ភ្នំពេញ ៖ មានការលើកឡើងថា ការវិនិយោគអាចជាហានិភ័យ ប៉ុន្តែការសន្សំអាចមានន័យថាជាការខាតបង់។ ជាធម្មតាការវិនិយោគ ឬការសន្សំប្រាក់ វាអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់បុគ្គលម្នាក់ៗ។ ដោយឡែកវិធីមួយដែលជួយកំណត់ថា តើគួរសន្សំ ឬវិនិយោគប្រាក់ គឺការគិតគូរអំពីប្រភេទគោលដៅផ្ទាល់ខ្លួន ដែលក្នុងនោះមានគោលដៅរយៈពេលវែង និងគោលដៅរយៈពេលខ្លី។

ជាធម្មតា អ្នកគួរវិនិយោគប្រាក់របស់អ្នកសម្រាប់គោលដៅហិរញ្ញវត្ថុរយៈពេលវែង ដូចជាការចូលនិវត្តន៍ ពីព្រោះអ្នកមានពេលយូរ ដើម្បីបត់បែនពីការប្រែប្រួលនៃទីផ្សារភាគហ៊ុន។ ប៉ុន្តែប្រសិនបើគោលដៅហិរញ្ញវត្ថុមានរយៈពេលខ្លី (៥ឆ្នាំ ឬតិចជាងនេះ) ដូចជាគោលដៅធ្វើដំណើរកំសាន្តទៅបរទេស អ្នកគួរជ្រើសរើសការសន្សំដោយរក្សាប្រាក់ទុកក្នុងគណនីសន្សំ ដែលមានការប្រាក់ខ្ពស់ជាជាងការវិនិយោគ។ ហេតុផលនៅត្រង់ថា បើសិនជាចំពេលមានវិបត្តិសេដ្ឋកិច្ចធ្វើឲ្យទីផ្សារធ្លាក់ចុះនោះវាត្រូវការពេលច្រើនទើបទីផ្សារត្រឡប់មករកសភាពដើម ដែលនេះធ្វើឲ្យការសន្សំជាជម្រើសល្អសម្រាប់គោលដៅរយៈពេលខ្លី។ ជាក់ស្តែងវាក៏ពឹងផ្អែកលើភាពអត់ធ្មត់របស់អ្នកផ្ទាល់ និងសុខភាពហិរញ្ញវត្ថុទូទៅរបស់អ្នកផងដែរ។

ចំណុចល្អ និងមិនល្អនៃការវិនិយោគ
- ល្អ ៖ ប្រើពេលយូរធ្វើឲ្យមានសុវត្ថិភាពខ្ពស់ និងបានផលចំណេញកើនឡើងជាលំដាប់។
- មិនល្អ ៖ ទីផ្សារមានហានិភ័យ និងការវិនិយោគអាចនឹងធ្លាក់ចុះ។
ចំណុចល្អ និងមិនល្អនៃការសន្សំ
- ល្អ ៖ លុយរបស់អ្នកអាចដកយកប្រើគ្រប់ពេលអ្នកចង់ និងមិនស្ថិតនៅក្រោមការប្រែប្រួលទីផ្សារ។
- មិនល្អ ៖ អ្នកអាចនឹងខកខានការចំណេញពីទីផ្សារ និងប្រឈមនឹងអតិផរណា។
បន្ថែមពីនេះអ្នកក៏គួរពិចារណានូវសំណួរទាំង៥ខាងក្រោម ដែលអាចជួយសម្រួលដល់ការសម្រេចចិត្ត។
១- តើអ្នកមានសាច់ប្រាក់គ្រប់គ្រាន់ដែលអាចចំណាយពី ៣ខែ ទៅ ៦ខែនៃការចំណាយចាំបាច់ដែរឬទេ? បើមិនមានទេ សូមចាប់ផ្តើមសន្សំ។
២- តើអ្នកមានគោលដៅរយៈពេលខ្លីផ្សេងទៀតដែលត្រូវការការប្រើសាច់ប្រាក់រហ័ស (ដូចជាផែនការធ្វើដំណើរ) ដែរឬទេ? បើមាន សូមចាប់ផ្តើមសន្សំ។
៣- តើអ្នកកំពុងឈានទៅរកគោលដៅចូលនិវត្តន៍របស់អ្នកតាមអាយុដែលអ្នកចង់បានឬទេ? បើមិនដូច្នោះទេ សូមចាប់ផ្តើមវិនិយោគ។
៤- តើអ្នកយល់អំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគប្រាក់នេះសម្រាប់គោលដៅរយៈពេលវែងដូចជាការចូលនិវត្តន៍ដែរឬទេ? អ្នកប្រហែលជាមិនអាចប្រើប្រាក់វិនិយោគនោះបានតាមចិត្តដោយគ្មានការផាកពិន័យនោះទេ និងប្រឈមហានិភ័យនៃការប្រែប្រួល។ បើអ្នកយល់ និងទទួលយកបាន អ្នកគួរចាប់ផ្តើមវិនិយោគហើយ។
៥- តើអ្នកមានអារម្មណ៍សុខស្រួលជាមួយនឹងការបែងចែកការសន្សំផង និងការវិនិយោគផងជារៀងរាល់ខែឬទេ?
ចំណុចទាំងអស់នេះមិនមែនជាច្បាប់អាទិភាពដែលគ្របដណ្តប់លើអ្វីៗទាំងអស់ទេ ប៉ុន្តែវាជាការចាប់ផ្តើមដ៏ល្អមួយឆ្ពោះទៅរកក្តីស្រមៃនៃអនាគតដែលអ្នកចង់បាន។ អ្នកត្រូវតែរៀបចំផែនការពីរបៀបទៅដល់គោលដៅ និងពីអ្វីដែលអ្នកត្រូវចំណាយ។ ក្រៅពីនេះអ្នកអាចណាត់ជួបជាមួយទីប្រឹក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដើម្បីពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក គោលដៅហិរញ្ញវត្ថុនាពេលអនាគត និងរៀបចំផែនការ ដើម្បីធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យប្រកបដោយទំនុកចិត្តនិងប្រសិទ្ធភាពខ្ពស់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content