ប្រធានាធិបតីរបស់ប្រទេសបារាំង លោក Emmanuel Macron បានប្រកាសជាផ្លូវការនូវកញ្ចប់ថវិកាសន្យាវិនិយោគពីបរទេសរហូតដល់ ១០៨ ពាន់លានដុល្លារ។ តួលេខនេះ កើនលើសពីទំហំទឹកប្រាក់វិនិយោគសរុបបញ្ចូលគ្នាក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ដែលប្រមូលបានត្រឹមតែ ១០១ ពាន់លានដុល្លារប៉ុណ្ណោះ។
មូលហេតុចម្បងដែលទាក់ទាញលំហូរទុនដ៏មហិមានេះ គឺដោយសារតែប្រទេសបារាំង មានប្រភពថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងតម្លៃប្រកួតប្រជែង និងការបញ្ចេញកាបូនទាប ដែលសមស្របបំផុតសម្រាប់វិស័យបច្ចេកវិទ្យាជំនាន់ថ្មី។
បើតាម Euronews, ការបោះទុនដ៏ច្រើនសម្បើមនេះ បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ ក្នុងអំឡុងកិច្ចប្រជុំកំពូលធុរកិច្ចប្រចាំឆ្នាំ “Choose France” លើកទី៩ ដែលប្រារព្ធឡើងនៅវិមាន Versailles កាលពីថ្ងៃចន្ទ។
ទុនវិនិយោគបរទេសទាំងនេះ នឹងគ្របដណ្តប់លើគម្រោងធំៗចំនួន ៧១ គម្រោង ដែលផ្តោតសំខាន់លើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ ហើយគម្រោងទាំងនោះ ត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសការងារថ្មីៗប្រមាណជាង ១៥.៦០០ កន្លែងជូនដល់ប្រជាជននៅទូទាំងប្រទេសបារាំង។
បើតាមការលើកឡើងរបស់លោក Macron, ក្រៅពីវិស័យ AI និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ក៏មានការវិនិយោគលើវិស័យផលិតបន្ទះឈីប គ្រឿងអេឡិចត្រូនិក សារធាតុរ៉ែសំខាន់ៗ ដែកថែប រថយន្តដឹកទំនិញ និងវិស័យសុខាភិបាលផងដែរ។
លោកថា គម្រោងទាំងនេះ នឹងជួយធ្វើឱ្យបារាំងក្លាយជាប្រទេសឈានមុខគេ ក្នុងការធ្វើជាម្ចាស់ផ្ទះមជ្ឈមណ្ឌលទិន្នន័យនៅអឺរ៉ុប ក៏ដូចជាមជ្ឈមណ្ឌលនាំមុខគេ សម្រាប់ការផលិតមនុស្សយន្ត AI និងឧស្សាហូបនីយកម្មតាមរយៈ AI។
កិច្ចប្រជុំកំពូលធុរកិច្ចប្រចាំឆ្នាំ “Choose France” លើកទី៩ ឆ្នាំនេះ មានការចូលរួមពីនាយកប្រតិបត្តិប្រហែល ២០០ នាក់មកពីជុំវិញពិភពលោក៕
ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content