ភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញនូវសេចក្ដី ប្រកាសព័ត៌មានមួយអំពីការសម្រេចបណ្ដេញចេញនូវតំណាងក្រុមហ៊ុន Facebook ពីកម្ពុជា ក៏ដូចជាបញ្ឍប់នូវរាល់សកម្មភាព ភាពជាតំណាងរបស់ក្រុមហ៊ុនទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន។

បន្ទាប់ពីសេចក្ដីប្រកាសនេះ ក្រុមអ្នកវិភាគ សង្គមស៊ីវិល អង្គភាពរដ្ឋាភិបាល ជាពិសេសអ្នកនិយម លេងបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា បានចេញប្រតិកម្ម និងបង្ហាញមតិយោបល់ខុសៗគ្នា។
ពាក់ព័ន្ធនឹងភាពចម្រូងចម្រាស់នេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ គឺលោកបណ្ឌិត គិន ភា បានមានប្រសាសន៍ថា កន្លងមកនេះ ទោះតិចឬច្រើន ក្រុមហ៊ុនហ្វេសប៊ុកបានរួមចំណែកយ៉ាងច្រើន ក្នុងការងារនយោបាយ ការអប់រំ ការងារទំនាក់ទំនងសង្គម ការងារពាណិជ្ជកម្ម ក៏ដូចជាការពង្រីក ចំណេះដឹងរបស់សាធារណៈជនកម្ពុជា។
ប៉ុន្តែទន្ទឹមនឹងនេះ លោកក៏បានមើលឃើញថា ៖
“ហ្វេសប៊ុកក៏ជាបណ្ដាញសង្គមមួយដែលរុញឱ្យមានព័ត៌មានក្លែងក្លាយ ព័ត៌មានដែលនាំឱ្យមានចលាចលសង្គម ព័ត៌មានដែលនាំឱ្យមានការរើសអើងក្នុងសង្គមខ្មែរ ហើយធ្ងន់ធ្ងរជាងហ្នឹងទៀត ក្នុងគោលដៅនយោបាយផងដែរ។”

លោកបណ្ឌិតបន្តថា សម្រាប់លោកស្ថានការណ៍នេះមិនជាអាក្រក់ពេកទេ ព្រោះជាទូទៅក្រុមហ៊ុនក្រៅស្រុក ត្រូវគោរពលក្ខខណ្ឌដែលរដ្ឋាភិបាលជាម្ចាស់ប្រទេសដាក់ជូន។
លោកបណ្ឌិតសង្កត់ធ្ងន់ថា ៖
“នេះគឺជាការអនុវត្តនូវវិធានការ ឬក៏ច្បាប់ផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ សម្រាប់ខ្ញុំសួរថាតើវាប៉ះពាល់ដល់រូបភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិបែបណា ខ្ញុំគិតថាវាមិនធ្ងន់ធ្ងរទេ វាគ្រាន់តែជាការអនុវត្តនូវវិធានការច្បាប់របស់កម្ពុជាប៉ុណ្ណោះ ម្យ៉ាងទៀតដូចដែលសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងហើយថា ហ្វេសប៊ុកនៅកម្ពុជាមិនត្រូវបានបិទទេ ព្រោះវាជាតម្រូវការសម្រាប់ប្រជាជនកម្ពុជារួចបាត់ទៅហើយ។”
ជាក់ស្ដែង លោកបណ្ឌិតបានលើកឡើងអំពីករណីមួយនៅប្រទេសថៃកាលពីឆ្នាំ២០១៧ ដែលកាលណោះមានការបែកធ្លាយវីដេអូពាក់ព័ន្ធនឹងព្រះមហាក្សត្រថៃទៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក។ ស្រដៀងគ្នានឹងកម្ពុជា គឺរដ្ឋាភិបាលថៃបានតម្រូវឱ្យក្រុមហ៊ុនហ្វេសប៊ុកដកវីដេអូ ទាំងនោះចេញពីបណ្ដាញសង្គម ដោយនឹងចាត់វិធានការដកតំណាងចេញពីប្រទេស បើសិនជាក្រុមហ៊ុនហ្វេសប៊ុកមិនធ្វើតាម។ ហើយនៅទីបំផុតរូបភាព វីដេអូដែលពាក់ព័ន្ធនឹងព្រះមហា ក្សត្រថៃទាំងប៉ុន្មានត្រូវបានដកចេញអស់ពីបណ្ដាញសង្គមហ្វេសប៊ុក។
ជាមួយនឹងការបញ្ចេញទស្សនៈទានរបស់លោកបណ្ឌិត គិន ភា ខាងលើនេះ ក៏មានសាធារណមតិលើកឡើងផងដែរ មនុស្សភាគច្រើនបានបង្ហាញពីក្ដីព្រួយបារម្ភប៉ះពាល់ដល់បណ្តាអាជីវករមួយចំនួនដែលរកស៊ីតាមបណ្តាញសង្គម facebook ខណៈដែលនៅតាមបណ្តាប្រទេសមួយចំនួនមិនបានយកបណ្តាញមួយនេះធ្វើជាមធ្យោបាយផ្សព្វផ្សាយនោះ ពោលគឺគេអាចជ្រើសយកបណ្តាញសង្គមផ្សេងទៀតដែលមានប្រសិទ្ធភាពស្រដៀងគ្នា ដូចជា បណ្តាញ telegram Tiktok និងបណ្តាញទំនាក់ទំនងផ្សេងៗទៀតជាដើម។
គួរបញ្ជាក់ថា ការបណ្ដេញចេញនូវតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជានេះគឺឈរក្រោមហេតុផលថា ក្រសួងពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុន សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា៖ ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព តម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍។ គួររំលឹកដែរ បើតាមការចុះផ្សាយរបស់ Data Reportal បានឱ្យដឹងថាគិតត្រឹមឆ្នាំ ២០២២ មានអ្នកប្រើប្រាស់ បណ្ដាញសង្គម Facebook ច្រើនជាង ១១លាននាក់ ក្នុងចំណោមប្រជាជនកម្ពុជាចំនួន ១៦.៥លាននាក់៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content