បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា សហរដ្ឋអាមេរិកបានទទួលស្វាគមន៍រដ្ឋមន្ត្រីផែនការ និងវិនិយោគរបស់វៀតណាមសម្រាប់កិច្ចពិភាក្សាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនមិនសប្បាយចិត្តចំពោះការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់ទីក្រុងហាណូយ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា កិច្ចសន្ទនានេះនឹងពិភាក្សាអំពីសន្តិសុខសេដ្ឋកិច្ច semiconductors គ្រឿងអេឡិចត្រូនិក ការនិយោគ សេដ្ឋកិច្ចឌីជីថល សន្តិសុខលំហអ៊ីនធឺណិត ថាមពល និងសារធាតុរ៉ែសំខាន់ៗ។ កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
កាលពីសប្តាហ៍មុន ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់ប្រទេសវៀតណាមទទួលរងការរិះគន់យ៉ាងខ្លាំងពីអាមេរិក។ ក្រោយមក ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងបន្តផ្តោតលើការជំរុញទំនាក់ទំនងជាមួយទីក្រុងហាណូយឲ្យកាន់តែស៊ីជម្រៅ ខណៈដែលខ្លួនកំពុងប្រកួតប្រជែងជាមួយប្រទេសចិន។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកនឹងសម្រេចចិត្តត្រឹមថ្ងៃទី ២៦ ខែកក្កដា ថាតើត្រូវលើកប្រទេសវៀតណាមឱ្យឡើងឋានៈទៅជាសេដ្ឋកិច្ចទីផ្សារដែរ ឬទេ? ការផ្លាស់ប្តូរនេះនឹងកាត់បន្ថយពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃដែលដាក់លើការនាំចូលរបស់វៀតណាម ខណៈដែលស្ថានភាពបច្ចុប្បន្នរបស់វៀតណាម គឺសេដ្ឋកិច្ចមិនមែនទីផ្សារ។

លោក Jose Fernandez អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន បាននិយាយថា ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិកមានភាពរឹងមាំដូចដែលពួកគេជឿជាក់កន្លងមក។ លោក Fernandez បានប្រាប់អង្គប្រជុំថា ពាណិជ្ជកម្មរវាងអាមេរិក និងវៀតណាមឥឡូវនេះមានតម្លៃ ១២៤ ពាន់លានដុល្លារ ដែលធ្វើឲ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ៩ របស់សហរដ្ឋអាមេរិកក្នុងពាណិជ្ជកម្មទំនិញ។ លើសពីនេះ អាជីវកម្មអាមេរិកមានភាពសប្បាយរីករាយចំពោះវៀតណាម ប៉ុន្តែប្រសិនបើវិនិយោគិនអាម៉េរិកមានសុទិដ្ឋិនិយមចំពោះវៀតណាម អាម៉េរិកចង់ធ្វើឱ្យប្រាកដថា អ្នកវិនិយោគទទួលបាននូវបទប្បញ្ញត្តិ និងបរិយាកាសធ្វើការសម្រេចចិត្តទៅតាមអ្វីដែលពួកគេទាមទារ ដើម្បីបន្តពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសវៀតណាម។
កាលពីខែមករា លោក Fernandez លើកឡើងថា ក្រុមហ៊ុនអាមេរិកចំនួន ១៥ រួមមានក្រុមហ៊ុន semiconductors បានសម្តែងចំណាប់អារម្មណ៍ក្នុងការវិនិយោគមានតម្លៃ ៨ ពាន់លានដុល្លារក្នុងប្រទេសវៀតណាមលើហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត ដោយរំពឹងលើការរីកចម្រើនរបស់ប្រទេសលើច្បាប់ថាមពលកកើតឡើងវិញ។ ទន្ទឹមនឹងនេះ វៀតណាមចង់ទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីប និងជំរុញវិស័យថាមពលកកើតឡើងវិញរបស់ខ្លួន ប៉ុន្តែក៏កំពុងមានឧបសគ្គក្នុងការអនុម័តច្បាប់ដើម្បីអនុញ្ញាតឱ្យពង្រីកឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យ ខ្យល់នៅលើឆ្នេរសមុទ្រ និងការអភិវឌ្ឍន៍កសិដ្ឋានខ្យល់នៅឆ្នេរសមុទ្រផងដែរ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content