បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ឥណ្ឌា បានប្រកាសពីគម្រោងពង្រីកផលិតកម្មបន្ទះឈីបនៅត្រឹមចុងឆ្នាំ២០២៥ ជាមួយនឹងមហិច្ឆតាចង់ក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ការច្នៃប្រឌិតបន្ទះឈីបនាពេលអនាគត។

នៅក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំរបស់ Semicon India កាលពីថ្ងៃអង្គារ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានលើកឡើងថា បន្ទះឈីបដែលត្រូវបានសាកល្បងដោយក្រុមហ៊ុន Micron និង Tata ត្រូវបានផលិតរួចហើយ។ ការផលិតបន្ទះឈីបសម្រាប់ប្រើប្រាស់ក្នុងគ្រឿងអេឡិចត្រូនិចកនឹងចាប់ផ្តើមនៅឆ្នាំនេះ។ ការនេះបានឆ្លុះបញ្ចាំងពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ឥណ្ឌានៅក្នុងវិស័យបន្ទះឈីប និងបានហៅប្រទេសរបស់គាត់ថា ជាមជ្ឈមណ្ឌលសកលសម្រាប់ការច្នៃប្រឌិតបន្ទះឈីបនាពេលអនាគត។ យ៉ាងណាក៏ដោយ ទោះបីជាដំណើររបស់ឥណ្ឌាអាចនឹងយឺត ប៉ុន្តែមិនមានអ្វីមួយដែលអាចបញ្ឈប់ពួកគេបានទេ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនសន្យាថា នឹងជំរុញការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌារហូតដល់ ១០ ទ្រីលានយ៉េន ស្មើនឹងប្រមាណ ៦៩ ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះមានកិច្ចសហប្រតិបត្តិការគ្រឿងផ្គុំឈីប និង AI ក្នុងអំឡុងពេលដែលលោក Modi ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូកាលពីសប្តាហ៍មុន។
សូមជម្រាបថា ទីផ្សារគ្រឿងផ្គុំឈីបរបស់ឥណ្ឌាបានកើនឡើងពី ៣៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដល់ ៤៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ហើយបន្តកើនឡើងដល់ ៥០ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥ ខណៈដែលរដ្ឋាភិបាលមានគោលដៅឈានឱ្យដល់ ១០០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០។

លោកនាយករដ្ឋមន្ត្រី Narendra Modi បានលើកឡើងថា ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកក៏មានអត្ថប្រយោជន៍ជាមូលធនមនុស្សផងដែរ ដែលជាការកត់សម្គាល់ថា ប្រមាណ ២០% នៃទេពកោសល្យ ក៏ដូចជាចំណេះបច្ចេកវិទ្យាសកលក្នុងការរចនាគ្រឿងផ្គុំឈីបគឺមាននៅក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ឥណ្ឌា គឺជាមហាអំណាចសេដ្ឋកិច្ចធំទី៥ និងលូតលាស់លឿនបំផុតរបស់ពិភពលោក ប៉ុន្តែថ្មីៗនេះត្រូវបានដាក់ទណ្ឌកម្មតាមរយៈការដំឡើងពន្ធដល់ ៥០% ពីប្រធានាធិបតីអាម៉េរិក Donald Trump។ យ៉ាងណាក្ដី ស្របពេលដែលតម្រូវការបន្ទះឈីបអន្តរជាតិកំពុងកើនឡើង ឥណ្ឌាបានអះអាងថា ខ្លួនកំពុងបង្កើតប្រព័ន្ធអេកូពេញលេញដែលគ្របដណ្តប់លើការរចនា ការផលិត និងការវេចខ្ចប់ឈីប ដើម្បីក្លាយជាប្រទេសដែលពឹងផ្អែកលើខ្លួនឯង និងមានសមត្ថភាពប្រកួតប្រជែងជាសកល។ លោក Modi មានភាពជឿជាក់ថា ឥណ្ឌា នាពេលបច្ចុប្បន្ននេះកំពុទទួលបានការជឿទុកចិត្តពីពិភពលោក ហើយប្រសិនបើវិស័យឈីបមានបញ្ហា គឺបណ្តាប្រទេសនានាដែលត្រូវការឈីប ពួកគេអាចពឹងផ្អែកលើឥណ្ឌាបាន៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content