ភ្នំពេញ ៖ ស្វាយរៀង ត្រូវបានចាត់ទុកថាជាខេត្តមួយដែលមានភាពទាក់ទាញសម្រាប់ការវិនិយោគក្នុងចំណោមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ន ខេត្តដែលមានសក្ដានុពលមួយនេះមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការរហូតដល់ ១៣ទីតាំង ដែលដើរតួនាទីជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគនានាដ៏មានប្រសិទ្ធភាពបំផុត ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅក្នុងខេត្តស្វាយរៀង ក្នុងគោលបំណងក្ដាប់យកព័ត៌មានវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជន ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅក្នុងខេត្តស្វាយរៀង កំពុងមានភាពមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រដែលនឹងចាប់ដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយមានតម្រូវការកម្មករ និយោជិតរាប់ពាន់កន្លែងសម្រាប់ជូនបងប្អូនកម្មករ ជាពិសេសចំពោះពលករដែលទើបត្រលប់មកពីប្រទេសថៃ ។ មួយគ្នានោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីៗមួយចំនួន ដូចជាក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាង អ៊ីធើណេសិនណល់ មានសហគ្រាសវិនិយោគខ្លះកំពុងធ្វើការផលិតនូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញទៅប្រទេសចិនវិញ ដើម្បីផលិតជាផលិតផលសម្រេច ដែលនេះក៏ជាសញ្ញាណថ្មីមួយបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យដឹងផងដែរថា មានគម្រោងវិនិយោគធំៗជាច្រើនបានបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្តស្វាយរៀង ដូចជាគម្រោងរោងចក្រផលិតសំបកកង់ឡានដែលមានតម្លៃទុនវិនិយោគរាប់សិបលានដុល្លារអាម៉េរិក រោងចក្រដំឡើងកង់ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងរោងចក្រសហគ្រាសជាច្រើនទៀត ធ្វើឱ្យកំណើននៃការសាងសង់រោងចក្រនៅខេត្តស្វាយរៀងមានសកម្មភាពមមាញឹក ជាពិសេសនៅក្រុងបាវិតជាប់ព្រំដែនកម្ពុជា-វៀតណាម ។

លោក ពុត ចន្តារិទ្ធអគ្គលេខាធិការសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានមានប្រសាសន៍ប្រាប់សារព័ត៌មាន AMS Economy នាពេលកន្លងមកនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាតំបន់នៅតាមព្រំដែន ក្នុងនោះមានក្រុងបាវិត ខេត្តស្វាយរៀង ឃើញថា មានតម្រូវការនៃការសាងសង់សំណង់ធំៗកើនឡើងខ្ពស់ ដែលធ្វើឱ្យការផ្គត់ផ្គង់ស៊ីម៉ង់ត៍ទៅកាន់តំបន់នោះមានកំណើនខ្ពស់ ខណៈដែលការផលិតស៊ីម៉ងត៍នៅក្នុងស្រុកអាចឆ្លើយតបទៅនឹងតម្រូវការបានគ្រប់គ្រាន់ ៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content