ភ្នំពេញ ៖ មិនថាស្ថិតនៅក្នុងបរិការណ៍ណានោះទេ វិស័យឯកជននៅតែជាដៃគូយ៉ាងសំខាន់មិនអាចខ្វះបានរបស់រដ្ឋាភិបាល ក្នុងនាមជាសសរស្តម្ភ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានភាពរីកចម្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានលើកឡើងថា រាជរដ្ឋាភិបាលតែងយកចិត្តទយកដាក់ និងបានចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់បំផុតមិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ មិនថាចំពោះពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។

ឯកឧត្តមបានបន្តឱ្យដឹងថា ដោយសារមើលឃើញពីភាពសំខាន់នៃវិស័យឯកជន កាលពីសប្ដាហ៍កន្លងទៅនេះ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ដោយមិនមែនគ្រាន់តែជាវេទិកាជួបជុំធម្មតានោះទេ ប៉ុន្តែគឺជាការផ្សព្វផ្សាយពីលទ្ធផលផ្លែផ្កាជាក់ស្តែងកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងការប្រែក្លាយរាល់ការប្តេជ្ញាចិត្តឱ្យទៅជាសកម្មភាពកែទម្រង់ដ៏រឹងមាំ សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ច និងវិនិយោគមួយដ៏មានភាពទាក់ទាញ និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៥កន្លងទៅនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរហូតដល់ ៦៣០ គម្រោង មានទុនសរុបជាង ១០ ពាន់លានដុល្លារ ហើយនៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ រដ្ឋាភិបាលបានចុះបញ្ជី និងអនុម័តលើគម្រោងស្នើសុំវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤,៧ ពាន់លានដុល្លារអាម៉េរិក។

ដោយឡែក ទំហំនៃការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៥ខែដំបូង (មករា-ឧសភា) ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ប្រមាណ ១៤,០៤ ពាន់លានដុល្លារ (កើនឡើង ១៩% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៥) ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា វិស័យឧស្សាហកម្មនឹងមានកំណើន ៧,២% ក្នុងឆ្នាំ២០២៦ បើទោះបីជាមានការប្រឈមនឹងគោលនយោបាយពន្ធគយសកលខ្លះក៏ដោយ។
សូមជ្រាបថា ទីផ្សារកំពូលទាំង ៥ នៃការនាំចេញរបស់កម្ពុជា (មករា-ឧសភា ២០២៦)សហរដ្ឋអាមេរិក (ចំណាត់ថ្នាក់លេខ១នាំចេញបានទឹកប្រាក់ ៥,៧៣ ប៊ីលានដុល្លារ ដែលស្មើនឹងជាង ៤០% នៃការនាំចេញសរុបរបស់កម្ពុជា។ ប្រទេសវៀតណាម ចំណាត់ថ្នាក់លេខ ២នាំចេញបានទឹកប្រាក់ ២,៣២ ពាន់លានដុល្លារ។ ទំនិញនាំចេញភាគច្រើនជា កសិផល (ដំឡូងមី ស្រូវ ស្វាយចន្ទី) និងផលិតផលពាក់កណ្តាលសម្រេច។ ប្រទេសចិន ចំណាត់ថ្នាក់លេខ ៣ នាំចេញបានទឹកប្រាក់ ៧៥៣,៣៧ លានដុល្លារ។ ទោះបីជាចិនជាទីផ្សារនាំចេញលេខ៣ ប៉ុន្តែចិនគឺជា ដៃគូពាណិជ្ជកម្មទ្វេភាគីសរុបធំបំផុត របស់កម្ពុជា ដោយសារកម្ពុជានាំចូលវត្ថុធាតុដើមពីចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រទេសជប៉ុន ចំណាត់ថ្នាក់លេខ ៤ជាទីផ្សារដ៏សំខាន់សម្រាប់សម្លៀកបំពាក់ និងកំពុងកើនឡើងខ្លាំងលើផ្នែកគ្រឿងបង្គុំអេឡិចត្រូនិក និងយានយន្ត។ ប្រទេសកាណាដា ជាប់ចំណាត់ថ្នាក់លេខ៥។
ពាក់ព័ន្ធនឹងសកម្មភាពនៅលើឆាកអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំឮកអំពីភាពជោគជ័យនៃបេសកកម្មគោះទ្វារវិនិយោគនាពេលថ្មីៗកន្លងទៅនេះនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិន។ ឯកឧត្តម ក៏បានបញ្ជាក់ពីទស្សនៈដែលជាយុទ្ធសាស្ត្រថា៖ រាជរដ្ឋាភិបាលមិនបានមើលឃើញភាពមិនប្រាកដប្រជារបស់សកលលោកជាឧបសគ្គនោះទេ ប៉ុន្តែកម្ពុជាកំពុងប្រែក្លាយវាឱ្យទៅជាកាលានុវត្តភាពសម្រាប់កម្ពុជា តាមរយៈការបង្ហាញពីសក្តានុពលពិត ភាពអំណោយផលនៃច្បាប់វិនិយោគ និងកែសម្រួលវិស័យភស្តុភារកម្ម ជាពិសេសបញ្ចុះនូវតម្លៃដឹកជញ្ជូនដែលអាចមានភាពប្រកួតប្រជែង៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content