ភ្នំពេញ ៖ វេទិកាប្រចាំឆ្នាំលើកទី៥ ស្តីពីការផ្ទេរបច្ចេកវិទ្យា ក្រោមប្រធានបទ «ការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាពសម្រាប់សហគ្រាសអាហារធុនមីក្រូ តូច និងមធ្យម តាមរយៈការផ្ទេរបច្ចេកវិទ្យា» បានកំណត់ទិសដៅច្បាស់លាស់សម្រាប់ពង្រឹងឧស្សាហកម្មចំណីអាហាររបស់កម្ពុជា តាមរយៈការចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យា ដោយផ្តោតកិច្ចពិភាក្សាលើការកាត់បន្ថយពីការពឹងផ្អែកលើទំនិញនាំចូល និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសផលិតអាហារក្នុងស្រុក។
វេទិកានាពាក់កណ្តាលសប្តាហ៍នេះ បានប្រមូលផ្ដុំអ្នកចូលរួមប្រមាណ ១៣០នាក់ តំណាងក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ ធុរកិច្ចវិស័យអាហារ គ្រឹះស្ថានស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធរវាងការស្រាវជ្រាវ និងតម្រូវការជាក់ស្តែងក្នុងឧស្សាហកម្ម។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការ និងជានាយកខុទ្ទការល័យ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖
«កម្ពុជាមិនអាចត្រឹមតែជាអ្នកទទួលយកបច្ចេកវិទ្យាតែពីក្រៅតែប៉ុណ្ណោះទេ តែយើងត្រូវពង្រឹងខ្លួនឯងពីខាងក្នុង និងផ្តោតលើការពង្រឹងសមត្ថភាព នវានុវត្តន៍ជាតិ បង្កើនផលិតភាព និងការត្រៀមលក្ខណៈដើម្បីឱ្យសហគ្រាសផលិតអាហារក្នុងស្រុកអាចប្រកួតប្រជែង រីកចម្រើន និងចូលរួមយ៉ាងសកម្មក្នុងទីផ្សារតំបន់ និងសកល»។
គួរជម្របាថា៖ វេទិកាខាងលើនេះក៏បានពិភាក្សាអំពីបញ្ហាប្រឈមសម្រាប់សហគ្រាសផលិតអាហាររួមទាំងការបន្តប្រើវិធីសាស្ត្រ និងបច្ចេកវិទ្យាហួសសម័យសង្គតិភាពនៃគុណភាពការវេចខ្ចប់អនុលោមភាពតាមស្តង់ដារសុវត្ថិភាពអាហារ និងការឈានចូលទីផ្សារ។

ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចអំពីឧបសគ្គដែលសហគ្រាសផលិតអាហារកំពុងប្រឈម ពិសេសការប្រែក្លាយលទ្ធផលនៃការស្រាវជ្រាវ ទៅជាដំណោះស្រាយជាក់ស្តែងសម្រាប់ឧស្សាហកម្ម។
ឯកឧត្តមបានលើកឡើងថា៖
«សហគ្រាសអាហារប្រឈមបញ្ហាមួយចំនួន រួមមានលទ្ធភាពទទួលបានវត្ថុធាតុដើមដែលមានគុណភាពប្រកបដោយទំនុកចិត្ត កិច្ចសហប្រតិបត្តិការ ការផ្សារភ្ជាប់ទីផ្សារ និងការនាំចេញ ជំនាញទន់ និងសមត្ថភាពក្នុងការបំពេញអនុលោមភាពតាមស្តង់ដារ បទប្បញ្ញត្តិ និងលក្ខខណ្ឌតម្រូវទីផ្សារ»។
ជាមួយគ្នានេះ វេទិកាក៏បានពិភាក្សាអំពីតួនាទីរបស់សាកលវិទ្យាល័យក្នុងការគាំទ្រការស្រាវជ្រាវអនុវត្តន៍ (applied research) និងការអភិវឌ្ឍជំនាញសម្រាប់ឧស្សាហកម្មម្ហូបអាហារ រួមទាំងការធ្វើបទបង្ហាញដោយអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ។ ការបង្ហាញករណីសិក្សាពីសាធារណៈរដ្ឋកូរ៉េ បានចែករំលែកឧទាហរណ៍នៃគំរូផ្ទេរបច្ចេកវិទ្យាជោគជ័យ ដែលសហគ្រាសផលិតអាហារកម្ពុជាអាចចាប់យកមកអនុវត្ត៕






វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content