ភ្នំពេញ ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុបានថ្លែងឱ្យដឹងថា កម្ពុជាត្រូវការតម្រង់ទិសអាទិភាពគោលនយោបាយចំពោះវិស័យសំខាន់ៗ ដែលរួមមាន ឡូជីស្ទីក កសិកម្ម អប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំពារសង្គម ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៣ ក៏ដូចជាការបោះចំណោលសម្រាប់រៀបចំថវិកាសម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងនៃប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងពិភាក្សាបញ្ហាប្រឈម និងសម្រួចអាទិភាពគោលនយោបាយក្នុងគោលដៅតម្រង់ទិសនៃការប្រើប្រាស់ធនធានដែលមានកម្រិតឱ្យកាន់តែចំទិសដៅ និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហា ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងគាំទ្រដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ក្នុងគោលដៅបង្កើនពិពិធកម្ម បង្កើនផលិតភាព និងលើកកម្ពស់ភាពប្រកួតប្រជែង ព្រមទាំងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមបានបន្តលើកឡើងថា ថវិកាឆ្នាំ២០២៣ ជាថវិកាវិត្ថារកម្ម (Expansionary budget) ដើម្បីបង្កើនចំណាយតម្រង់ទៅលើអាទិភាពគោលនយោបាយ ក៏ដូចជាការខិតខំដោះស្រាយឱ្យបានជាសារវន្តនូវគោលដៅសំខាន់ ៗ ជាពិសេសការសន្យាទាំងឡាយរបស់រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ និងការទ្រទ្រង់ដល់ការអនុវត្តបញ្ចប់នូវក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ផងដែរ។
ក្រៅពីនេះ ថវិកាឆ្នាំ២០២៣ ក៏នឹងត្រូវទ្រទ្រង់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ និងការប្រកួតកីឡាស៊ីហ្កេម ដែលកម្ពុជាជាម្ចាស់ផ្ទះ ហើយត្រូវចំណាយថវិកាច្រើន ។ ដោយសារធនធានរបស់កម្ពុជាមានកម្រិត ដូចនេះ យើងចាំបាច់ណាស់ ត្រូវចេះប្រើប្រាស់ទាំងធនធាននេះ ឱ្យបានត្រឹមត្រូវចំទិសដៅ (Spending right) និងត្រូវមានភាពឆ្លាតវៃក្នុងការចាយវាយ (Spending wise) ថែមទៀត។នេះបើតាមឯកឧត្តមបានគូសបញ្ជាក់។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើង កម្ពុជាក្លាយជាប្រទេសដែលអាចគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ -១៩ បានល្អប្រសើរ និងបានបើកប្រទេស ឡើងវិញមុនគេ។ ប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចជាតិបានងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ ។ ប៉ុន្តែគួរឱ្យសោកស្តាយ ក្នុងពេលសេដ្ឋកិច្ចយើងចាប់ផ្តើមងើបឡើងវិញ កម្ពុជាក៏កំពុងតែទទួលការគំរាមកំហែងថ្មីមួយទៀត ដែលអាចជាវិបត្តិ (Shock)ទី២ កើតចេញអំពីស្ថានភាពមិនអំណោយផលនៃសេដ្ឋកិច្ចពិភពលោក ដោយសារការថមថយកំណើន ជាពិសេសបញ្ហាអតិផរណា តែម្តង។
ឯកឧត្តមបានបន្តថា កត្តាដែលធ្វើឱ្យមានបញ្ហាអតិផរណា គឺមិនមែនសង្គ្រាមអ៊ុយក្រែនទាំងស្រុងទេ ក៏ប៉ុន្តែសង្គ្រាមនេះបានសង្កត់បន្ថែម និងបង្កើនល្បឿនហក់ឡើងនៃអតិផរណាសាយភាយពេញពិភពលោក តាមរយៈការឡើងថ្លៃប្រេង និងថ្លៃម្ហូបអាហារ ដែលទំនិញទាំងពីរមុខនេះ ជាហេតុធ្វើឱ្យថ្លៃទំនិញសព្វសារពើឡើងថ្លៃ។ យើងអាចនិយាយបានថា អតិផរណា ពេលនេះខុសពីធម្មតា ដោយសារមូលហេតុទាំងផ្នែកផ្គត់ផ្គង់ (Supply side) និងទាំងផ្នែកតម្រូវការ (Demand side) ទាំងសងខាង។ ប្រការនេះបាននិងកំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកថមថយ ហើយអាចនាំទៅដល់វិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ច (Recession)។
ក្នុងន័យនេះ ការគិតគូររបស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៣ គឺនឹងផ្តល់អាទិភាពទី១ ទៅលើមនុស្ស ដោយតម្រង់ទៅលើការរក្សាលំនឹងជីវភាពរស់នៅ ការងារ និងប្រាក់ចំណូល ជាពិសេសការបន្តផ្តល់ជំនួយសង្គមដល់អ្នកក្រីក្រ (ក្រ១ និងក្រ២) ហើយអាចនឹងពង្រីកទៅដល់អ្នកក្បែរក្រ (Nearpoor) ថែមទៀត ដើម្បីទប់ទល់ និងសម្រាលសម្ពាធនៃអតិផរណាមកលើពួកគាត់ ក្នុងពេលមានវិបត្តិនេះ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏នឹងផ្តល់អាទិភាពបន្ទាប់ ឬទី២ ទៅលើការទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលកំពុងតែមាននេះ មិនបានឱ្យបាត់បង់ទៅវិញផងដែរ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធឡូជីស្ទីក ការអភិវឌ្ឍជំនាញ និងការលំអបរិយាកាសវិនិយោគ និងធុរកិច្ច ជាពិសេសការជំរុញអភិវឌ្ឍន៍ និងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាសន្តិសុខម្ហូបអាហារកម្ពុជាខ្លួនឯងផង ក៏ដូចជាដើម្បីជំរុញការនាំចេញទៅក្រ ប្រទេសផង ខណៈដែលពិភពលោកអាចប្រឈមមុខនឹងបញ្ហាខ្វះស្បៀងអាហារ។
ឯកឧត្តម បានបញ្ជាក់ថា នេះគឺជាស្លាបទាំងពីរដ៏សំខាន់នៃគោលនយោបាយថវិកាឆ្នាំ២០២៣ ដែលប្រទាក់ក្រឡាគ្នា ព្រោះថាការផ្តល់ជំនួយសង្គមដល់អ្នកក្រ និងអ្នកក្បែរក្រ មិនត្រឹមតែជាការដោះស្រា យបញ្ហាសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចវិញដែរ។ ដោយឡែក ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ក៏នឹងជួយបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាជន វិញផងដែរ។ ទន្ទឹមនេះ ការជំរុញផលិតភាព ក៏នឹងជួយបន្ថយកម្លាំង និងសម្រាលផលប៉ះពាល់ នៃអតិផរណាមកលើសេដ្ឋកិច្ច។
សូមបញ្ជាក់ថាបញ្ហាប្រឈម និងការសម្រួចអាទិភាពគោលនយោបាយ លើប្រធានបទសំខាន់ៗចំនួន៤ គឺ៖ ឡូជីស្ទីក កសិកម្ម អប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំពារសង្គម ដែលវិស័យទាំង៤នេះ មានបច្ច័យធំដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង។ ចំពោះលទ្ធផលនៃកិច្ចពិភាក្សានេះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការវិភាជថវិកាឆ្នាំ២០២៣ ឱ្យបានសមស្រប និងតម្រង់ចំណាយឱ្យចំអាទិភាពពិតប្រាកដ ដើម្បីម្ខាងផ្តល់ការគាំពារដល់ប្រជាជនកម្ពុជាក្នុងគ្រាលំបាកនេះ និងម្ខាងទៀត ដើម្បីទ្រទ្រង់ដល់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការទ្រទ្រង់ដល់ចលនាការនៃការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាឱ្យបានរឹងមាំ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content