ភ្នំពេញ៖ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) បញ្ហាប្រឈមក្នុងអាជីវកម្មកាន់តែមានភាពស្មុគស្មាញ និងពិបាកក្នុងការប៉ាន់ស្មានទុកជាមុន។ វិធីសាស្ត្របែបប្រពៃណីក្នុងការគ្រប់គ្រងអាជីវកម្មលែងមានលក្ខណៈគ្រប់គ្រាន់ដើម្បីរក្សាភាពប្រកួតប្រជែង និងនិរន្តរភាពទៀតហើយ។
នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនតូច និងមធ្យមជាច្រើននៅតែបន្តជួបប្រទះបញ្ហាប្រឈមនានា ទាក់ទងនឹងការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងប្រតិបត្តិការ ការបន្ស៊ាំខ្លួនទៅនឹងការផ្លាស់ប្តូរទីផ្សារ និងការគ្រប់គ្រងការកើនឡើងនៃខ្ទង់ចំណាយក្នុងកំឡុងពេលដែលសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់។ ទន្ទឹមនឹងនេះដែរ ភាពរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) កំពុងផ្លាស់ប្តូរទម្រង់នៃកិច្ចដំណើរការអាជីវកម្ម និងការធ្វើសេចក្តីសម្រេចចិត្ត។ ដូច្នេះ ដើម្បីធានាបាននូវនិរន្តរភាព អាជីវកម្មនានាចាំបាច់ត្រូវមានសមត្ថភាពខ្លាំងជាងមុនក្នុងការវាយតម្លៃលើលទ្ធផលការងារអាជីវកម្ម ការស្វែងរកឫសគល់នៃបញ្ហា ការគ្រប់គ្រងហានិភ័យ និងការលើកកម្ពស់ការធ្វើសេចក្តីសម្រេចចិត្ត។
ដោយមើលឃើញពីតម្រូវការទាំងនេះ កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម (BDS Mastery Program) ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល (Mentors) និងអ្នកផ្តល់សេវាកម្មដល់ SMEs នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះផ្តោតសំខាន់លើជំនាញវិនិច្ឆ័យអាជីវកម្មជាក់ស្តែង ការអនុវត្តការងារប្រឹក្សាយោបល់ផ្ទាល់ជាមួយ SMEs និងការគិតបែបយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់កំណើន និងនិរន្តរភាពរបស់ SMEs ឱ្យកាន់តែប្រសើរឡើង។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានប្រារព្ធកម្មវិធី «ជំនាញផ្តល់សេវាអភិវឌ្ឍន៍អាជីវកម្ម ជំនាន់ទី៣» ក្រោមប្រធានបទ «ការកសាងសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរឹងមាំ តាមរយៈសេវាអភិវឌ្ឍន៍អាជីវកម្ម ដើម្បីកំណើនប្រកបដោយចីរភាព» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមជ្ឈមណ្ឌល តំណាងដៃគូពាក់ព័ន្ធ គ្រូបណ្តុះបណ្ដាល និងម្ចាស់អាជីវកម្មជាច្រើននាក់។

លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានថ្លែងថា ៖ ព្រឹត្តិការណ៍ «ជំនាញផ្តល់សេវាអភិវឌ្ឍន៍អាជីវកម្ម – ជំនាន់ទី៣នេះបាននាំម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) អ្នកជំនាញ ទីប្រឹក្សាយោបល់ និងដៃគូសហការនានាមកជួបជុំគ្នាដើម្បីផ្លាស់ប្តូរទស្សនទាននិងបទពិសោធន៍លើការអភិវឌ្ឍអាជីវកម្ម ការប្រឹក្សាយោបល់និងកំណើនប្រកបដោយចីរភាពរបស់ SMEs នៅក្នុងបរិយាកាសអាជីវកម្មដែលកំពុងផ្លាស់ប្តូរនាពេលបច្ចុប្បន្ន។
បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវវគ្គសិក្សាជំនាន់ទី២ (Cohort 2) កម្មវិធីបណ្តាញទំនាក់ទំនង និងការបើកប្រកាសកម្មវិធី (Networking and Program Launch Event)នេះមានគោលបំណងបង្កើនសមត្ថភាពដល់ម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនដែលមានបំណងអភិវឌ្ឍខ្លួន ក៏ដូចជាក្រុមហ៊ុនឱ្យរីកចម្រើន និងជួយដល់ម្ចាស់អាជីវកម្មផ្សេងទៀត។ វគ្គបណ្តុះបណ្តាល BDS Mastery Program នេះ មានបញ្ចូលជំនាញផ្នែកប្រឹក្សាយោបល់(Consultation) សម្របសម្រួល និងការបង្វឹក (Coaching) ទៅដល់ម្ចាស់អាជីវកម្មដែលជួបការលំបាកនៅក្នុងវិស័យ។
លោកបណ្ឌិតបានបន្ថែមថា៖
«កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្មមានសារៈសំខាន់ខ្លាំងក្នុងការជួយជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យរីកចម្រើន តាមរយៈសេវាកម្មប្រឹក្សាធុរកិច្ចប្រកបដោយវិជ្ជាជីវៈ។ BDS ផ្តល់ការគាំទ្រផ្នែកវិជ្ជាជីវៈដែលជួយដល់បណ្តាអាជីវកម្មនានាក្នុងការលើកកម្ពស់សមត្ថភាពការងារ ដោះស្រាយបញ្ហាប្រឈម និងសម្រេចបាននូវកំណើនប្រកបដោយចីរភាព»។
លោកបានបន្តថា ៖ អ្នកជំនាញ BDS អាចជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការវិនិច្ឆ័យបញ្ហាប្រឈមក្នុងអាជីវកម្ម និងស្វែងរកឫសគល់នៃបញ្ហា រៀបចំយុទ្ធសាស្ត្រកំណើន និងផែនការកែលម្អ លើកកម្ពស់សមត្ថភាពផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ពង្រឹងសមត្ថភាពគ្រប់គ្រង និងការធ្វើសេចក្តីសម្រេចចិត្ត។

ជំនាន់ទី១ នៃវគ្គបណ្តុះបណ្តាល BDS លោកស្រី ចាន់ ណាវី ទីប្រឹក្សាផ្នែកអាជីវកម្ម និងជានាយិកា និងស្ថាបនិកក្រុមហ៊ុន NAVYLEE CONSULTING CO.,LTD. បានឱ្យដឹងថា៖ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើសារៈសំខាន់នៃការគ្រប់គ្រងអាជីវកម្មនិងវិធីសាស្ត្រវិភាគអាជីវកម្ម ។ ជំនាញទាំងនេះ មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្មនិងអ្នកដឹកនាំក្រុមហ៊ុនដើម្បីចែករំលែកចំណេះ ជំនាញ ទៅដល់អ្នកបន្តវេន និងបុគ្គលិក ។
លោកស្រីបានបន្តថា៖គាត់ចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺចង់នាំយកចំណេះដឹងទាំងនេះមកចែករំលែក និងគាំទ្រដល់ SMEs។ ជាពិសេសគាត់បានដាក់បញ្ចូលសេវា BDS នេះ ដោយឥតគិតថ្លៃ ជូនអតិថិជនទាំងអស់របស់គាត់ ដើម្បីអោយទទួលបាននូវការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ ដែលអាចជួយគាំពារក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មអោយរីកចម្រើននិងមានអនុលោមភាពតាមច្បាប់។
លោកស្រី បានបញ្ជាក់ថា ៖
« វគ្គ BDS នេះ មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំអាជីវកម្ម ដែលពួកគាត់ត្រូវមានចំណេះដឹងជាមូលដ្ឋានគ្រឹះក្នុងការបណ្តុះបណ្តាលដល់អ្នកបន្តវេន និងត្រូវចេះវិភាគពីកិច្ចដំណើរការនិង សុខភាពអាជីវកម្មរបស់ខ្លួន»។
គួរជម្រាបថា៖កម្មវិធី «ជំនាញផ្តល់សេវាអភិវឌ្ឍន៍អាជីវកម្ម – ជំនាន់ទី៣» មានកិច្ចពិភាក្សាស្តីពីការកសាងសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរឹងមាំ តាមរយៈសេវាអភិវឌ្ឍន៍អាជីវកម្ម ដើម្បីកំណើនប្រកប ដោយ ចីរភាព» ដែលវាគ្មិនជំនាញបានចែករំលែកពីទស្សនវិស័យរបស់ទីប្រឹក្សាអាជីវកម្មស្តីពីកំណើនSME ប្រកបដោយចីរភាព និងតួនាទីរបស់អ្នកប្រឹក្សាយោបល់អាជីវកម្មក្នុងយុគសម័យAI ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content