ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហព័ន្ធស្វាយចន្ទីកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជា ក៏ដូចជាជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ម្ចាស់សហគ្រាសដែលជាសមាជិកនៃសហព័ន្ធស្វាយចន្ទីកម្ពុជា អាចស្នើសុំគម្រោងហិរញ្ញប្បទានអាជីវកម្មប្រកបដោយលក្ខខណ្ឌអនុគ្រោះពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានបញ្ជាក់ឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ គឺជាគោលដៅយុទ្ធសាស្ត្រដែលធនាគារបានកំណត់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យស្វាយចន្ទីនៅប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖
«ធនាគារជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងការពង្រីកអាជីវកម្ម សម្រាប់តួអង្គស្វាយចន្ទីទាំងអស់ រួមមាន៖ អ្នកកែច្នៃ និងអ្នកនាំចេញ ក៏ដូចជាលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជាឲ្យកាន់តែប្រសើរ ឡើងថែមមួយកម្រិតទៀត»។
លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្វាយចន្ទីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងការអភិវឌ្ឍខ្សែ ច្រវ៉ាក់តម្លៃស្វាយចន្ទីកម្ពុជា ស្របតាមគោលនយោបាយជាតិដើម្បីជំរុញឲ្យវិស័យស្វាយចន្ទីនេះមានការរីកចម្រើន និងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ទីផ្សារពិភពលោកប្រកបដោយភាពជោគជ័យ និងនិរន្តរភាព។
លោកបានថ្លែងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការដាំដុះ និងកែច្នៃស្វាយចន្ទី តាមរយៈបានដាក់ចេញនូវគោលនយោបាយជាតិស្វាយចន្ទី ដើម្បីជំរុញការកែច្នៃស្វាយចន្ទីឱ្យបាន ២៥% នៃ១លានតោននៅឆ្នាំ២០២៧ និងឱ្យបាន ៥០%នៃ១លានតោននៅឆ្នាំ២០៣២៕






វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content