បរទេស៖ យោងតាមប្រភពព័ត៌មានពី DW បានព្យាករណ៍ពីបញ្ហាសេដ្ឋកិច្ចមួយចំនួនដែលអាចនឹងកើតឡើងនៅឆ្នាំ២០២៥ ខាងមុខនេះ ហើយបញ្ហាភាគច្រើនជាប់ទាក់ទងនឹងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ដែលនឹងឡើងកាន់អំណាចនៅខែមករា។ ខាងក្រោមនេះគឺជាបញ្ហាសេដ្ឋកិច្ចចំនួន ៥ ដែលពិភពលោកអាចនឹងប្រឈមនៅឆ្នាំ២០២៥ ៖

១. ការឡើងតំណែងលើកទីពីររបស់ Donald Trump ជាប្រធានាធិបតីសហរដ្ឋអាម៉េរិក
ស្របពេលដែល Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ប្រទេសជាច្រើនកំពុងមានការព្រួយបារម្ភពីការដាក់ពន្ធដោយអាម៉េរិក។ គេព្រួយបារម្ភថា ប្រសិនបើសហរដ្ឋអាម៉េរិកពិតជាអនុម័តការដំឡើងពន្ធទាំងនេះពិតមែន វាអាចបង្កជាភាពមិនច្បាស់លាស់ និងសម្ពាធបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ការព្យាករណ៍លើទំនាក់ទំនងពិភពលោកនៅមានស្រពិចស្រពិល ខណៈដែល Donald Trump រិះគន់អង្គការណាតូ និងកិច្ចសហប្រតិប្តិការអន្តរជាតិ។ បន្ថែមពីនេះ ភាពជាដៃគូរបស់អាម៉េរិកជាមួយពាណិជ្ជកម្មថ្មីអាចមានផលប៉ះពាល់ដែលមិនបានមើលឃើញទុកជាមុន។ លើសពីនេះ កង្វះភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក វាអាចនឹងក្លាយជាឱកាសសម្រាប់ប្រទេសមានអំណាចផ្សេងទៀតដូចជា ចិន ឥណ្ឌា និងរុស្ស៊ីអាចបំពេញចន្លោះប្រហោងទំនាក់ទំនងផ្នែកនយោបាយ យោធា និងសេដ្ឋកិច្ច។
២. បញ្ហាពន្ធគយ និងសង្គ្រាមពាណិជ្ជកម្ម
Donald Trump យល់ឃើញថា ការដំឡើងពន្ធគយគឺជាមធ្យោបាយរឹតបន្តឹងប្រទេសណាមួយដែលមានឱនភាពពាណិជ្ជកម្មជាមួយអាម៉េរិក ដែលមានន័យថា ការនាំចេញទៅអាម៉េរិកច្រើនជាងការនាំចូល។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ Donald Trump បានប្រកាសពីគោលបំណងក្នុងការដំឡើងពន្ធពី ១០ ទៅ ២០ ភាគរយលើទំនិញទាំងអស់ដែលចូលមកកាន់សហរដ្ឋអាមេរិក និងដាក់ពន្ធលើទំនិញចិនរហូតដល់ ៦០ ភាគរយ។ ក្រោយពីជាប់ឆ្នោតជាប្រធានាធិបតី គាត់បានប្រកាសដល់ពន្ធ ២៥ ភាគរយលើទំនិញទាំងអស់ពីម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយលើទំនិញចិន។ យ៉ាងណាមិញ ម៉ិកស៊ិក និងចិនប្រឆាំងនឹងការដាក់ពន្ធនេះ ខណៈដែលនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានទៅជួប Trump ក្នុងរដ្ឋ Florida ដើម្បីធ្វើការ
ចរចារ។ ការដំឡើងពន្ធនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អាម៉េរិកជាមួយនឹងប្រទេសជិតខាង។ បច្ចុប្បន្ននេះ អាម៉េរិកមានចំណែកប្រហែល ៨០ ភាគរយលើការនាំចេញរបស់ម៉ិកស៊ិក និងជាង ៧៥ ភាគរយនៃការនាំចេញរបស់កាណាដា។ អាម៉េរិកនាំចូលបន្លែផ្លែឈើភាគច្រើនពីម៉ិកស៊ិក និងប្រេងរាប់លានបារ៉ែលជារៀងរាល់ថ្ងៃពីកាណាដា។ ជាលទ្ធផល អ្នកទិញទំនិញអាមេរិកនឹងត្រូវប្រឈមមុខជាមួយនឹងតម្លៃខ្ពស់ និងកើនឡើងតម្រូវការច្រើនជាងការផ្គត់ផ្គង់។ លើសពីនេះ ការដំឡើងពន្ធគឺជាដំណឹងអាក្រក់សម្រាប់អាជីវកម្មដែលមានខ្សែសង្វាក់ផ្គត់ផ្គង់សកល ឬ មានសាខាតាមប្រទេស។

៣. បញ្ហាអន្តោប្រវេសន៍នៅជុំវិញពិភពលោក
ការធ្វើចំណាកស្រុកនឹងកាន់តែកើនឡើងខ្លាំងជាសកល ខណៈដែលមេដឹកនាំនៅទូទាំងពិភពលោកកំពុងមានអារម្មណ៍ថា ពួកគេចាំបាច់ត្រូវរឹតបន្តឹង និងគ្រប់គ្រងព្រំដែនប្រទេសឲ្យកាន់តែតឹងរ៉ឹង។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក Trump បានប្រកាសពីការនិរទេសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាម៉េរិក។ Trump បានប្តេជ្ញាចិត្តពីសកម្មភាពដ៏តឹងរ៉ឹងនៅតាមព្រំដែនជាមួយម៉ិកស៊ិកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការរឹតបន្តឹងនៅតាមព្រំដែនម៉ិកស៊ិកអាចជះឥទ្ធិពលដល់ប្រជាជនមកពីអាមេរិកឡាទីនផ្សេងទៀដូចជា គុយបា ហៃទី និងវ៉េណេស៊ុយអេឡា។ ប្រធានាធិបតីអាមេរិកមានសិទ្ធិអំណាចលើបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ដូចជា កំណត់ការទទួលអន្តោប្រវេសន៍ ការរឹតបន្តឹង Green Card និងការរឹតបន្តឹងលើការទទួលបានទិដ្ឋាការជាដើម។ យ៉ាងណាមិញ ការបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ វានឹងមានផលប៉ះពាល់ដល់ទីផ្សារការងាររបស់អាម៉េរិក ខណៈដែលអត្រាអត់ការងារធ្វើខ្ពស់គឺជាបញ្ហាធំមួយសម្រាប់ប្រទេស។ ក្រៅពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបក៏មានបំណងទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ផងដែរ ហើយអន្តោប្រវេសន៍នឹងក្លាយជាបញ្ហាធំនៅក្នុងការបោះឆ្នោតនាពេលខាងមុខរបស់អាល្លឺម៉ង់។
៤. សង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា
ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពិភពលោកជួបប្រទះជម្លោះប្រដាប់អាវុធជាច្រើន ហើយសង្គ្រាមទាំងនេះបានបង្កការបំផ្លិចបំផ្លាញ និងមហន្តរាយមនុស្សធម៌។ លើសពីនេះ ការចំណាយប្រាក់លើសង្គ្រាមក៏ច្រើនសន្ធឹសន្ធាប់ផងដែរ ដែលវាគួរតែត្រូវបានចំណាយក្នុងវិធីដែលមានផលិតភាព ឬ មានប្រយោជន៍។ សង្រ្កាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្ត ខណៈដែលសង្គ្រាមអ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាស់កំពុងបន្តនៅតំបន់ហ្គាហ្សា និងសង្គ្រាមជាមួយលីបង់ថែមទៀតផង។ នៅអាស៊ីវិញ បញ្ហាចិនបន្តទាមទារតៃវ៉ាន់នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ។ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយបែបនេះអាចលើកទឹកចិត្តអ៊ីរ៉ង់ ឬកូរ៉េខាងជើងហ៊ានសាកល្បងសកម្មភាពយោធារបស់ពួកគេ។
៥. បញ្ញាសិប្បនិម្មិត AI
ការណែនាំអំពី ChatGPT របស់ OpenAI នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ គឺជាការចាប់ផ្តើមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) កាន់តែទូលំទូលាយ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ វាបានទាំក់ទាញអ្នកប្រើប្រាស់ ១០០ លាននាក់។ ។ ការប្រើប្រាស់បច្ចេកវិទ្យាត្រូវបានជំរុញដល់វិស័យសំខាន់ៗដូចជា ការបង្កើតថ្នាំពេទ្យ ឬ ជំនួយក្នុងការការពារយោធាកម្រិតខ្ពស់។ យ៉ាងណាមិញ AI មានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរជីវិតនិយោជិតមួយចំនួន និងអាជីវកម្មធម្មតា។ ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យប្រើប្រាស់ AI កាន់តែមានប្រសិទ្ធភាព ក្រុមហ៊ុនត្រូវតែរៀបចំគោលនយោបាយអំពីរបៀប និងពេលដែលគួរត្រូវប្រើប្រាស់ AI។ ដើម្បីដើរទាន់និន្នាការពិភពលោក ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានវិនិយោគខ្លាំងក្លាលើមជ្ឈមណ្ឌលទិន្នន័យធំ ហើយបរិមាណអគ្គិសនីច្រើនគឺតម្រូវការដ៏ចាំបាច់។ ក្រុមហ៊ុន Microsoft មានផែនការចាប់ផ្តើមរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញនៅរដ្ឋ Pennsylvania ហើយ Google កំពុងប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរតូចៗ ដើម្បីផ្តល់ថាមពលដល់មជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។ ដូច្នោះហើយ ពួកគេត្រូវចំណាយច្រើនលើថាមពលអគ្គិសនី និងថាមពលផ្សេងៗទៀត ដើម្បីដំណើរការ៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content