ទីផ្សារសេរីដ៏សំបូរបែប និងការធ្វើពាណិជ្ជកម្មយ៉ាងច្រើនស្ទើរាប់មិនអស់នៅលើសកលលោកគឺជាកិច្ចការងារចាំបាច់ដែលបណ្តាប្រទេសនីមួយៗត្រូវតែចាប់យកឳកាសនេះឲ្យបានដើម្បីស្វែងរកការងារអភិវឌ្ឍប្រទេសជាតិ ជាពិសេសសេដ្ឋកិច្ចឲ្យទទួលបាននូវភាពរីកចម្រើនកាន់តែខ្លាំងឡើង។ បើទោះបីជាមានកិច្ចខិតខំរៀបចំគោលនយោបាយស៊ីជម្រៅ និងមានគុណភាពយ៉ាងណាក្តី ប៉ុន្តែបើមិនមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងទៀតបូករួមទាំងឯកជន និងប្រជាពលរដ្ឋខ្លួនឯងទេនោះ ប្រាកដណាស់ផែនការទាំងនោះនឹងមិនអាចសម្រេចទៅបានងាយៗនោះឡើយ។
ពលរដ្ឋ គឺជាធនធានមិនអាចកាត់ផ្តាច់បានទេពីកិច្ចខិតខំក្នុងការប្រកួតប្រជែងទីផ្សារ និងការប្រកួតប្រជែងពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសដទៃ ថ្វីបើពលរដ្ឋមានចំណេះដឹងអន់ថយហើយនោះ យើងនឹងមិនងាយមើលឃើញឳកាសចាប់យកប្រយោជន៍បានច្រើនជាងគេឡើយ។ ដូចនេះ ការខិតខំបណ្តុះបណ្តាលបន្ថែមទាំងពីសំណាក់រដ្ឋាភិបាលបូករួមទាំងការខិតខំប្រឹងប្រែងខ្លួនឯងផង គឺជារឿងដែលមិនគួរមើលរំលងទេសម្រាប់ពលរដ្ឋគ្រប់គ្នា។

តើពលរដ្ឋដែលចូលចិត្តស្វែងរកចំណេះដឹងបន្ថែមទាំងជំនាញ និងការយល់ដឹងពីពិភពលោកនឹងអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិបានកម្រិតណា ?
ខាងក្រោមនេះគឺជាការស្រាវជ្រាវ និងពន្យល់ខ្លះៗដែលដកស្រង់ចេញពីរបាយការណ៍របស់ The Global Knowledge Economy in Question,Lifelong Learning in the Global Knowledge Economy និង Revisiting the Global Knowledge Economy ។
របាយការណ៍ស្រាវជ្រាវនោះពន្យល់ថា ពលរដ្ឋដែលពោរពេញដោយចំណេះដឹងសកលគឺជាបុគ្គលដែលតែងតែមានគំនិតថ្មីៗ និងច្នៃប្រឌិត ហើយអាចសម្របខ្លួនទៅនឹងការរីកចម្រើនថ្មីៗរបស់សកលលោក ហើយពួកគេគឺជាអ្នកដែលអាចមានគំនិតក្នុងការអភិវឌ្ឍបានផលិតផល សេវាកម្ម និងដំណើរការប្រតិបត្តិការថ្មី ដែលអាចជួយជំរុញដល់សេដ្ឋកិច្ចជាតិបានល្អប្រសើរបំផុតក្នុងសម័យកាលឧស្សាហកម្ម ៤.០ នេះ។
បន្ថែមពីលើនេះ ពួកគេមានជំនាញក្នុងការសម្រេចចិត្តបានលឿន និងបានត្រឹមត្រូវជាងបុគ្គលផ្សេងទៀតដែលភាគច្រើនតែងតែមើលឃើញបញ្ហាសុទ្ធតែអវិជ្ជមាន ចំណែកដំណោះស្រាយសុទ្ធតែនឹងទទួលបានផលគ្រប់យ៉ាងទាំងអស់។ ចំណុចនេះវាគឺជាកត្តាចំបាច់សម្រាប់កិច្ចខិតខំប្រកួតប្រជែងរបស់ប្រទេសនៅក្នុងទីផ្សារនៃការប្រកួតប្រជែងរបស់សកលលោកដោយពឹងផ្អែកទៅលើជំនាញរបស់ពួកគេដែលកំពុងធ្វើការនៅតាមជំនាញនីមួយៗបានយ៉ាងមានប្រសិទ្ធភាព។

ការយល់ដឹងពីចំណេះដឹងសកលអាចជួយឲ្យពលរដ្ឋទាំងនោះយល់ដឹងបានច្បាស់អំពីភាពខុសគ្នានៃវប្បធម៍ និងទំនោររបស់សហគម ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ហើយតាមរយៈនេះពួកគេអាចធ្វើការទំនាក់ទំនងបានយ៉ាងល្អជាមួយនឹងទីផ្សារសក្តានុពល និងអាចធ្វើពាណិជ្ជកម្មបានល្អជាងក្នុងចំណោមអ្នកផ្គត់ផ្គង់ផ្សេងទៀត។
ការស្វែងយល់ពីចំណេះដឹងថ្មីៗនៅក្រៅប្រទេសធ្វើឲ្យពួកគេអាចសម្របខ្លួនបានល្អជាង និងធន់ជាងក្នុងពេលវេលាដែលពិភពលោក ឬប្រទេសជួបវិបត្តិសេដ្ឋកិច្ច។ ជាកស្តែងដូចដែលយើងធ្លាប់បានឆ្លងកាត់កន្លងមកនេះ អាជីវកម្មខ្លះៗបានបាត់បង់ជីវិត ខណៈដែលប្រតិបត្តិការ និងរបៀបនៃការធ្វើអាជីវកម្មមួយចំនួនមិនត្រូវបានប្រើប្រាស់ឡើងវិញឡើយនៅក្នុងរយៈពេលត្រឹមតែ ១ ឬ ២ឆ្នាំប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើពលរដ្ឋក្នុងប្រទេសនោះបានតាមដានព័ត៌មាន និងស្វែងយល់ពីស្ថានភាពក្រៅប្រទេសបានច្រើននោះពួកគេនឹងអាចត្រៀមខ្លួនជាងមុន ឬសម្រេចចិត្តផ្លាស់ប្តូរខ្លួនបានភ្លាមៗទៅតាមកាលៈទេសៈដ៏លំបាកណាមួយ។
និយាយជារួមទៅ ទាំងពលរដ្ឋដែលមានមុខងារ និងតួនាទីជាអ្វីក៏ដោយ ជាសហគ្រិន ជាអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ អ្នកតាក់តែងច្បាប់ក្តី ការស្វែងយល់ពីចំណេះដឹងសកលពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីព និងចំណូលផ្ទាល់ខ្លួន ក៏ដូចជាបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងកិច្ចខិតខំអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់រដ្ឋាភិបាលផងដែរ។
ទោះបីជាយ៉ាងណាក្តី គ្រប់គ្នាមិនគួរគិតទេថា ការស្វែងរកចំណេះដឹងថ្មីៗមកពីជុំវិញពិភពលោកទាមទារនូវការធ្វើដំណើរចេញពីប្រទេសទៅកំសាន្ត ឬរៀនសូត្រដោយផ្ទាល់នោះដែលនឹងចំណាយលុយច្រើននោះទេ ប៉ុន្តែគេអាចធ្វើការស្វែងរកតាមរយៈវេបសាយចំំណេះដឹងព័ត៌មានប្រចាំថ្ងៃតាមបណ្តាញអ៊ិនធឺណេតបានយ៉ាងងាយៗ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content