ប៉េកាំង៖ សេដ្ឋវិទូបានព្យាករណ៍ថា រដ្ឋាភិបាល ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ។
សារព័ត៌មាន China Daily បានចេញផ្សាយថា ការពង្រឹងសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុកគឺជាកិច្ចការដ៏សំខាន់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយបានគូសបញ្ជាក់ពីតម្រូវការក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនខ្ទង់ចំណាយរបស់អ្នកប្រើប្រាស់ ក៏ដូចជាការវិនិយោគទាំងទ្រព្យសកម្មរូបវន្ត ព្រមទាំងធនធានមនុស្ស ដើម្បីពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាព។
ក្រុមអ្នកវិភាគបានលើកឡើងថា ចិន មានគោលបំណងជំរុញការប្រើប្រាស់ក្នុងស្រុកឲ្យក្លាយជាកត្តាសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចដែលខ្លួនបានកំណត់ពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦នេះ ខណៈដែលខ្លួនគឺជាដៃគូពាណិជ្ជកម្មដ៏បំផុតសម្រាប់សមាជិកអាស៊ាន ។
លោក Joaquin Sy សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមហ្វីលីពីន-ចិន បានលើកឡើងថា ភាពរឹងមាំ និងភាពរីកចម្រើនរបស់ចិនអាចផ្តល់ផលប្រយោជន៍ដល់តំបន់ទាំងមូល។ លើសពីការជំរុញពាណិជ្ជកម្មក្នុងតំបន់ ផ្នែកការទូតជាមួយអាស៊ាននឹងនៅតែជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ចិន ដែលឆ្លុះបញ្ចាំងពីការបន្តគាំទ្ររបស់ចិនដល់អាស៊ាន និងក្របខ័ណ្ឌពហុភាគី ដូចជា យន្តការសហប្រតិបត្តិការ មេគង្គ -ឡានឆាង និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់-ផ្លូវជាដើម។
លោក Yangchoon Kwak សាស្ត្រាចារ្យសេដ្ឋកិច្ចជាន់ខ្ពស់នៃសាកលវិទ្យាល័យ Rikkyo ក្នុងទីក្រុងតូក្យូ បានលើកឡើងថា ចិន ប្រៀបបានជាសរសៃឈាមនៃបណ្តាញផលិតកម្មរបស់អាស៊ីបូព៌ា ។ ជាមួយគ្នានេះ ស្របពេលដែលចិនពង្រីកតម្រូវការក្នុងស្រុក តម្រូវការសម្រាប់ទំនិញមូលធន និងផលិតផលកម្រិតមធ្យម នោះការនាំចូលពីជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ានទំនងជានឹងកើនឡើង ហើយអាចជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ការបន្តពង្រីកទីផ្សាររបស់ចិនក៏ជាកត្តាជំរុញដ៏សំខាន់មួយដែលជួយដល់ការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្ម រួមទាំងការវិនិយោគនៅលើពិភពលោកផងដែរ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content