ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៧ ដែលមានទុនចុះបញ្ជីវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារអាម៉េរិក បានសម្រេចចិត្តជ្រើសរើសយកខេត្តចំនួន៤ ជាទីតាំងសម្រាប់ការវិនិយោគរបស់ខ្លួន ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកយកមកប្រជុំពិនិត្យ និងពិភាក្សាដើម្បីសម្រេច ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា គម្រោងវិនិយោគទាំង៧ ដែលបានដាក់ស្នើសុំវិនិយោគនៅក្នុងខេត្តចំនួន៤នោះរួមមាន ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ។

កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
យោងតាមសេចក្ដីប្រកាសក្នុងកិច្ចប្រជុំនោះឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃជ័រកៅស៊ូ), និងវិស័យឧស្សាហកម្មចំនួន៨គម្រោង (ផលិតសម្ភារៈកីទ្បា និងកាបូបដាក់សម្ភារៈកីទ្បា, ផលិតតុក្កតាគ្រប់ប្រភេទ, ផលិតស៊ីម៉ងត៍, ផលិតគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, អាជីវកម្មថ្មអារ, និងផលិតបរិក្ខារអគ្គិសនីបំភ្លឺ អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំ) ។
គួរបញ្ជាក់ថា ត្រឹមរយៈពេលតែ៦ខែប៉ុណ្ណោះក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចបញ្ជីគម្រោងវិនិយោគជិតស្មើនឹងការចុះបញ្ជីគម្រោងវិនិយោគក្នុងឆ្នាំ២០២៤មួយឆ្នាំពេញទៅហើយ ដែលមានន័យថា គម្រោងចុះបញ្ជីវិនិយោគក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៥នេះ នឹងមានចំនួនច្រើនជាងឆ្នាំ២០២៤និងឆ្នាំកន្លងៗទៅ ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ឆ្នាំ២០២៥នេះ ជាឆ្នាំដែលកម្ពុជាទទួលបានគម្រោងវិនិយោគច្រើន ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋក៏កាន់តែច្រើនផងដែរ ។

ឯកឧត្តមក៏បានអំពាវនាវដល់បណ្ដាវិនិយោគដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងត្រៀមមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាសូមកុំមានការព្រួយបារម្ភចំពោះពន្ធបដិការរបស់អាមេរិក ដោយកម្ពុជានឹងព្យាយាមសម្របសម្រួលជាមួយរដ្ឋាភិបាលអាមេរិកដើម្បីបញ្ចុះអត្រាពន្ធបន្ថែមផង និងស្វែងរកទីផ្សារថ្មីសម្រាប់ទំនិញផលិតពីប្រទេសកម្ពុជាផង ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content