បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមហាយក្សចិន BYD បានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla ជាលើកដំបូង។

យោងតាមប្រភពដដែលបានឲ្យដឹងថា ប្រាក់ចំណូលសម្រាប់ត្រីមាសទី៣(ខែកក្កដា-កញ្ញា) របស់ BYD កើនឡើង ២៤ ភាគរយ ឬ ២៨,២ ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលសម្រាប់ត្រីមាសទី៣ របស់ Tesla កើនឡើងដល់ ២៥,២ ពាន់លានដុល្លារ។
កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានបង្ហាញថា ប្រាក់ចំណេញនៅត្រីមាសទី៣ របស់ខ្លួនបានកើនឡើង ១១,៥ ភាគរយ ឬ (១,៦៣ ពាន់លានដុល្លារ) ខណៈដែលរក្សាបាននូវសន្ទុះនៃការលក់ដ៏រឹងមាំដែលត្រូវបានគាំទ្រតាមរយៈការលើកទឹកចិត្តផ្នែកពាណិជ្ជកម្មរបស់រដ្ឋាភិបាល។ បើគិតក្នុងរយៈពេល៩ខែ(ខែមករា-កញ្ញា) ប្រាក់ចំណេញសុទ្ធរបស់ BYD បានកើនឡើង ១៨,១ ភាគរយ ឬ ២៥,២ ពាន់លានយ័ន (៣,៥៣ ពាន់លានដុល្លារ)។
នៅក្នុងឆ្នាំនេះ BYD មានចំណែករថយន្តច្រើនជាង ១ ភាគ ៣ នៃការលក់សរុបនៃរថយន្ត EVs និងប្រភេទ plug-in hybrid នៅក្នុងប្រទេសចិន ខណៈដែលបំបែកកំណត់ត្រានៃការលក់ប្រចាំខែរបស់ខ្លួននៅក្នុងខែកញ្ញា ដែលជំរុញការលក់ប្រចាំត្រីមាសទី៣ កើនឡើងខ្ពស់ផងដែរ។ ការកើនឡើងនៃការលក់រថយន្ត EV នៅក្នុងប្រទេសចិនត្រូវបានជំរុញដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាលដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរពីរថយន្តដែលប្រើប្រេងសាំងមកជារថយន្ត EVs ឬរថយន្តកូនកាត់។ ទិន្នន័យផ្លូវការបានបង្ហាញថា គិតត្រឹមចុងខែតុលា បេក្ខជនចំនួន ១,៥៧ លាននាក់បានចុះឈ្មោះដើម្បីទាញយកអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាលដើម្បីដូររថយន្តថ្មី។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក្នុងតំបន់កំពុងផ្តល់ប្រាក់រហូតដល់ ២ ៨០០ ដុល្លារក្នុងមួយគ្រឿងដល់អ្នកទិញរថយន្ត EV ហើយគម្រោងនេះនឹងផុតកំណត់នៅចុងឆ្នាំ។

តាមរយៈការឧបត្ថម្ភធនរបស់រដ្ឋាភិបាល BYD ទទួលបានការកើនឡើងនៃការលក់ជាមួយនឹងការបញ្ចុះតម្លៃលើម៉ូដែលដែលលក់ដាច់បំផុត។ កំណើនដ៏រឹងមាំនៃការលក់រថយន្តប្រភេទ plug-in hybrid បានកើនឡើង ៦៨៥ ៨៣០ គ្រឿងក្នុងត្រីមាសទីបី ដោយសារបច្ចេកវិទ្យា plug-in hybrid ជំនាន់ចុងក្រោយរបស់ខ្លួនជួយសន្សំសំចៃថ្លៃប្រេងឥន្ធនៈកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ BYD កំពុងជំរុញការលក់នៅទីផ្សារអឺរ៉ុប ទោះបីជាប្រឈមនឹងពន្ធបន្ថែមក៏ដោយ។
ទោះបីជាយ៉ាងណាក្តី លោកខាងលិចមានប្រតិកម្មប្រឆាំងកាន់តែខ្លាំងទៅនឹងការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់ខ្លួនដូចជា BYD។ កាលពីដើមសប្តាហ៍នេះ សហភាពអឺរ៉ុបបានសម្រេចដំឡើងពន្ធគយរហូតដល់ ៤៥,៣ ភាគរយលើការនាំចូលរថយន្ត EV ពីប្រទេសចិន។ លើសពីនេះ ក្រុមហ៊ុនផលិត EV របស់ចិនបានប្រឈមមុខនឹងការយកពន្ធ ១០០ ភាគរយពីសហរដ្ឋអាមេរិក និងកាណាដារួចទៅហើយ។ គោលបំណងនៃការដំឡើងពន្ធនេះ ដោយសារលោកខាងលិចមើលឃើញថា ការឧបត្ថម្ភធនរបស់ចិនមានភាពអយុត្តិធម៌។ ជាការឆ្លើយតប ចិនបានប្រឆាំងនឹងការសម្រេចចិត្តនេះ និងមិនយល់ព្រមលើការដំឡើងពន្ធគយរបស់សហភាពអឺរ៉ុបនោះទេ ព្រមទាំងបានដាក់ពាក្យបណ្ដឹងក្រោមយន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថែមទៀតផង។ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងបាននិយាយថា ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនយ៉ាងម៉ឺងម៉ាត់។ មិនត្រឹមតែប៉ុណ្ណោះ សភាពាណិជ្ជកម្មចិនប្រចាំសហភាពអឺរ៉ុបបានជំរុញឱ្យទីក្រុងប្រ៊ូសែល និងទីក្រុងប៉េកាំងពន្លឿនកិច្ចពិភាក្សាស្តីពីការបង្កើតតម្លៃអប្បបរមា ដើម្បីលុបបំបាត់ពន្ធគយទាំងនេះ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content