បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា បញ្ហារាំងស្ទះជាច្រើនបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ដូចជាបណ្តាញប្រតិបត្តិការរបស់មនុស្ស ក្រុមហ៊ុន ការដឹកជញ្ជូន និងការផលិតទំនិញជាដើម។ នៅក្នុងឆ្នាំនេះ ការឡើងថ្លៃនៃតម្លៃជីវភាពរស់នៅបានប៉ះពាល់ដល់សេដ្ឋកិច្ចជាខ្លាំង ដោយសារទំនិញច្រើនប្រភេទបានឡើងថ្លៃ និងកំណើននៃតម្រូវការខ្លាំងចំពេលខ្វះការផ្គត់ផ្គង់។
សេដ្ឋកិច្ចបានទទួលរងនូវផលប៉ះពាល់ពីអតិផរណា និងការពន្យារពេលក្នុងការដឹកជញ្ជូនទំនិញមួយចំនួន ជាពិសេសពីប្រទេសអាស៊ី ហើយបញ្ជូនទៅទីផ្សារលោកខាងលិចជាដើម។ នេះគឺជាបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ចំនួន៥ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងការរស់នៅរបស់មនុស្ស៖
បញ្ហាទី១ ការឡើងថ្លៃនៃតម្លៃការរស់នៅ ដោយយសារកំណើនអតិផរណាកើនឡើងយ៉ាងខ្លាំង។ ប្រជាពលរដ្ឋតាមបណ្តាប្រទេសជាច្រើនងាយនឹងរងគ្រោះ ដោយសារការឡើងថ្លៃម្ហូបអាហារ និងតម្លៃថាមពលផ្សេងៗ។ អ្នកប្រើប្រាស់ចាំបាច់ត្រូវកាត់បន្ថយការចំណាយយ៉ាងខ្លាំងនៅរដូវរងានេះ ដែលធ្វើឱ្យតម្រូវការទំនិញ និងសេវាកម្មធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់។ បញ្ហានេះធ្វើឱ្យមានការលំបាកសម្រាប់អ្នករៀបចំផែនការខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងការប៉ាន់ប្រមាណឱ្យបានត្រឹមត្រូវជាមុននូវបរិមាណ និងប្រភេទទំនិញដែលអតិថិជនត្រូវការ ជាពិសេសក្នុងអំឡុងពេលបុណ្យណូអែល ផលិតផលមួយចំនួនពិបាកស្វែងរក ឬមានតម្លៃថ្លៃជាងមុន ដោយសារការផ្គត់ផ្គង់មានភាពតឹងតែង ដែលជំរុញឱ្យតម្លៃឡើងថ្លៃ។

បញ្ហាទី២ ភាពចលាចលការងារ ដោយសារការឡើងថ្លៃតម្លៃរស់នៅបានជំរុញឲ្យកម្មករទាមទារដំឡើងប្រាក់ឈ្នួល ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃអតិផរណាមកលើកញ្ចប់ប្រាក់ខែរបស់ពួកគេ។ ជាឧទាហរណ៍ ការធ្វើកូដកម្មពីក្រុមអ្នកបើកឡានដឹកទំនិញនៅកូរ៉េខាងត្បូងបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់កុំព្យូទ័រក្នុងរដូវក្តៅនេះ ខណៈពេលដែលមានការវាយប្រហារផ្លូវដែកនៅចក្រភពអង់គ្លេសបានប៉ះពាល់ដល់ការដឹកជញ្ជូនសម្ភារៈសំណង់។ កម្មករកំពង់ផែបានធ្វើកូដកម្មក្នុងប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានប៉ះពាល់ដល់មជ្ឈមណ្ឌលដឹកជញ្ជូនក្នុងប្រទេសអៀរឡង់ផងដែរ។ ម្យ៉ាងវិញទៀត បញ្ហាកង្វះអ្នកបើកបររថយន្តដឹកទំនិញនៅតែបន្តមាន និងកង្វះកម្លាំងពលកម្មបានរីករាលដាលដល់វិស័យផ្សេងទៀតដែលពាក់ព័ន្ធជាមួយខ្សែសង្វាក់ផ្គត់ផ្គង់ ដូចជាកំពង់ផែ និងឃ្លាំងជាដើម។ គួបផ្សំនឹងការកើនឡើងនៃតម្រូវការ e-commerce ចាប់តាំងអំឡុងពេលមានការរាតត្បាត បានធ្វើឲ្យប្រតិបត្តិការក្នុងអាជិវកម្មជាច្រើនកាន់តែមានភាពតានតឹង។
បញ្ហាទី៣ កង្វះខាតការផ្គត់ផ្គង់ថាមពល ដែលជំរុញឲ្យមានការឡើងថ្លៃតម្លៃថាមពល។ ការឡើងថ្លៃតម្លៃហ្គាស និងការកាត់បន្ថយការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ីកំពុងបង្ខំឱ្យក្រុមហ៊ុនអឺរ៉ុបរកមើលប្រភពថាមពលជំនួស ដូចជា ធ្យូងថ្មជាដើម ខណៈដែលការស្រាវជ្រាវពីអាល្លឺម៉ង់បង្ហាញថា ១៦ ភាគរយនៃក្រុមហ៊ុនក្នុងប្រទេស អាចនឹងកាត់បន្ថយការផលិតឡើងវិញ ឬមួយផ្នែកទៀតអាចនឹងបញ្ឈប់ប្រតិបត្តិការអាជីវកម្ម ដែលអាចប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ផលិតកម្មទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែប្រទេសដែលមិនសូវពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ក៏កំពុងជួបប្រទះនឹងការឡើងថ្លៃថាមពលដែលជាផលវិបាកធ្ងន់ធ្ងរសម្រាប់អាជីវកម្មផងដែរ។ ប្រទេសប៉ាគីស្ថានបានកាត់បន្ថយការងារមួយចំនួនដើម្បីកាត់បន្ថយតម្រូវការថាមពល ខណៈដែលប្រទេសន័រវេសបានកាត់បន្ថយការផលិតជី ដែលវាធ្វើឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់អាហារ។ ក្រុមហ៊ុនផលិតរថយន្តនៅចក្រភពអង់គ្លេសមានការព្រួយបារម្ភអំពីលទ្ធផលនៃការលក់របស់ពួកគេ ចំណែកឯរោងចក្រដំឡើងរថយន្ត និងរោងចក្រអេឡិចត្រូនិចជាច្រើននៅចិនបានចាប់ផ្តើមបិទដោយសារកង្វះថាមពល។ បញ្ហាទាំងអស់នេះបានបង្កឱ្យមានការរង្គោះរង្គើនៅតាមខ្សែសង្វាក់ផ្គត់ផ្គង់សកល។
បញ្ហាទី៤ ភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ។ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាដើមហេតុចម្បងបំផុតនៃអតិផរណាថាមពល និង គារឡើងថ្លៃម្ហូបអាហារ។ បញ្ហានេះបានរុញច្រានខ្សែសង្វាក់ផ្គត់ផ្គង់ទៅក្នុងភាពច្របូកច្របល់ ដែលជំរុញឱ្យមានវិបត្តិស្បៀងអាហារពិភពលោក។ ទិន្នផលកសិកម្មក្នុងប្រទេសកំពុងជួបបញ្ហាដោយសារកង្វះជី ខណៈពេលដែលមានបញ្ហាកង្វះការផ្គត់ផ្គង់ស្បៀងសម្រាប់ដោះស្រាយបញ្ហាទុរ្ភិក្សនៅក្នុងប្រទេសយេម៉ែន។ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយប្រធានសភាអាមេរិក Nancy Pelosi បានធ្វើឲ្យមានភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក ដែលបានរំខានដល់តំបន់ដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកកាលពីខែសីហាកន្លងទៅនេះ។
បញ្ហាទី៥ បញ្ហាបម្រែបម្រួលអាកាសធាតុដែលអាចអូសបន្លាយយូរជាងនេះសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងឆ្នាំនេះ គ្រោះរាំងស្ងួតបានធ្វើឱ្យកម្រិតទឹកធ្លាក់ចុះនៅជុំវិញពិភពលោក ដែលប៉ះពាល់ដល់ផ្លូវផ្គត់ផ្គង់ដឹកជញ្ជូនសំខាន់ៗ។ កម្រិតទឹកទាបមានន័យថា កប៉ាល់អាចដឹកបានតែផ្នែកមួយនៃទំនិញធម្មតារបស់ពួកគេប៉ុណ្ណោះ ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចដីនៅបាត។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ផ្នែកខ្លះនៃទន្លេ Yangtze ដែលរួមចំណែកធំចំពោះទិន្នផលសេដ្ឋកិច្ច ៤៥ ភាគរយដល់ប្រទេសចិន ត្រូវបានបិទដោយសារកម្រិតទឹកទាបជាង ៥០ នៃកម្រិតទឹកធម្មតា។ មួយភាគធំនៃទ្វីបអឺរ៉ុបក៏កំពុងជួបប្រទះនឹងស្ថានភាពគ្រោះរាំងស្ងួតផងដែរ ហើយវាអាចនឹងកាន់តែអាក្រក់ទៅៗ។ គ្រោះរាំងស្ងួតក៏បានវាយប្រហារចំពេលដែលទន្លេ Rhine និងទន្លេដទៃទៀតក្នុងការដឹកជញ្ជូនថាមពលផងដែរ។ ព្រឹត្តិការណ៍អាកាសធាតុខ្លាំងកាន់តែញឹកញាប់ និងកាន់តែអាក្រក់ទៅដោយសារការប្រែប្រួលអាកាសធាតុ៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content