សៀមរាប ៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាបខេត្តសៀមរាបរួមមានការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ (AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត បានបញ្ចប់ការសាងសង់១០០ភាគរយតាមផែនការដែលបានគ្រោងទុក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារ ដោយក្នុងនោះចំនួន៩លានដុល្លារចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោង ហើយការដ្ឋានសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ ក្រោយពិធីសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបានធ្វើឡើងចំនួន ១២ ២៩៩ តំណ ជាមួយនឹងប្រព័ន្ធលូមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយឥតគិតថ្លៃ ដើម្បីជាចំណងដៃដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប ដែលគិតរហូតមកទល់ពេលនេះការតភ្ជាប់នេះសម្រេចបានប្រមាណ៥០ភាគរយហើយ។

ដោយឡែក ការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន២០ទីតាំង ការងារដាំដើមឈើចំនួន ៣ ១២៥ ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន ៧២,៧៤ភាគរយ។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជម្រាបជូនផងដែរអំពីការតភ្ជាប់ប្រព័ន្ធលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកកាន់ប្រព័ន្ធលូមេ ហើយបង្ហូរចូលទៅប្រព័ន្ធចម្រោះទឹកកខ្វក់សាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមប្រាក់កម្ចីពីសាធារណរដ្ឋកូរ៉េ ដែលបានសាងសង់រួចក្នុងជំហានទី១ និងបច្ចុប្បន្នក្រសួងកំពុងសិក្សាជាមួយភាគីកូរ៉េបន្ថែមទៀតនៅក្នុងជំហានទី២ ដើម្បីពង្រីកសមត្ថភាពនៃការចម្រោះទឹកកខ្វក់នៅក្នុងក្រុងសៀមរាប និងលើកកម្ពស់សុខុមាលភាពសាធារណៈឱ្យកាន់តែប្រសើរឡើង។
គម្រោងផ្លូវ៣៨ខ្សែនេះអនុវត្តដោយអង្គភាពសាងសង់ចំនួនប្រាំបី រួមមាន៖ ១- កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២- កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣-កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤-អគ្គនាយកដ្ឋានសាធារណការ ៥- អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦-នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៧- នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល និងសម្រេចការងារឱ្យបានទាន់ពេលវេលា។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេស ចរបានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាល៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/03/2026
គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករកម្ពុជា
ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/03/2026
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ‘ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២’ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content