ភ្នំពេញ ៖ ដីស្រែអំបិលនៅក្នុងខេត្តកំពត និងកែប នឹងត្រូវរៀបចំដើម្បីរក្សាទុកជាទីតាំងយុទ្ធសាស្ត្រសម្រាប់ជាតិរយៈពេលយូរអង្វែង ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំផែនការនៃការប្រើប្រាស់ដីនៅទីតាំងនោះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យពលរដ្ឋក្នុងតំបន់នោះទទួលបានប្រាក់ចំណូលបន្ថែម ។
នៅក្នុងកិច្ចប្រជុំប្រមូលធាតុចូល និងរកដំណោះស្រាយករណីដីស្រែអំបិលនៅខេត្តកំពត និងកែប កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកថា ករណីដីស្រែអំបិលនៅខេត្តកំពត និងខេត្តកែប ជាករណីសំខាន់មួយដែលត្រូវរៀបចំផែនការនៃការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ដើម្បីរក្សាទុកស្រែអំបិលនៅខេត្តកំពត និងខេត្តកែប ជាកន្លែងយុទ្ធសាស្ត្រសម្រាប់ជាតិក្នុងរយៈពេលយូរអង្វែង និងអាចពិនិត្យលទ្ធភាពកែច្នៃបន្ថែមជាហាងកាហ្វេ ឬកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត ដើម្បីឱ្យប្រជាពលរដ្ឋក្នុងតំបន់នេះទទួលបានប្រាក់ចំណូលបន្ថែមទៀត ។

ឯកឧត្តមបន្តថា កិច្ចការអាទិភាពរបស់ក្រសួងក្នុងការចុះបញ្ជីដីធ្លីបង្ហើយទូទាំងប្រទេសគឺជិតបញ្ចប់រួចរាល់ជាស្ថាពរហើយ ដោយនៅសល់ត្រឹមតែប្រមាណ ១០ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ហើយចាប់ពីពេលនេះតទៅមុខ ក្បាលដីនៅទូទាំងប្រទេសអាចនឹងមានចំនួនសរុបប្រមាណជា ១៣លាន ៥០ម៉ឺនក្បាលដី។ ដោយឡែកបញ្ហាជម្លោះដីធ្លីក៏ដោះស្រាយបញ្ចប់ជិតរួចរាល់សព្វគ្រប់ផងដែរ គឺនៅសល់តែករណីធំៗមួយចំនួនដែលត្រូវការពេលវេលាបន្ថែមទៀតក្នុងការដោះស្រាយ។
ឯកឧត្តម បានគូសបញ្ជាក់ថា ៖
«កំពត គួរតែជាខេត្តដែលផ្ដល់នូវអំបិលគ្រប់គ្រាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយការផលិតអំបិលត្រូវតែធ្វើក្នុងតម្លៃដើមសូន្យ ។ អំបិលជាប្រភេទទំនិញយុទ្ធសាស្ត្ររបស់ជាតិ ហើយការផលិតអំបិលជាឧស្សាហកម្មមួយដែលយើងត្រូវចូលរួមលះបង់ដើម្បីជាតិ ពីព្រោះទាមទារឱ្យមានតម្លៃដើមផលិតទាបបំផុត ងាយស្រួលសម្រាប់ការផ្គត់ផ្គង់នៅក្នុងប្រទេស, ជួយដល់កសិករ, ងាយស្រួលសម្រាប់ការប្រកួតប្រជែងទីផ្សារ និងកសាងសេដ្ឋកិច្ចជាតិ»។
ឯកឧត្តមបន្ថែមថា ៖
«គួរតែដល់ពេលវេលាហើយដែលយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន រៀនរស់ដោយខ្លួនឯងដើម្បីជំរុញខឿនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យមានការចូលរួមមតិយោបល់ពីអង្គប្រជុំបន្ថែមទៀត ដើម្បីរៀបរៀងជាគោលនយោបាយ និងលក្ខខណ្ឌនៃការប្រើប្រាស់ដីស្រែអំបិលនេះឱ្យបានត្រឹមត្រូវក្នុងគោលដៅរក្សាទុកឱ្យបានគង់វង្ស និងបញ្ជូនបន្តស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល ។

គួររម្លឹកថា ក្នុងប្រទេសកម្ពុជា ទីតាំងផលិតអំបិលដ៏មានសក្ដានុពលគឺមានតែខេត្តកំពត និងកែបប៉ុណ្ណោះ ហើយទីតាំងនេះ ក្នុងមួយឆ្នាំៗអាចផលិតអំបិលសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅទូទាំងប្រទេស ។ ដោយឡែកទិន្នផលអំបិលប្រចាំឆ្នាំ ក៏អាស្រ័យទៅលើអាកាសធាតុ បើឆ្នាំណាអាកាសធាតុក្ដៅ និងអូសបន្លាយយូរវាក៏អំណោយផលសម្រាប់ការផលិតអំបិល តែបើសិនជាឆ្នាំណាមានភ្លៀងធ្លាក់ច្រើនទិន្នផលអំបិលក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ ។ ដូច្នេះការរក្សាទុកទីតាំងស្រែអំបិលក្នុងខេត្តកំពត និងកែប គឺជាការរក្សានូវការផលិតអំបិលសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងប្រទេស និងអាចនាំចេញទៅក្រៅប្រទេសផងដែរ ៕








វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content