បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ទុនបម្រុងរបស់រុស្ស៊ីដែលមានតម្លៃជិត ៣០០ ពាន់លានដុល្លារ ត្រូវបានបង្កកដោយបណ្តាប្រទេសលោកខាងលិចចាប់តាំងពីខែមីនា ឆ្នាំ២០២២។ ទន្ទឹមនឹងនោះ សហភាពអឺរ៉ុបកំពុងស្វែងរកមធ្យោបាយក្នុងការទាញយកប្រាក់ចំណេញពីមូលនិធិទាំងនោះដោយស្របច្បាប់ ប៉ុន្តែទីក្រុងមូស្គូបានព្រមានថា ទង្វើបែបនេះអាចនឹងជាការលួច។

មន្ត្រីរុស្ស៊ីបានប្រឆាំងយ៉ាងខ្លាំងចំពោះការរឹបអូសទ្រព្យសម្បត្តិរដ្ឋ និងឯកជនរបស់រុស្ស៊ី ដោយសារវាផ្ទុយនឹងគោលការណ៍នៃទីផ្សារសេរី។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Anton Siluanov លើកឡើងថា ទ្រព្យសកម្មរបស់វិនិយោគិនបរទេសនៅក្នុងគណនីប្រភេទ C ពិសេសនៅក្នុងប្រទេសរុស្ស៊ី អាចប្រឈមនឹងជោគវាសនាស្រដៀងគ្នាប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបានរឹបអូស។ ទ្រព្យសម្បត្តិទាំងអស់ដែលត្រូវបានបង្កកនៅមានចំនួនមិនច្បាស់លាស់ ប៉ុន្តែវាមានចំនួនមិនតិចទេ។ យ៉ាងណាមិញ ក្រុមមន្ត្រីបានគិតបញ្ចូលវាជាមួយនឹងប្រាក់បម្រុងរបស់រុស្ស៊ីដែលជាប់គាំងជាង ៣០០ ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា រុស្ស៊ីជំទាស់នឹងការរឹបអូសណាមួយនៅក្នុងតុលាការ ដោយសារការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដោយបណ្តាប្រទេសលោកខាងលិចនឹងខុសច្បាប់ និងគ្រោះថ្នាក់ខ្លាំងសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងសេដ្ឋកិច្ចពិភពលោក។ ទង្វើបែបនេះអាចចាត់ទុកថាជាការលួច។

យោងតាមការប៉ាន់ប្រមាណដែលអាចជឿជាក់បានថា ទុនបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ីបានធ្លាក់ចុះ ៨,៤ ភាគរយក្នុងឆ្នាំ២០២២ បន្ទាប់ពីទ្រព្យសម្បត្តិត្រូវបានបង្កកនៅក្នុងប្រទេស G7 សហភាពអឺរ៉ុប និងអូស្ត្រាលី។ បន្ថែមពីនេះ ប្រាក់បំរុងរបស់រុស្ស៊ីចំនួន ២១០ ពាន់លានអឺរ៉ូ (២៣២ ពាន់លានដុល្លារ) ត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុប ដោយគេជឿថាមានចំនួន ១៩១ ពាន់លានអឺរ៉ូនៅបែលហ្ស៊ិក ១៩ ពាន់លាននៅបារាំង និង ៧,៨ ពាន់លានអឺរ៉ូនៅស្វីសដែលមិនមែនជាសមាជិក EU។ លើសពីនេះ អាមេរិកបានបង្កកទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីប្រមាណ ៥ ពាន់លានដុល្លារ។
មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបមានបំណងប្រើប្រាស់ប្រាក់ចំនួន ១៥ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនពីប្រាក់ចំណូលនៅក្នុងទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដោយពឹងផ្អែកលើការយល់ព្រមជាឯកច្ឆ័ន្ទពីរដ្ឋសមាជិកទាំងអស់។ កាលពីខែកក្កដា Euroclear របស់សហភាពអឺរ៉ុបដែលមានមូលដ្ឋាននៅបែលហ្ស៊ិក បានបង្ហាញថាក្នុងចំណោម ២,២៨ ពាន់លានអឺរ៉ូដែលខ្លួនរកបានក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ខ្លួនទទួលបានប្រាក់ចំណេញច្រើនជាង ១,៧ ពាន់លានអឺរ៉ូពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក។ គេប៉ាន់ប្រមាណថា Euroclear កាន់កាប់មូលនីធិរុស្ស៊ី ១៩៦,៦ ពាន់លានអឺរ៉ូដែលភាគច្រើនជាកម្មសិទ្ធិរបស់ធនាគារនៃប្រទេសរុស្ស៊ី។ លើសពីនោះ ទ្រព្យសម្បត្តរបស់អ្នកវិនិយោគឯកជនរុស្ស៊ីប្រហែល ៥ លាននាក់ត្រូវបានបង្កកនៅក្នុងគណនីរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ តម្លៃនៃមូលបត្ររបស់អ្នកវិនិយោគឯកជនដែលត្រូវបានបង្កកមានចំនួនសរុប ៣,៤ ពាន់លានដុល្លារគិតត្រឹមខែកក្កដាឆ្នាំមុន។

ស្របពេលនោះដែរ ប្រទេសលោកខាងលិចបានគិតគូរអស់ជាច្រើនខែអំពីរបៀបដែលប្រើប្រាស់មូលនិធិទាំងនោះ និងការបរិច្ចាគទៅទីក្រុងគៀវ បើទោះបីជាមានការព្រមានជាច្រើនថាវិធានការបែបនេះអាចប៉ះពាល់ដល់សុវត្ថិភាពប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយប័ណ្ណរបស់លោកខាងលិចក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកបង្កើតគោលនយោបាយរបស់សហភាពអឺរ៉ុបកំពុងពិភាក្សាអំពីការដាក់ពន្ធលើប្រាក់ចំណេញដែលបង្កើតបានពីមូលនិធិបង្កក ហើយគេប៉ាន់ស្មានថា វិធានការនេះនឹងបង្កើតប្រាក់ចំណេញប្រហែល ៣ ពាន់លានអឺរ៉ូ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បង្ហើបថា មេដឹកនាំ G7 អាចនឹងពិភាក្សាអំពីផែនការមួយក្នុងការរឹបអូសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី នៅពេលដែលពួកគេជួបគ្នាក្នុងខែកុម្ភៈខាងមុខនេះ។
ទោះជាយ៉ាងណាក្តី រដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនបានប្រឆាំងនឹងគំនិតនៃការប្រើប្រាស់មូលនិធិរុស្ស៊ីដែលបង្កក។ បារាំង អាឡឺម៉ង់ និងអ៊ីតាលី នៅតែបង្ហាញពីភាពប្រយ័ត្នប្រយែងបំផុតអំពីគំនិតនេះ ហើយមន្ត្រីសហភាពអឺរ៉ុបមួយចំនួនមានភាពភ័យខ្លាចចំពោះការសងសឹកពីទីក្រុងម៉ូស្គូដែលអាចកើតមាន ប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបានរឹបអូស។ លើសពីនេះ ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) ក៏បានព្រមានប្រឆាំងនឹងវិធានការនេះផងដែរ ដោយទទូចថាការប្រើប្រាស់មូលនិធិអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រាក់អឺរ៉ូ៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content