ភ្នំពេញ ៖ អនុវត្តតាមគោលនយោបាយជាតិស្ដីពីលំនៅឋាន និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្ដល់ឱកាសជូនប្រជាពលរដ្ឋទូទាំងប្រទេសមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះនោះ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន៤គម្រោង រួមមានលំនៅឋានសរុបចំនួន ៨ ៣៣១ខ្នងផ្ទះ និង ៣ ១៦៤ ចំណែកឯកជន (Unit) ត្រូវបានអភិវឌ្ឍន៍នៅភ្នំពេញ និងខេត្តកណ្ដាល ។
យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីក្រុមហ៊ុនចំនួន៤ ដែលបានអភិវឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យលក់ជូនដល់ពលរដ្ឋ និងមន្ត្រីរាជការដែលមានប្រាក់ចំណូលទាប និងមធ្យម ។ គម្រោងទាំង៤នេះ រួមមាន ១. គម្រោងលំនៅឋានទីក្រុងរណប សិរីមង្គល ដែលគម្រោងនេះអភិវឌ្ឍន៍doyក្រុមហ៊ុន WorldBridge Homes Co.,Ltd មានផ្ទះសរុបចំនួន ២ ៤៥៧ផ្ទះ សាងសង់ឡើងលើផ្ទៃដីចំនួន២៤ហិចតា ស្ថិតនៅក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ គម្រោងនេះបានបញ្ចប់១០០ភាគរយហើយទាំងដំណាក់កាលទី១ និងដំណាក់កាលទី២ ។

គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យមួយទៀត គឺលំនៅឋាន អារ៉ាខាវ៉ា អភិវឌ្ឍន៍ដោយក្រុមហ៊ុន ARAKAWA Co.,Ltd មានចំនួនផ្ទះសរុប ៣ ១៦៤ ចំណែកឯកជន (Unit) ស្ថិតនៅលើផ្ទះដី១,៣៦ហិចតា ជាប្រភេទអគារសហកម្មសិទ្ធិ (Condo) ស្ថិតនៅភូមិនទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ គម្រោងនេះ ក៏បានបញ្ចប់ទាំងស្រុង ១០០ភាគរយហើយដែរ ទាំងដំណាក់កាលទី១ និងដំណាក់ទី២ ។
សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យទី៣ គឺ បុរី សែនមនោរម្យព្រែកតាទែន អភិវឌ្ឍន៍ដោយក្រុមហ៊ុន B&BM Development Co.,Ltd មានផ្ទះសរុបចំនួន ៥ ៣៤០ ស្ថិតនៅលើផ្ទៃដីចំនួន៨០ហិចតា ក្នុង ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។ គម្រោងនេះ សម្រេចប្រមាណ៩៧ភាគរយ ក្នុង ដំណាក់កាលទី១ ។
ចំណែកគម្រោងលំនៅឋានតម្លៃសមរម្យមួយទៀតគឺ គម្រោងបុរី ហ្គ្រេនផាក អភិវឌ្ឍន៍ដោយក្រុមហ៊ុន BRGP Property Development Co.,Ltd ដែលមានផ្ទះចំនួន ៥៣៤ផ្ទះ លើផ្ទៃដីសរុបចំនួន ៥,១៦ហិចតា ស្ថិតនៅក្នុងភូមទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ គម្រោងនេះសម្រេចបាន១០០ភាគរយហើយនៅក្នុងដំណាក់កាលទី១ និងប្រមាណ៣៧ភាគរយនៅក្នុងដំណាក់ទី២ ។

លោក យក់ សុធីរឹទ្ធិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន WorldBridge Homes បានមានប្រសាសន៍ប្រាប់ AMS Economy ឱ្យដឹងថា រហូតមកដល់នេះ គម្រោងអភិវឌ្ឍន៍លំនៅឋាន ទីក្រុងរណបសិរីមង្គល សម្រេចបាន១០០ភាគរយទាំងពីរដំណាក់កាល ដោយការលក់គម្រោងនេះក៏សម្រេចបានរហូតដល់ប្រមាណ៩៥ភាគរយ ពោលគឺនៅសល់តែ៥ភាគរយទៀតប៉ុណ្ណោះនឹងបញ្ចប់ការលក់ទាំងស្រុង ។
លោកបន្តថា គម្រោងនេះក៏មានប្រជាពលរដ្ឋដែលបានទិញផ្ទះចូលមករស់នៅប្រមាណ៨០ភាគរយហើយ ដោយធ្វើឱ្យគម្រោងសិរីមង្គលមានសភាពអ៊ូរអរ ប្រៀបដូចជាទីក្រុងថ្មីមួយ ។ គម្រោងនេះពិតជាបានចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាលំនៅឋានរបស់ពលរដ្ឋ និងមន្ត្រីរាជការដែលពុំមានលទ្ធភាពក្នុងការទិញផ្ទះថ្លៃៗស្នាក់នៅ ។ បន្ទាប់ពីគម្រោងនេះបានបញ្ចប់ទាំងស្រុង ក្រុមហ៊ុនក៏នឹងសហការជាមួយរាជរដ្ឋាភិបាលក្នុងស្វែងរកទីតាំងថ្មី ដើម្បីអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ផ្គត់ផ្គង់លំនៅឋានឆ្លើយតបនឹងទីផ្សារនាពេលបច្ចុប្បន្ន និងអនាគត ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content