ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៧ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលត្រូវបានសាងសង់ឡើងវិញពី ២គន្លង ទៅ ៤គន្លង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវជាតិមួយនេះនឹងផ្ដល់អត្រាចំណេញផ្នែកសេដ្ឋកិច្ចរហូតដល់ ១៥,២៧ភាគរយ ។
ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវជាតិលេខ៧ ពី រង្វង់មូលស្គន់ទៅក្រុងកំពង់ចាម ត្រូវបានប្រើប្រាស់ថវិកាកម្ចីរបស់ប្រទេសចិន និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរដ្ឋាភិបាលវិនិយោគសម្រាប់បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ហើយតាមរយៈគម្រោងសាងសង់ផ្លូវជាតិមួយនេះ វានឹងផ្ដល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ចរហូតដល់ ១៥,២៧ភាគរយ ។
សម្ដេចមានប្រសាសន៍ថា ផលចំណេញដល់សេដ្ឋកិច្ច ១៥,២៧ ភាគរយនេះ គឺចំណេញដល់ការដឹកជញ្ជូន និងការធ្វើដំណើរ ដែលមានន័យថា ពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនប្រើពេលវេលាខ្លីជាងមុន ជាក់ស្ដែង កាលមុនពេលផ្លូវជាតិលេខ៧ ពីស្គន់ទៅកំពង់ចាម មិនទាន់សង់រួច អាចប្រើពេលជាង ១ម៉ោង តែក្រោយពេលផ្លូវនេះសាងសង់រួច ការធ្វើដំណើរអាចកាត់មកនៅត្រឹមតែកន្លះម៉ោងដែលអាចចំណេញពេលវេលាបានជាងពាក់កណ្ដាល ។

សម្ដេចបានបន្ថែមថា ក្រៅពីការធ្វើដំណើរបានស្រួល និងលឿនរហ័សជាងមុន តំបន់នៅចន្លោះស្គន់ និងក្រុងកំពង់ចាម ក៏អាចទាក់ទាញនូវការវិនិយោគដូចជា វិនិយោគលើវិស័យឧស្សាហកម្ម សាងសង់រោងចក្រផលិតនូវទំនិញនានា ក៏ដូចជាបើកអាជីវកម្មជាភោជនីយដ្ឋានផ្សេងៗផងដែរ ។
អ្នកស្រី ក្រី ម៉ាយ៉ាន ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា តំបន់នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាម មានការទាក់ទាញការវិនិយោគតាំងពីគម្រោងផ្លូវនេះចាប់ផ្ដើមបើកការដ្ឋានម្ល៉េះ ប៉ុន្តែការទិញលក់ដីធ្លីនៅតាមបណ្ដោយផ្លូវនេះ មិនមានទ្រង់ទ្រាយធំៗទេ គឺទិញលក្ខណៈខ្នាតតូចៗ ដែលអាចទុកសម្រាប់បើកអាជីវកម្មជាហាងកាហ្វេ ឬអាហារដ្ឋាន ។
អ្នកស្រីបន្តថា ៖
«នៅក្នុងខេត្តកំពង់ចាមទាំងមូល តំបន់ដែលមានការចាប់អារម្មណ៍ខ្លាំងនោះ គឺតំបន់ជុំវិញផ្សារស្គន់ ពីព្រោះស្គន់ជាចំណុចកណ្ដាល ហើយមានពលរដ្ឋឆ្លងកាត់ច្រើន ដែលធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគទាំងសេវាកម្ម ឧស្សាហកម្ម និងលំនៅឋាន»។
អ្នកស្រី ម៉ាយ៉ាន បានបន្ថែមថា តាមការកត់សម្គាល់ ការទិញលក់ដីធ្លីនៅតំបន់ជុំវិញផ្សារស្គន់ ទាំងដីឡូត៍ និងដីឧស្សាហកម្ម មានសកម្មភាពមមាញឹក និងមានទីផ្សារជាងតំបន់ផ្សេងៗទៀតក្នុងចំណោមតំបន់ក្នុងខេត្តកំពង់ចាម ហើយនៅពេលគម្រោងសង់ផ្លូវជាតិលេខ៧ សម្ពោធឱ្យប្រើប្រាស់ទៀត អ្នកស្រីរំពឹងថា នៅតំបន់ជុំវិញផ្សារស្គន់ នឹងមានការចាប់អារម្មណ៍ខ្លាំងបន្ថែមទៀតពីសំណាក់ប្រជាពលរដ្ឋ និងវិនិយោគិន ។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ទៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែងជាង ៤៥គីឡូម៉ែត្រ ដោយបានចំណាយថវិកាប្រមាណ ១១៧លានដុល្លារអាម៉េរិក ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content