បរទេស ៖ តម្លៃប្រេងឆៅឡើងថ្លៃនៅទូទាំងពិភពលោកក្រោយសង្គ្រាមនៅអ៊ីរ៉ង់ផ្ទុះឡើងដោយសារតែការវាយប្រហារដំបូងពីសំណាក់សហរដ្ឋអាម៉េរិក រួមកម្លាំងគ្នាជាមួយអ៊ីស្រាអែល ប៉ុន្តែទោះជាយ៉ាងនេះក្ដី ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់ បូករួមទាំងការបង្កើតប្រភពថាមពលកកើតឡើងវិញថ្មីៗជាច្រើន។

ឥន្ធនៈហ្វូស៊ីលដែលបានមកពីប្រេងឆៅនៅតែជាប្រភពផ្តល់ថាមពលដ៏សំខាន់សម្រាប់ពិភពលោក ទោះបីជាថាមពលកកើតឡើងវិញមានចំនួនកាន់តែច្រើនស្ទើរគ្រប់ទីកន្លែង និងមានតម្លៃប្រើប្រាស់ទាបក៏ដោយ។ ជាក់ស្ដែង ក្រោមរូបភាពនៃសង្គ្រាមនៅមជ្ឈិមបូព៌ា រវាងសហរដ្ឋអាម៉េរិក សហការជាមួយអ៊ីស្រាអែល វាយសន្ធាប់ទៅអ៊ីរ៉ង់ ដែលជាប្រទេសនាំចេញប្រេងដ៏សំខាន់របស់ពិភពលោក គេបានមើលឃើញមានប្រទេសតិចណាស់ដែលអាចជៀសផុតពីការគំរាមកំហែងក្រោមការបិទច្រកនាំចេញប្រេងនៅច្រកសមុទ្រ Hormuz ។
ជុំវិញបញ្ហាឡើងតម្លៃប្រេងឆៅលើសពី១០០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ អ្នកជំនាញមកពីធនាគារសិង្ហបុរី OCBC បានលើកឡើងថា សម្រាប់ប្រទេសចិន បញ្ហានេះផ្តល់ផលប៉ះពាល់តិចតួចបំផុតដល់ប្រតិបត្តិការប្រចាំថ្ងៃធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីទាំងមូល ហើយបើទោះជាត្រូវអូសបន្លាយយូរជាងនេះទៀតក៏ចិនមិនទាន់ខ្វល់នោះដែរ។ ជាការកត់សម្គាល់ ក្នុងគ្រាដ៏លំបាកនេះ ទីក្រុងប៉េកាំង បានបង្ហាញមេរៀនដ៏មានតម្លៃមួយទៅដល់ប្រទេសផ្សេងទៀតដើម្បីត្រៀមខ្លួនឲ្យបានល្អជាងនេះ ជាពិសេស ក្នុងពេលដែលពិភពលោកជួបវិបត្តិថាមពលដែលបណ្តាលមកពីតម្លៃប្រេងឆៅកើនឡើងខ្លាំងហួសហេតុ។

អ្នកវិភាគនៅ OCBC ដដែលបានលើកឡើងទៀតថា៖ ចិនត្រឹមតែជាអ្នកស្តុកទុកប្រេងយុទ្ធសាស្ត្រដ៏ច្រើន និងពាណិជ្ជកម្មធំបំផុតរបស់ពិភពលោកនោះទេ ប៉ុន្តែក៏ជាប្រទេសដែលបានខិតខំអភិវឌ្ឍខ្លួន និងផ្លាស់ប្តូររបទថាមពលពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ទៅជាថាមពលស្អាតជាច្រើនទសវត្សរ៍រួចមកហើយ ពោលគឺតាំងពីប្រមាណ ២០ឆ្នាំមុន ដែលចិនបានព្យាយាមសិក្សា និងកាត់បន្ថយពីការពឹងផ្អែកលើប្រេងឆៅ ក៏ដូចលំហូរពាណិជ្ជកម្មប្រេងឆៅលើទីផ្សារអន្តរជាតិ។ ដោយឡែក សម្រាប់ប្រេងនៅក្នុងស្តុកវិញ កាលពីខែមករា ដើមឆ្នាំ២០២៦ ប្រទេសចិនមានស្តុកប្រេងឆៅនៅដីគោករហូតដល់ទៅ ១,២លានបារ៉ែល ពោលគឺប្រហែលជាអាចគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការក្នុងរយៈពេល ៣ ឬ ៤ខែ។ នេះមានន័យថា ផលប៉ះពាល់ចំពោះសេដ្ឋកិច្ចរបស់ចិនស្ទើរតែមិនមាននោះឡើយ។
ជាជំហានបន្ទាប់ នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ចិនបានដាក់ផែនការបង្កើនចំណែកប្រេងឥន្ធនៈមិនមែនហ្វូស៊ីល (non-fossil fuels) ឱ្យបាន ២៥ភាគរយនៃការប្រើប្រាស់សរុបរបស់ប្រទេស ខណៈដែលកាលពីឆ្នាំ២០២៥កន្លងទៅ ចិនបានធ្វើសម្រេចប្រមាណជា ២១,៧ភាគរយរួចទៅហើយ។
ការផ្លាស់ប្តូរដ៏ធំធេង និងស្ងប់ស្ងាត់របស់ចិនអស់រយៈពេលជាង២០ឆ្នាំកន្លងទៅនេះ បានក្លាយទៅជាមេរៀនដ៏គួរឲ្យស្ញប់ស្ងែង ដែលបានរុញច្រានឱ្យចិនក្លាយអ្នកខ្លាំងលំដាប់កំពូលនៅក្នុងទីផ្សារថាមពលសកលនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content