បរទេស ៖ យោងតាមប្រភពពីរ៉យទ័រ រាបានយការណ៍ថា ក្រុមប្រទេស G7 គ្រោងនឹងផ្តល់ប្រាក់កម្ចីក្នុងទ្រង់ទ្រាយធំដែលមានទំហំរហូតដល់ ៥០ ពាន់លានដុល្លារក្នុងការជួយអ៊ុយក្រែន ដើម្បីអាចកសាងប្រទេសឡើងវិញ។

កាលពីខែមិថុនា ក្រុមមេដឹកនាំ G7 បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការប្រើប្រាស់ការប្រាក់ដែលបានពីការបង្កកមូលនិធិរុស្ស៊ី ដោយគ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រាក់កម្ចីចំនួន ៥០ ពាន់លានដុល្លារដើម្បីជួយអុយក្រែនសម្រាប់ទិញសព្វាវុធ និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 និងប្រធានធនាគារកណ្តាលកំពុងត្រៀមខ្លួនដើម្បីអនុម័តកញ្ចប់ប្រាក់កម្ចីដែលក្នុងនោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប EU នឹងផ្តល់ប្រាក់កម្ចីចំនួន ២០ ពាន់លានដុល្លារដូចគ្នា ហើយជប៉ុន ចក្រភពអង់គ្លេស និងកាណាដា គ្រោងផ្តល់ប្រាក់កម្ចីរួមគ្នាចំនួន ១០ ពាន់លានដុល្លារនៅឯកិច្ចប្រជុំ G7 នៅទីក្រុង Rio de Janeiro នៅខែក្រោយនេះ។
យោងតាមប្រភពពី Kyodo News បានឲ្យដឹងថា ទីក្រុងតូក្យូគ្រោងនឹងផ្តល់ប្រាក់កម្ចីចំនួន ៥២០ ពាន់លានយ៉េន (៣,៣ ពាន់លានដុល្លារ) ដល់ទីក្រុងគីវ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រទេស G7 ដើម្បីជួយអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ តួលេខនេះស្មើនឹង ៦ ភាគរយនៃប្រាក់កម្ចីដ៏ធំដែលបានព្រមព្រៀងដោយក្រុមប្រទេស G7 ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងប្រទេសអ៊ីតាលីកាលពីខែមិថុនា។ លើសពីនេះ ជប៉ុននឹងប្រញាប់ប្រញាល់សម្រេចនូវជំហានចាំបាច់មួយចំនួន ដើម្បីអនុវត្តចំណែកនៃជំនួយហិរញ្ញវត្ថុរបស់ពួកគេនៅចុងឆ្នាំនេះ។
គួរឲ្យបញ្ជាក់ដែរថា លោកខាងលិចបានបង្កកទ្រព្យសកម្មជិត ៣០០ ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ីភ្លាមៗ បន្ទាប់ពីកើតឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ។ មូលនិធិដែលត្រូវបានបង្កកទុកភាគច្រើនត្រូវបានកាន់កាប់នៅក្នុងសហភាពអឺរ៉ុប នៅក្នុងកន្លែងដាក់ប្រាក់បញ្ញើ និងកន្លែងបោសសម្អាត Euroclear ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែល ប្រទេសបែលហ្សិក។ កាលពីខែឧសភា ទីក្រុងប្រ៊ូសែលបានអនុម័តផែនការមួយដើម្បីប្រើប្រាស់ប្រាក់ចំណេញដែលបង្កើតដោយទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីគាំទ្រដល់ការស្ដារឡើងវិញរបស់អ៊ុយក្រែន និងកិច្ចការពារជាតិ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ៩០ ភាគរយនៃប្រាក់ចំណូលអាចនឹងចូលទៅក្នុងមូលនិធិដែលគ្រប់គ្រងដោយសហភាពអឺរ៉ុបសម្រាប់ជំនួយយោធាអ៊ុយក្រែន ហើយ ១០ ភាគរយផ្សេងទៀតនឹងត្រូវបែងចែកសម្រាប់ការគាំទ្រទីក្រុងគីវតាមមធ្យោបាយផ្សេងទៀត។

កាលពីដើមខែនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាននិយាយថា ទីក្រុងគីវ នឹងប្រើប្រាស់ប្រាក់នេះ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងគាំទ្រក្រុមហ៊ុនផលិត ហើយប្រាក់ភាគច្រើននឹងត្រូវប្រើប្រាស់ក្នុងការទិញគ្រាប់រំសេវ និងប្រព័ន្ធការពារអាកាស។
ទោះជាយ៉ាងណាក្តី ទីក្រុងមូស្គូបានប្រឆាំងយ៉ាងខ្លាំងខ្លាចំពោះវិធានការរបស់លោកខាងលិច ដោយសង្កត់ធ្ងន់ថា ជំនួយយោធាដល់ទីក្រុងគីវគ្រាន់តែពន្យារពេលនៃជម្លោះប៉ុណ្ណោះ។ ប្រទេសរុស្ស៊ីក៏បានប្រឆាំងចំពោះបញ្ហាបង្កកទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ ដោយព្រមានថា វិធានការនេះត្រូវបានចាត់ទុកថាជាអំពើរចោរកម្មទាំងស្រុង។ កាលពីដើមឆ្នាំនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបថា ការរឹបអូសយកមូលនិធិ ឬសកម្មភាពស្រដៀងគ្នាណាមួយនឹងបំពានច្បាប់អន្តរជាតិ ដែលធ្វើឱ្យខូចដល់រូបិយប័ណ្ណលោកខាងលិច ជាប្រព័ន្ធហិរញ្ញវត្ថុសកល និងសេដ្ឋកិច្ចពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងមូស្គូនឹងសងសឹកចំពោះទង្វើបែបនេះ ដោយចាប់ផ្តើមដំណើរការនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងអង្គភាពដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ខ្លួន៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content