ភ្នំពេញ ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានចែករំលែកអំពីការគាំទ្រភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន (PPP) និងសមិទ្ធផលសំខាន់ៗក្នុងការអភិវឌ្ឍជំនាញដែលត្រូវនឹងតម្រូវការទីផ្សារ នៅក្នុងកម្មវិធី “ការអភិវឌ្ឍជំនាញជាក់ស្តែង និងការត្រៀមកម្លាំងពលកម្មជំនាញ ឆ្នាំ២០២៥“។

លោក គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សា “ការអនុវត្តដ៏មានប្រសិទ្ធភាព និងយន្តការហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត គាំទ្រដល់ការអភិវឌ្ឍជំនាញ និងការជំរុញភាពជាដៃគូ រវាងវិស័យរដ្ឋ និងឯកជន” ក្នុងកម្មវិធី “ការអភិវឌ្ឍជំនាញជាក់ស្តែង និងការត្រៀមកម្លាំងពលកម្មជំនាញ ឆ្នាំ២០២៥” ដែលបានរៀបចំដោយសហភាពអឺរ៉ុប (EU) ក្រោមកិច្ចសហការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MoLVT), ASEAN Sustainable Connectivity Package – Higher Education Programme (SCOPE-HE), និង Global Gateway។ គូសបញ្ជាក់ផងដែរថា EU បានសហការជាមួយ Global Gateway ក្នុងការរៀបចំកម្មវិធីនេះឡើយ ដោយកម្មវិធីលើកទី១ បានរៀបចំឡើងនៅប្រទេសថៃ ហើយនេះជាកម្មវិធីលើកទី២ ដែលបានរៀបចំឡើងក្នុង ព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួម ពីតំណាងសភាអឺរ៉ុប និងមានតំណាងសមាជិកអាស៊ាន ទាំង ១០ប្រទេស ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ផ្ដោតសំខាន់លើការស្វែងរកដំណោះស្រាយ កែលម្អ និងចូលរួមពង្រឹងសមត្ថភាពការងារ តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ជាពិសេសសម្រាប់អ្នកដែលស្ថិតនៅក្នុងជំនាញបៃតង (Green Skill) និងជំនាញឌីជីថល (Digital Skill) ព្រមទាំងចូលរួម ពង្រឹងកិច្ចសហការរវាងវិស័យរដ្ឋ-ឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីធានាថា កម្លាំងពលកម្មមានចំណេះជំនាញច្បាស់លាស់ត្រូវនឹងតម្រូវការទីផ្សារការងារ។ ហើយកម្មវិធីនេះ ក៏បានផ្តោតសំខាន់លើកិច្ចពិភាក្សា និងការស្វែងរកមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានា ក្នុងគម្រោង SCOPE-HE ផងដែរ។

ក្នុងកិច្ចពិភាក្សាខាងលើ លោកនាយកប្រតិបត្តិ SDF បានបង្ហាញពីកម្មវិធីគាំទ្ររបស់ SDF, និងយន្ដហិរញ្ញប្បទានប្រកបដោយ ភាពច្នៃប្រឌិតរបស់ SDF ដែលបានជួយបំពេញបន្ថែមលើតម្រូវការជាក់ស្ដែង នៃការអភិវឌ្ឍជំនាញក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ បន្ថែមពីលើការគាំទ្ររបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។ ដែលយន្ដការនេះ បាន និងកំពុងអនុវត្តនៅក្នុងប្រទេសចំនួន៣ ដែលជាសមាជិកអាស៊ាន ផងដែរ គឺប្រទេសសិង្ហបុរី, ម៉ាឡេស៊ី, និងកម្ពុជា ដែល SDF ជាអ្នកអនុវត្តផ្ទាល់។ លោក ក៏បានបង្ហាញពី សមិទ្ធផលសំខាន់ៗ ដែល SDF សម្រេចបាននាឆ្នាំកន្លងមក ជាពិសេសគឺការជំរុញភាពជាដៃគូ រវាងរដ្ឋ-ឯកជន និងគ្រឹះស្ថាន TVET ក្នុងការរួមគ្នាអភិវឌ្ឍធនធានមនុស្សឱ្យត្រូវនឹងតម្រូវការទីផ្សារទាំងពេលបច្ចុប្បន្ន និងអនាគត។ បន្ថែមពីនេះ ការណែនាំពីកម្មវិធីថ្មីៗដែលទើបនឹងដាក់បញ្ចូល និងការគាំទ្រផ្សេងៗរបស់ SDF លើសពីជំនួយហិរញ្ញវត្ថុ ក៏ត្រូវបានគូសរំលេចក្នុងកិច្ចពិភាក្សាររបស់ លោកនាយកប្រតិបត្តិ SDF ផងដែរ។

លោកបានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការអភិវឌ្ឍជំនាញជូនកម្មករ និយោជិត និងនិយោជក របស់វិស័យឯកជន ដែលត្រូវនឹងតម្រូវការទីផ្សារ សុទ្ធតែជាការចូលរួមវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួង ស្ថាប័នពាក់ព័ន្ធ និង SDF ព្រមទាំងការចូលរួមដោយស្ម័គ្រចិត្តពីវិស័យឯកជន សហការគ្នាពង្រឹង និងពង្រីកមូលធនមនុស្ស ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន (PPP)។ ជាក់ស្តែង គិតត្រឹម ខែកញ្ញា ឆ្នាំ២០២៥ នេះ SDF បានជំរុញភាពជាដៃគូវាងវិស័យរដ្ឋ និងឯកជនយ៉ាងសកម្ម ក្នុងនោះមានក្រុមហ៊ុន និងរោងចក្រ-សហគ្រាសគ្រប់កម្រិត ចំនួន ៤៤៨, គ្រឹះស្ថានបណ្ដុះបណ្ដាលទាំងរដ្ឋ ឯកជន និងអង្គការ ចំនួន ៦២, និងសមាគមធុរកិច្ចចំនួន ២៣ បាន និងកំពុងសហការគ្នា ចូលរួមជាមួយបេសកកម្មរបស់ SDF ក្នុងការបង្កើនការអភិវឌ្ឍជំនាញនៅកម្ពុជា ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបគ្រប់គ្រាន់ និងទាន់ពេលវេលាតាមតម្រូវការទីផ្សារការងារ ដើម្បីរួមគ្នាប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content