កែប ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា នាពេលខាងមុខនេះ កែប នឹងក្លាយជាទីក្រុងដ៏ស្រស់ស្អាតប្រកបដោយភាពទាក់ទាញ និងមានខណៈសក្ដានុពល ហើយប្រជាជនរស់នៅមានជីវភាពធូរធារ និងមានសុភមង្គលជារៀងរហូត តាមរយៈកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងអាទិភាពគន្លឹះទាំង ៥ ចំណុច នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កាលពីចុងសប្ដាហ៍មុននេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កំពត និងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគឺដើម្បីបានដឹងពីសុខទុក្ខ បញ្ហាប្រឈម និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ រិះរកដំណោះស្រាយដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់ពេលវេលា និងឆ្លើយតបតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល គឺការរៀបចំប្រទេសជាតិឲ្យបានល្អ ពីព្រោះមិនមានពេលវេលាណាដែលល្អជាងពេលនេះទេក្នុងការរៀបចំប្រទេសជាតិឲ្យមានរបៀបរៀបរយត្រឹមត្រូវ ហើយត្រូវចេះរៀនរស់ដោយខ្លួនឯង រស់នៅដោយសប្បាយចិត្តជាមួយនឹងជីវភាពល្អប្រសើរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីសុទិដ្ឋិនិយមថា តាមរយៈគោលនយោបាយអភិវឌ្ឍន៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ដែលបានដាក់ចេញជាបន្តបន្ទាប់នោះ នាពេលខាងមុខនេះ កែប នឹងក្លាយជាទីក្រុងដែលស្រស់ស្អាត ប្រជាជនរស់នៅមានជីវភាពធូរធារ និងមានសុភមង្គលជារៀងរហូត។
ឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិទី៧ នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កំពតនិងខេត្តព្រះសីហនុនឹងធ្វើយ៉ាងណាបន្តចាត់ចែងការងារធ្វើឱ្យចំគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរ ឱ្យបានត្រឹមត្រូវដើម្បីឱ្យមនុស្សមានការងារធ្វើស្របតាមអ្វីដែលជាតម្រូវការរបស់សង្គមក្នុងខេត្តកែប កំពតនិងខេត្តព្រះសីហនុ ។

ខេត្តកែប បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីវិនិយោគសាធារណៈ ប្រកបដោយភាពប្រាកដនិយម និងនវានុវត្តន៍ ដោយសម្រេចបាននូវសមទ្ធិផលសម្រាប់ប្រជាជន ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។ នេះជាកាលៈទេសៈដ៏ល្អ និងត្រឹមត្រូវបំផុត សម្រាប់ការរៀបចំផ្ទះសម្បែងខ្លួនឯងឱ្យបានល្អ ខ្លួនទីពឹងខ្លួន និងឯករាជ្យម្ចាស់ការ ដោយត្រូវប្រើប្រាស់និងកែច្នៃសក្តានុពលដែលមានក្នុងខេត្តកែបជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា។
ក្រុមការងារគ្រប់ថ្នាក់ និងគ្រប់ផ្នែកត្រូវបន្តជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងអាទិភាពគន្លឹះទាំង ៥ ចំណុច នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងត្រូវពង្រីកភាពជាដៃគូ ជាមួយនឹងគម្រោងផ្សេងៗដូចជា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) គម្រោងដែលរៀបរៀងតាមរយៈអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបន្តទៀត ដើម្បីបំពេញបន្ថែម និងពន្លឿនការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខេត្ត ។

គួរបញ្ជាក់ថា ខេត្តកែបក៏ជាតំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍មួយនៃគម្រោងព្រែកជីកហ្វូណន គឺជាទីតាំងចុងក្រោយនៃគម្រោងទាំងមូល មុននឹងភ្ជាប់ទៅកាន់កំពង់ផែខេត្តកំពត និងខេត្តព្រះសីហនុ ដូច្នេះខេត្តមួយនេះ នឹងមានភាពទាក់ទាញកាន់តែខ្លាំងជាពិសេសទៅលើការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ ៕








វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content