ថ្មីៗនេះបុគ្គលដែលជាសកម្មជនដ៏លេចធ្លោម្នាក់នៅក្នុងចលនាសន្តិភាព និងការប្រឆាំងថាមពលនុយក្លេអ៊ែររបស់ប្រទេសជប៉ុនម្នាក់បានសម្តែងការសង្ស័យនិងភ័យព្រួយខ្លាំងអំពីផែនការដំណើរការឡើងវិញនៃប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa។
លោកបានលើកឡើងថាការសម្រេចចិត្តនាពេលចុងក្រោយនេះនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសជប៉ុនពិតជាបានគំរាមកំហែងនិងធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណនៃកិច្ចព្រមព្រៀងសន្តិភាពក្រោយសង្គ្រាមលោកខ្លាំងណាស់។
លោក Akira Kawasaki ត្រូវបានគេស្គាល់ថាជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិសន្តិភាព ដែលជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងតូក្យូហៅឈ្មោះថា Peace Boadនិងជាសមាជិកនៃក្រុមដឹកនាំអន្តរជាតិនៃយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ICAN។លោកបានចែករំលែកទស្សនៈរបស់ខ្លួននៅក្នុងបទសម្ភាសន៍មួយជាមួយនឹងបណ្តាញទូរទស្សន៍ចិនCGTNនិងត្រូវបានដកស្រង់សំដីមកចេញផ្សាយដោយកាសែតរបស់ប៊ុលហ្គារី Novinataកាលពីថ្ងៃអង្គារទី២៣ខែធ្នូម្សិលមិញនេះ។

ការអត្ថាធិប្បាយរបស់លោក Kawasaki បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកថាខេត្ត Niigata របស់ប្រទេសជប៉ុនបានអនុម័តឲ្យមានការចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ដែលជារោងចក្រដ៏ធំបំផុតរបស់ពិភពលោកជាលើកដំបូងពោលគឺ ជិត១៥ឆ្នាំបន្ទាប់ពីគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima ។
យោងតាមការអនុម័តពីសំណាក់សភាថ្នាក់ខេត្តបានផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO)ដើម្បីចាប់ផ្តើមប្រតិបត្តិការនុយក្លេអ៊ែរឡើងវិញជាលើកដំបូងក្រោយឧបទ្ទវហេតុនៅរោងចក្រថាមពល Fukushima ដែលគ្រានោះកើតឡើងក៏ដោយសារតែជប៉ុនបានទទួលរងគ្រោះធម្មជាតិពីសំណាក់រលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ២០១១ ។លោកKawasaki បានចង្អុលបង្ហាញពីកង្វល់ដ៏ធ្ងន់ធ្ងរជុំវិញការសម្រេចចិត្តនេះ ជាពិសេសក្នុងចំណោមប្រជាជនក្នុងតំបន់និងនៅក្នុងខេត្ត Niigata ដោយផ្ទាល់តែម្តង។
លោក Kawasaki បានពោលបែបនេះថា៖មានការសង្ស័យយ៉ាងខ្លាំងថាតើរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwaថ្មីនេះនឹងអាចត្រៀមខ្លួនរួចរាល់ហើយដើម្បីការចាប់ផ្តើមឡើងវិញក្នុងលក្ខណៈដែលអាចទុកចិត្តបាន និងសុវត្ថិភាពខ្ពស់កម្រិតណា។

ផ្អែកលើការស្ទង់មតិពីសំណាក់ពលរដ្ឋនៅក្នុងខេត្ត Niigataបានបង្ហាញថាពួកគេភាគច្រើននៅតែមានការព្រួយបារម្ភអំពីកង្វះខាតនៃផែនការជម្លៀសក្នុងករណីបន្ទាន់ណាមួយ ឬក្នុងករណីការខូចខាតដែលអាចកើតមានចំពោះឧស្សាហកម្ម និងជីវភាពរស់នៅរបស់ពួកគេ ក្នុងករណីដែលនឹងអាចកើតមានឡើងនូវបែកធ្លាយនិងផ្ទុះរោងចក្រនុយក្លេអ៊ែរសាជាថ្មី។
លោក Kawasaki ក្នុងនោះក៏បានបារម្ភអំពីលទ្ធភាពនៃការបង្កើតផែនការសម្រាប់ការដោះស្រាយកាកសំណល់នុយក្លេអ៊ែរនិងជាពិសេសអំពីសន្តិសុខនៃការរីកសាយភាយសារធាតុនុយក្លេអ៊ែរផងដែរ។
ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីSanae Takaichi ក្នុងការពិនិត្យឡើងវិញនូវគោលការណ៍គ្មាននុយក្លេអ៊ែរដែលមានអាយុកាលជាង៣ទសវត្សរ៍របស់ប្រទេសជប៉ុន លោក Kawasaki បានគូសបញ្ជាក់ថាការផ្លាស់ប្តូរណាមួយអាចធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់រូបភាពរបស់ប្រទេសជប៉ុនពាក់ព័ន្ធទៅនឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាពជាមិនខាន។
គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃចុងក្រោយនេះមានព័ត៌មានជាច្រើនពាក់ព័ន្ធទៅនឹងវិស័យថាមពលនុយក្លេអ៊ែររបស់ជប៉ុនដោយក្នុងនោះគេទទួលដំណឹងថារដ្ឋាភិបាលរបស់លោកស្រី Takaichi Sanae បានលើកឡើងអំពីភាពចាំបាច់ដែលប្រទេសជប៉ុនគួរតែចាប់ផ្តើមផលិតអាវុធនុយក្លេអ៊ែរសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដោយសារតែមើលឃើញថាបរិយាកាសសន្តិសុខជាតិនិងពិភពលោកបច្ចុប្បន្នកាន់តែមានសភាពអាក្រក់ទៅៗ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content