បរទេស ៖ ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ។
សម្រាប់កញ្ចប់ថវិកាជំនួយប្រមាណ១០ពាន់លានដុល្លារនេះ គេជឿថានឹងត្រូវប្រមូលដើម្បីឲ្យក្រុមសម្ព័ន្ធមិត្តយកទៅបញ្ជាទិញអាវុធប្រភេទចំងាយឆ្ងាយៗ ដូចជា Patroit ជាដើម ប្រគល់ទៅឲ្យអ៊ុយក្រែន ខណៈដែលភាគច្រើននឹងត្រូវធ្វើការបញ្ជាទិញដោយផ្ទាល់ពីឃ្លាំងអាវុធរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ គម្រោងមូលនិធិនេះនៅមិនទាន់បានបង្ហាញអំពីលក្ខខណ្ឌលំអិតច្រើនជាងនេះនៅឡើយទេ ខណៈដែលបណ្តាប្រទេសជាច្រើនក៏មិនទាន់បានប្រតិកម្មឆ្លើយតបជាមួយនឹងលោក Trump នៅឡើយដែរ ពីព្រោះថាវាទើបតែត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយលោកប្រធានាធិបតី Trump នៅចំពោះមុខអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅអគារសេតវិមានកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះប៉ុណ្ណោះ។
គួរកត់សម្គាល់ថា ពាក់ព័ន្ធទៅនឹងគម្រោងបង្កើតមូលនិធិកញ្ចប់ថវិកាជំនួយ ១០ពាន់លានដុល្លារនេះ បារាំង គឺជាប្រទេសមុនគេដែលបានបញ្ជាក់ប្រាប់ទៅកាន់ក្រុមសម្ព័ន្ធមិត្តថា នឹងមិនចូលរួមក្នុងគំនិតផ្តួចផ្តើមនេះទេ។ ជាក់ស្តែង ក្រុងប៉ារីស កំពុងប្រឈមមុខទៅនឹងបញ្ហាបែងចែកថវិកាជាតិសម្រាប់បញ្ហាផ្ទៃក្នុងនៅឡើយបូករួមទាំងការសម្រេចចិត្តបង្កើនវិស័យយោធាខ្លួនឯងផង ក៏ដូចជាបញ្ហាបំណុលជាតិផងដែរ។
ដោយឡែកសម្រាប់អ៊ីតាលីវិញ គឺជាប្រទេសទី២ ដែលបានបដិសេធក្នុងការធ្វើបដិភាគថវិកាសម្រាប់ផែនការនេះ ប៉ុន្តែយ៉ាងណាក្តី ខ្លួននឹងនៅតែគាំទ្រក្នុងលក្ខខណ្ឌកិច្ចការងារដឹកជញ្ជូនអាវុធទៅជួយដល់អ៊ុយក្រែនដូចជាធម្មតាដដែល។
ងាកទៅកាន់ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសគាំទ្រអ៊ុយក្រែនខ្លាំងជាងគេបន្ទាប់ពីអាម៉េរិកឯណោះវិញបានបង្ហើបអំពីគោលជំហគាំទ្រកម្មវិធីមូលនិធិមួយនេះ ប៉ុន្តែមិនទាន់សម្រេចចិត្តជាផ្លូវការនៅឡើយ ហើយនឹងបន្តរង់ចាំមើលថា តើលក្ខខណ្ឌលំអិត និងវិធីសាស្ត្រនៃការបែងចែកលុយនោះនឹងធ្វើឡើងដោយរបៀបណាជាមុនសិន៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content