ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងទំហំទឹកប្រាក់ចំនួន ៨៧០លានដុល្លារ កើនឡើង ៦៤ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ដែលមានត្រឹម ៥២៧លានដុល្លារអាម៉េរិកប៉ុណ្ណោះ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សំបកកង់រថយន្ត គឺជាផលិតផលសក្តានុពលថ្មីសម្រាប់ការនាំចេញទៅក្រៅប្រទេស។ ការកើនឡើងគួរឱ្យកត់សម្គាល់នៃបរិមាណនាំចេញសំបកកង់រថយន្ត បានបង្ហាញពីភាពជោគជ័យនៃការធ្វើពិពិធកម្មលើការនាំចេញផលិតផលរបស់កម្ពុជាក្រោមយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ៖ ផលវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ បានពង្រីកច្រកទ្វារទីផ្សារកាន់តែធំទូលាយសម្រាប់កម្ពុជា ខណៈដែលក្រុមហ៊ុន ក៏ដូចជារោងចក្រចិនធំៗបានមកវិនិយោគដោយបង្កើតរោងចក្រផលិតសំបកកង់រថយន្តជាបន្តបន្ទាប់ ដែលក្រៅពីជួយបង្កើតឱកាសការងារដល់ពលរដ្ឋ ផ្តល់ពន្តដល់រដ្ឋាភិបាល ថែមទាំងបានជួយបង្កើនទំហំតម្រូវការទីផ្សារជ័រកៅស៊ូកម្ពុជាបានយ៉ាងទូលាយ។ ជាក់ស្ដែង ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥ ការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកបានកើនឡើង៨៩ភាគរយ ស្មើនឹង ៧៥ ៥២៣តោន មានទឹកប្រាក់ចំណូលដុលពីការលក់ក្នុងស្រុកជិត ១៣៧ លានដុល្លារ។

លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួមនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា សម្រាប់ទិដ្ឋភាពជាក់ស្តែង គឺទិន្នផលជ័រកៅស៊ូនៅកម្ពុជាដែលប្រមូលបានក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៥ គឺមានបរិមាណសរុប ២១៨ ១១៨តោន កើនឡើង ២,២៤%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៥ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង ៧៨%នៃផ្ទៃដីកៅស៊ូសរុប និងផ្ទៃដីថែទាំ ៩៥ ១៨៤ហិកតា ស្មើនឹង ២២ភាគរយ ខណៈដែលបច្ចុប្បន្ន មានរោងចក្រផលិតសំបកកង់រថយន្ត យ៉ាងហោចណាស់ចំនួន ៦ កំពុងដំណើរការ ដែលរោងចក្រទាំងអស់នេះសុទ្ធតែមានតម្រូវការជ័រកៅស៊ូស្ថិតនៅក្នុងស្រុក៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content