បរទេស៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា ធនាគារកណ្តាលរបស់ចិនបានកាត់បន្ថយអត្រាការប្រាក់សម្រាប់ការផ្តល់ប្រាក់កម្ចីដល់ស្ថាប័នហិរញ្ញវត្ថុជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ ខណៈដែលទីក្រុងប៉េកាំងបានព្យាយាមជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ធនាគារកណ្តាលចិន (PBOC) បានកាត់បន្ថយអត្រាការប្រាក់លើការផ្តល់កម្ចីដល់ស្ថាប័នហិរញ្ញវត្ថុរយៈពេលមធ្យមមួយឆ្នាំ (MLF) ពី ២,៥ ភាគរយមកត្រឹម ២,៣ ភាគរយ ដោយធនាគារនឹងបញ្ចេញប្រាក់កម្ចីចំនួន ២០០ ពាន់លានយ័ន (២៧,៥ ពាន់លានដុល្លារ) ។ ទន្ទឹមនឹងនេះ វាគឺជាគោលនយោបាយរូបិយវត្ថុលើកទី២របស់ចិនក្នុងរយៈពេលមិនដល់មួយសប្តាហ៍ ខណៈដែលអត្រាការប្រាក់ជាច្រើនត្រូវបានកាត់បន្ថយកាលពីថ្ងៃចន្ទកន្លងទៅនេះ រួមមាន អត្រាការប្រាក់ Reverse Repo រយៈពេល ៧ ថ្ងៃ ដែលត្រូវបានកាត់បន្ថយពី ១,៨ ភាគរយមកត្រឹម ១,៧ ភាគរយ ដើម្បីបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ច។ កាលពីខែមុន លោក Pan Gongsheng អភិបាលធនាគារកណ្តាលចិនបានផ្តល់យោបល់ថា Reverse Repo ដើរតួយ៉ាងសំខាន់នៅក្នុងគោលនយោបាយអត្រាការប្រាក់ចម្បង។ (Reverse Repo គឺជាដំណើរការដែលធនាគារកណ្តាលទិញមូលបត្រពីធនាគារពាណិជ្ជតាមរយៈការដេញថ្លៃ ជាមួយនឹងកិច្ចព្រមព្រៀងមួយដើម្បីលក់វាមកវិញនៅពេលអនាគត)។
កាលពីថ្ងៃចន្ទកន្លងទៅនេះ លោក Lynn Song ប្រធានសេដ្ឋវិទូមកពី ING បានលើកឡើងថា គោលនយោបាយអត្រាការប្រាក់ចម្បងនឹងបង្ហាញពីស្ថានភាពថ្មី ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះអត្រាដូចជា MLF ឆាប់ៗនេះដែរ។ យ៉ាងណាមិញ វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែល PBOC បានកាត់បន្ថយអត្រាសម្រាប់ផ្តល់កម្ចីដល់ស្ថាប័នហិរញ្ញវត្ថុ (MLF) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈដែលគេរំពឹងថា MLF នឹងត្រូវបានកាត់បន្ថយនៅខែក្រោយ។
សកម្មភាពរូបិយវត្ថុនេះបានកើតឡើងប៉ុន្មានថ្ងៃនេះបន្ទាប់ពីមេដឹកនាំបក្សកុម្មុយនិស្តចិនបានបញ្ចប់កិច្ចប្រជុំគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់ ឬ កិច្ចប្រជុំពេញអង្គលើកទី៣ ដែលបានបង្កើតប្លង់មេសម្រាប់កំណែទម្រង់ស៊ីជម្រៅ។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរភ្លាមៗដ៏គួរឲ្យភ្ញាក់ផ្អើលនាពេលចុងក្រោយនេះ ហាក់ដូចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការជំរុញសកម្មភាពអាជីវកម្មក្នុងស្រុកដែលជាតម្រូវការរបស់ពលរដ្ឋចិន។ លើសពីនេះ គោលបំណងនេះគឺដើម្បីជួយសង្គ្រោះទីផ្សារអចលនទ្រព្យដែលកំពុងធ្លាក់ចុះធ្ងន់ធ្ងរដោយការទិញផ្ទះដែលមិនទាន់សាងសង់រួចរាល់ និងកាត់បន្ថយអត្រាការប្រាក់បញ្ចាំ។

អ្នកវិភាគជាច្រើនរំពឹងថា ជាលទ្ធផលនៃការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅសប្តាហ៍នេះ គួរតែជាសញ្ញាវិជ្ជមាន ខណៈដែលចិនប្រឈមមុខបញ្ហាជាច្រើននៅឆមាសទីពីរនៃឆ្នាំនេះនៅលើផ្លូវឆ្ពោះទៅរកគោលដៅកំណើនប្រចាំឆ្នាំ ៥ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះរបស់ចិនក៏បានបន្ធូរបន្ថយសម្ពាធលើប្រាក់យ័នធៀបនឹងប្រាក់ដុល្លារអាមេរិកផងដែរ ខណៈដែលមានការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។ យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចបានលើកឡើងពីក្ដីព្រួយបារម្ភមួយសម្រាប់ PBOC ក្នុងការកាត់បន្ថយអត្រាការប្រាក់ គឺវាអាចនឹងពង្រីកគម្លាតជាមួយនឹងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ហើយអាចនឹងធ្វើឱ្យប្រាក់យ័នធ្លាក់ចុះបន្ថែមទៀត។
នៅថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍ដដែលនេះ ធនាគាររដ្ឋធំៗចំនួន ៥ របស់ចិនបានទម្លាក់អត្រាការប្រាក់បញ្ញើ ដោយធ្វើតាមការណែនាំរបស់ធនាគារកណ្តាល។ ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) បានកាត់បន្ថយអត្រាប្រាក់បញ្ញើរយៈពេលមួយឆ្នាំពី ១,៤៥ ភាគរយមកត្រឹម ១,៣៥ ភាគរយ ខណៈដែលអត្រាប្រាក់បញ្ញើរយៈពេលប្រាំឆ្នាំត្រូវបានកាត់បន្ថយពី ២ ភាគរយមកត្រឹម ១,៨ ភាគរយ។ បន្ថែមពីនេះ ធនាគារផ្សេងៗទៀតដូចជា China Construction Bank, Agricultural Bank of China, Bank of China, និង Bank of Communication ក៏បានទម្លាក់អត្រាប្រាក់បញ្ញើដូចគ្នាផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content