ភ្នំពេញ៖ ក្នុងខែដំបូងឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៥ពាន់លានដុល្លារ កើនឡើង ២៤.៦% បើធៀបនឹងខែមករា កាលពីឆ្នាំ២០២៤ ដែលមានទំហំជាង ៤ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ប្រមាណ ២,៣ ពាន់លានដុល្លារ កើនឡើង១៧.៣% និងនាំចូលទំនិញក្នុងទំហំទឹកប្រាក់ ២,៧ ពាន់លានដុល្លារ កើនឡើង៣១.៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលជំរុញឱ្យមានការកើនឡើង ២៤,៦ ភាគរយ នៅក្នុងសមតុល្យពាណិជ្ជកម្មសរុបកើនដល់ ៥,០៥ ពាន់លានដុល្លារ ។

ដៃគូពាណិជ្ជកម្មកំពូលទាំង ៥ ក្នុងអំឡុងពេលនេះគឺប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ និងជប៉ុន ពោល គឺប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១.៥ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ១០០លានដុល្លារ កើនឡើង៤០.៥% ស្របពេលដែលចិននាំចូលមកកម្ពុជាវិញ មានតម្លៃជាង ១.៤ពាន់ដុល្លារ កើនឡើង ៣៤.៧%បើធៀបនឹងខែមករាឆ្នាំមុន។ ចំណែកសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំបំផុតស្ថិតលំដាប់ទី២របស់កម្ពុជា ដោយភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជិត ៩០០លានដុល្លារ កើនឡើង៣៨.៦% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃជាង ៨៦៨លានដុល្លារ ដែលស្មើនឹង ៩៧,៤ ភាគរយនៃពាណិជ្ជកម្មសរុប និងអាមេរិកនាំមកកម្ពុជាវិញក្នុងតម្លៃជាង ២៣លានដុល្លារ។
ដោយឡែក ប្រទេសវៀតណាមដែលជាប្រទេសនាំចូលកសិផលចម្បងជាប់ចំណាត់ថ្នាក់លេខ៣ក្នុងបញ្ជី។ ទោះជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មជារួមរវាងប្រទេសទាំងពីរបានធ្លាក់ចុះបន្តិចចំនួន ១ ភាគរយ នៅក្នុងខែមករា។ ពាណិជ្ជកម្មសរុបជាមួយវៀតណាម មានចំនួន៦៧០លានដុល្លារ ដោយការនាំចេញមានចំនួន ២៧៨លានដុល្លារ និងការនាំចូលសរុបមានចំនួន ៣៩២លានដុល្លារ ។

ថៃជាប់ចំណាត់ថ្នាក់ទី៤ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបចំនួន ៣៧០ លានដុល្លារ ក្នុងខែមករា ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៨,៣ ភាគរយ ពី ៣៤១ លានដុល្លារ ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសថៃមានទំហំ ៧២លានដុល្លារ ដែលមានការធ្លាក់ចុះ ៣០,៨ ភាគរយ។ ផ្ទុយទៅវិញ ការនាំចូលពីប្រទេសថៃបានកើនឡើងដល់ ២៩៧ លានដុល្លារ ដែលតំណាងឱ្យការកើនឡើង ២៥,៦ ភាគរយ។

ជប៉ុន ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាមួយដែរនោះ ទំហំពាណិជ្ជកម្មក្នុងខែដំបូង ឆ្នាំ២០២៥នេះ មានចំនួន ២២៤ លានដុល្លារ ខណៈដែលខែដំបូងឆ្នាំ២០២៤ មានត្រឹម ១៥៩លានដុល្លារប៉ុណ្ណោះ។ ការនាំចេញរបស់កម្ពុជាទៅប្រទេសជប៉ុនមានទំហំ ១៥១ លានដុល្លារ កើនឡើង ២៩,៤ ភាគរយធៀបនឹង ១១៦ លានដុល្លារកាលពីឆ្នាំមុន។ ដោយឡែក ការនាំចូលពីប្រទេសជប៉ុនបានកើនឡើងដល់ ៧៣ លានដុល្លារ ធៀបនឹង ៤២លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ថ្លែងប្រាប់ AMS លោក បណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយមអំពីទស្សនវិស័យពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ហើយបានកត់សម្គាល់ថា ប្រសិនបើមិនមានផលរំខានពីខាងក្រៅ ពាណិជ្ជកម្មកម្ពុជារំពឹងថានឹងមានកំណើនជាបន្តបន្ទាប់នៅក្នុងប៉ុន្មានខែខាងមុខនេះ។
លោកបណ្ឌិត ហុយ វណ្ណៈ បានលើកឡើងថា ៖
«យើងក៏បានសង្កេតឃើញការកើនឡើងគួរឱ្យកត់សម្គាល់ នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងវិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៤ និងខែដំបូងនៃឆ្នាំនេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ ។ នេះក៏ជាកម្លាំងជំរុញនៃផលិតកម្មក្នុងស្រុករបស់យើងឱ្យមានកំណើនដែរ ដែលបង្កើតការងារ និងអាជីវកម្មឱ្យរីកចម្រើន អាចធ្វើឱ្យរំហូរពាណិជ្ជកម្ម មានច្រក មានទីផ្សារ មានផលិតផលអាចនាំចេញបានច្រើន និងកាន់តែប្រសើរ»។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានលើកឡើងពីផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីគោលនយោបាយពាណិជ្ជកម្មថ្មីរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោក Trump ដោយសារសហរដ្ឋអាមេរិកនៅតែជាអ្នកនាំចូលធំបំផុតរបស់ពិភពលោក ក៏ដូចជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជាផងដែរ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content