បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់នាពេលថ្មីៗនេះបានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ដែលបង្កឱ្យមានការព្រួយបារម្ភថាការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ាអាចត្រូវបានរំខាន។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៦១ ភាគរយ ឬ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៦៨ ភាគរយ ឬ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះ អ៊ីស្រាអែល បានបើកការវាយប្រហារលើដីអ៊ីរ៉ង់ ដែលធ្វើឲ្យហានិភ័យអូសទាញតំបន់មជ្ឈិមបូព៌ាចូលទៅក្នុងជម្លោះកាន់តែធ្ងន់ធ្ងរ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ជាច្រើនបានរាយការណ៍ពីការផ្ទុះឡើងនូវភ្លើងសង្គ្រាម ប៉ុន្តែមន្ត្រីអ៊ីរ៉ង់ម្នាក់បានលើកឡើងថា ហេតុការណ៍ទាំងនោះបណ្តាលមកពីប្រព័ន្ធការពារដែនអាកាស។ បន្ថែមពីនេះ យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងនៅលើកណ្តាលក្រុង Isfahan ត្រូវបានបាញ់ទម្លាក់។

កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់រយក្នុងការវាយប្រហារសងសឹកមួយបន្ទាប់ពីមានការសង្ស័យថា អ៊ីស្រាអែលវាយប្រហារលើបរិវេណស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចភាគច្រើនត្រូវបានទម្លាក់មុនពេលទៅដល់ទឹកដីអ៊ីស្រាអែល ដោយមានការខូចខាតតិចតួចបំផុត។ ទន្ទឹមនឹងនេះ វិនិយោគិនបាន និងកំពុងតាមដានយ៉ាងដិតដល់នូវប្រតិកម្មរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់កាលពីថ្ងៃទី ១៣ ខែមេសា។
លោក Warren Patterson ប្រធានយុទ្ធសាស្រ្តទំនិញរបស់ ING បានលើកឡើងថា ប្រសិនបើរបាយការណ៍ទាំងនេះក្លាយជាការពិត ការភ័យខ្លាចលើការឡើងថ្លៃនៃតម្លៃប្រេងនឹងកើនឡើងបន្ថែមទៀត ដែលធ្វើឲ្យហានិភ័យនៃការផ្គត់ផ្គង់ប្រេងមានការរំខាន។ ទន្ទឹមនឹងនេះ គេមើលឃើញថា ការវាយប្រហាររបស់អ៊ីស្រាអែលគឺជាការវាយបកចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីសប្តាហ៍មុន។ មុនពេលព័ត៌មានលេចឮអំពីការវាយប្រហាររបស់អ៊ីស្រាអែល តម្លៃប្រេងត្រូវបានកំណត់ថា វានឹងធ្លាក់ចុះប្រចាំសប្តាហ៍ ដោយសារការវិនិយោគបានកាត់បន្ថយ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content