ភ្នំពេញ ៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្ដាប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (Regional Comprehensive Economic Partnership) មានទឹកប្រាក់ ៥,៨១លានដុល្លារ កើនឡើង២៣%។
របាយការណ៍ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ៥ ៨១៣លានដុល្លារ កើនឡើង២៣,៥៩ ភាគរយពីចំនួន ៤,៧ ពាន់លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។ ចំណែកបណ្តាប្រទេសសមាជិក RCEP នាំចូលមកកាន់កម្ពុជាវិញមានទឹកប្រាក់ ១៦ ០០០លានដុល្លារ ថយចុះចំនួន១៧,៣៦ ភាគរយ ពីចំនួន ១៩,៣៦ ពាន់លានដុល្លារ។

ដោយឡែកសម្រាប់ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយ RCEP ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ មានទឹកប្រាក់ចំនួន ២១ ៨១៣លានដុល្លារ ថយចុះ ៩,៣៦ ភាគរយពី ២៤,០៧ ពាន់លានដុល្លារ។
កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីរាប់រយមុខបន្ថែមទៀតសម្រាប់ការនាំចេញពីកម្ពុជា។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំលើពិភពលោក ដែលមានសមាជិកចូលរួមចំនួន១៥ ប្រទេសរួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលមានប្រជាជនសរុបប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយនៃប្រជាជនពិភពលោក។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ-កម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ AMS ថា ជាការកត់សម្គាល់ ចំពោះទំហំពាណិជ្ជកម្ម និងការនាំចេញពីកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសទៅបណ្តាប្រទេសនៃកិច្ចព្រមព្រៀង RCEP គឺមានការកើនឡើង។
បណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌRCEP បានចូលរួមចំណែកយ៉ាងច្រើនក្នុងការបើកទីផ្សារនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ ដូចជាទីផ្សារបើកថ្មី គឺទីផ្សារប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ជាដើម ។

សូមជម្រាបថា ប្រទេសដែលជាទិសដៅនាំចេញកំពូលទាំង ៣ របស់កម្ពុជានៅក្រោម RCEP រួមមាន វៀតណាម មានតម្លៃ ២,០៤ ពាន់លានដុល្លារ កើន ៣០,៦៨ភាគរយ, ចិន ១,០៦ ពាន់លានដុល្លារ កើន ១៨,២៧ ភាគរយ, និងប្រទេសជប៉ុន ៨៨៥,៧៤ លានដុល្លារ ធ្លាក់ចុះ ១,៣៣ ភាគរយ។ ចំណែកការនាំចូលពីប្រទេសសំខាន់ៗចំនួន ៣ រួមមាន ប្រទេសចិន ៨,០៤ ពាន់លានដុល្លារ កើនឡើង ១,៧៧ ភាគរយ, វៀតណាម ២,៧៣ ពាន់លានដុល្លារ ធ្លាក់ ១០,៩៩ ភាគរយ និងថៃ ២,១៧ ពាន់លានដុល្លារ ធ្លាក់ចុះ ២៧,០៥ ភាគរយ។
លោកបណ្ឌិត បានបញ្ជាក់ថា តាមរយៈ RCEP កម្ពុជានឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះ ដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារថ្មីៗ ជាពិសេស កម្ពុជាទទួលបានភាពអនុគ្រោះពន្ធលើទំនិញនាំចេញជាច្រើន ដូចជា ទំនិញកសិកម្ម កសិកម្មកែច្នៃ និងទំនិញកសិ-ឧស្សាហកម្ម ហើយផលិតផលសំខាន់ជាងគេក្នុងក្របខ័ណ្ឌ RCEP មានតែកសិផលទេដែលមានលក្ខណៈសម្បត្តិប្រកួតប្រជែងបានច្រើន និងជាទំនិញប្រកបដោយគុណភាព មានអនាម័យនៅក្នុងថ្នាក់តំបន់។

បណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា កម្ពុជាពេលនេះបានរៀបចំខ្លួនយ៉ាងល្អ ពោលគឺនៅពេលណាមានការបញ្ជាទិញពីទីផ្សារអន្តរជាតិកើនឡើង គឺកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការបញ្ជាទិញពីគ្រប់គោលដៅ ហើយឱ្យគេចងចាំថា កម្ពុជាជាប្រទេសមានកសិផលកែច្នៃបានល្អ ដើម្បីសម្គាល់អត្តសញ្ញាណប្រចាំកម្ពុជាយើង។




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content