បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump គំរាមដាក់ពន្ធ ១០០% លើការនាំចូលពីរុស្ស៊ី ប្រសិនបើមិនព្រមបញ្ចប់សង្រ្គាមជាមួយនឹងអ៊ុយក្រែនក្នុងរយៈពេល ៥០ ថ្ងៃ។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងថា លោកមិនសប្បាយចិត្តជាខ្លាំងជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយសារលោកអស់ការអត់ធ្មត់ជាមួយនឹងការបដិសេធរបស់មេដឹកនាំរុស្ស៊ីក្នុងការបញ្ចប់សង្គ្រាមជាមួយនឹងអ៊ុយក្រែន។
Trump បានលើកឡើងថា ៖
«ពួកយើងនឹងដំឡើងពន្ធធ្ងន់ធ្ងរដល់ទៅ ១០០% ប្រសិនបើយើងមិនមានកិច្ចព្រមព្រៀងក្នុងរយៈពេល ៥០ ថ្ងៃ។ ប្រសិនបើអាម៉េរិកដំឡើងពន្ធលើការនាំចូលពីរុស្ស៊ីពិតមែន សមត្ថភាពរបស់ទីក្រុងម៉ូស្គូនឹងកាន់តែចុះខ្សោយ ដោយសារប្រទេសនេះកំពុងរងទណ្ឌកម្មពីលោកខាងលិចរួចទៅហើយ»។

ទន្ទឹមនឹងនេះ Trump បានសំណេះសំណាលជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ជាមួយនឹងការបង្ហាញពីកិច្ចព្រមព្រៀងមួយដែលសម្ព័ន្ធយោធាណាតូនឹងទិញអាវុធរាប់ពាន់លានដុល្លារពីសហរដ្ឋអាម៉េរិក រួមទាំងប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ហើយបន្ទាប់មកបញ្ជូនទៅឲ្យអ៊ុយក្រែន។ លើសពីនេះ អាល្លឺម៉ង់ កាណាដា ដាណឺម៉ាក ហ្វាំងឡង់ ហូឡង់ ន័រវេស ស៊ុយអែត និងអង់គ្លេស ក៏ស្ថិតក្នុងចំណោមអ្នកទិញសម្រាប់ជួយអ៊ុយក្រែនផងដែរ។
លោក Rutte បាននិយាយថា ៖
«ប្រសិនបើខ្ញុំជា Vladimir Putin ដែលបានដឹងឮពីរឿងនេះ ខ្ញុំនឹងពិចារណាឡើងវិញក្នុងការធ្វើកិច្ចចរចាអំពីអ៊ុយក្រែនឱ្យបានកាន់តែច្បាស់ជាងនេះ»។
យ៉ាងណាមិញ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Kaja Kallas បានលើកឡើងថា ពេលវេលាកំណត់ការដាក់ទណ្ឌកម្មរបស់ Trump គឺយូរពេក ដោយសារជនស៊ីវិលស្លូតត្រង់ច្រើននាក់អាចនឹងត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃក្នុងរយៈពេល ៥០ ថ្ងៃ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content