលិតផល និងឱកាសជំរុញផលិតផលចូលទីផ្សារ»។
ដោយឡែក លោកស្រី សែម ស្រីតូច ប្រធានគម្រោង បណ្តុំអាជីវកម្ម សហគ្រិនស្រ្តី បានលើកឡើងថា នៅក្នុងពិភពអាជីវកម្មនាពេលបច្ចុប្បន្ន ការប្រកួតប្រជែងមិនមែនផ្អែកតែលើតម្លៃប៉ុណ្ណោះទេ អ្វីដែលសំខាន់គឺត្រូវពឹងផ្អែកលើគុណភាព ទំនុកចិត្ត និងសមត្ថភាពក្នុងការឈានទៅរកទីផ្សារ ដូច្នេះហើយសហគ្រិនស្រ្តីត្រូវការវេទិកានេះជាចាំបាច់ ក្នុងការបង្ហាញពីសក្ដានុពលអាជីវកម្ម ចាប់ឱកាស និងបង្កើនការប្រកួតប្រជែងរបស់ពួកគេឱកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ទោះយ៉ាងណា ស្រ្តីជាច្រើនកំពុងស្ថិតក្នុងអង្គភាពសេដ្ឋកិច្ចដែលមានកម្រិតមីក្រូ ធុនតូច និងមធ្យម ដែលត្រូវការកិច្ចគាំទ្រ ខណៈដែលនៅមានសក្តានុពលជាច្រើនទៀតដែលពុំទាន់បានប្រើប្រាស់ និងអភិវឌ្ឍនៅឡើយ។
យោងតាមលទ្ធផលជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០២២ បានបង្ហាញថា ក្នុងចំណោមអ្នកចូលរួមការងារនៅក្នុងអង្គភាពសេដ្ឋកិច្ចសរុបជិត ៣លាននាក់ ក្នុងនោះមានស្ត្រីចំនួន ៦១.៣ភាគរយ ហើយស្រ្តីប្រមាណ ៦៩.២ ភាគរយជាអ្នកតំណាងអង្គភាពសេដ្ឋកិច្ចសកល។ ទិន្នន័យទាំងនេះបានបង្ហាញថា ស្រ្តីកំពុងចូលរួមដឹកនាំ និងជាកម្លាំងចរន្តយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content