ភ្នំពេញ ៖ សកម្មភាពនៃការទិញលក់ដីធ្លីនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាពិសេសនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយពេលមានប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិមួយនេះ ចាប់ផ្ដើមហោះហើរជាផ្លូវការ ដោយអ្នកវិនិយោគជាច្រើន ជាពិសេសលើវិស័យឧស្សាហកម្មមានការចាប់អារម្មណ៍កាន់តែខ្លាំង។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។
លោក ឌិត ចណ្ណា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី បានមានប្រសាសន៍ថា តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាពិសេសតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ និងខណ្ឌដង្កោហាក់មានសកម្មភាពទិញលក់ច្រើនជាងគេធៀបនឹងតំបន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ។ ម្យ៉ាងទៀតតំបន់នេះ ក៏មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសផងដែរ ដោយអ្នកវិនិយោគក្នុងស្រុកទិញដីដើម្បីត្រៀមទុកផ្ដល់ជូនវិនិយោគិនផ្សេងទៀតដើម្បីយកចំណេញ ហើយមួយចំនួនទៀត ទិញដើម្បីសាងសង់ដូចជាឃ្លាំង រោងចក្រសម្រាប់ជួលឱ្យវិនិយោគិនបរទេស ។

លោកបន្តថា ៖
«សម្រាប់ដីធ្លីដែលម្ចាស់ដាក់លក់ក្នុងតម្លៃក្រោមទីផ្សារ មានអ្នកចង់បានច្រើន ប៉ុន្តែសម្រាប់ដីដែលដាក់លក់ក្នុងតម្លៃទីផ្សារ ឬខ្ពស់ជាងទីផ្សារពិបាករកអ្នកទិញ លុះត្រាតែដីនោះមានតម្រូវការប្រើប្រាស់ចាំបាច់ទើបអ្នកទិញហ៊ានចំណាយទុនដើម្បីទិញរួចហើយអភិវឌ្ឍន៍តែម្ដង ហើយសម្រាប់តំបន់ព្រលានយន្តហោះអន្តរជាតិតេជោ តម្លៃដីធ្លីភាគច្រើនដាក់លក់ក្នុងតម្លៃទីផ្សារ ពីព្រោះថាតំបន់នោះតម្លៃដីក៏នៅមានកម្រិតទាបនៅឡើយ»។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុម PropNex Cambodia ក៏បានបង្ហាញទស្សនៈជុំវិញតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតផងដែរ។
អ្នកស្រីបានលើកឡើងថា ៖
«ប៉ែកខាងត្បូង ជាតំបន់ដែលមានសក្ដានុពល និងមានទាក់ទាញមួយក្នុងចំណោមបណ្ដាតំបន់នានាជុំវិញរាជធានីភ្នំពេញ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ មានការអភិវឌ្ឍលឿន ទាំងលំនៅឋាន និងអាគារពាណិជ្ជកម្ម។ វិនិយោគិនជាច្រើនទៀត បានសម្លឹងមើលសក្ដានុពលទៅលើតំបន់នេះ ដោយសារតែតំបន់នេះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ដែលធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ឃើញថាការវិនិយោគលើផ្សារទំនើបធំៗ នៅតំបន់ប៉ែកខាងត្បូងក៏មានច្រើន ការអភិវឌ្ឍលើលំនៅឋានក៏ច្រើន»។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានលើកឡើងផងដែរថា ផ្លូវក្រវាត់ក្រុងទី៣ អាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវសំខាន់ៗជាច្រើនខ្សែទៀត បានជំរុញឱ្យសក្ដានុពលតំបន់ប៉ែកខាងត្បូងមានភាពទាក់ទាញ និងមានការវិនិយោគថ្មីៗជាបន្តបន្ទាប់ ដូច្នេះតំបន់នេះនៅពេលអនាគតនឹងកាន់តែមានសក្ដានុពលខ្លាំងឡើងបន្ថែមទៀត ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content