ភ្នំពេញ ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានកត់សម្គាល់ឃើញថា ការចុះត្រួតពិនិត្យ និងបង្ក្រាបទំនិញតាមឃ្លាំងខុសនីតិវិធីច្បាប់របស់សមត្ថកិច្ចជាសេរី និងទ្រង់ទ្រាយធំក្នុងពេលថ្មីៗនេះបានបង្កើតឱ្យមានវិបត្តិហិរញ្ញវត្ថុអាជីវកម្ម។ វិបត្តិដោយសារមានការផ្អាកផលិតកម្ម និងធ្វើឱ្យធុរជនបាត់បង់ចំណូលភ្លាមៗ ព្រមទាំងប្រឈមនឹងការខ្វះលទ្ធភាពសងបំណុលធនាគារ។
ការកត់សម្គាល់ធ្វើឡើងក្នុងឱកាសដែលមន្រ្តីគយ និងសមាគមអ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយពីរកឃើញថា ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយ និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលផ្ដោតសំខាន់លើការស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង រួមទាំងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី។

លោកបណ្ឌិត មាស នី អ្នកតាមដានសង្គមកម្ពុជា បានកត់សម្គាល់ពីផលអវិជ្ជមានមួយចំនួន ដែលបង្កប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ ដោយលោកយល់ថា ការចុះបង្ក្រាបឃ្លាំងទំនិញខ្លះ បានធ្វើឡើងទៅតាមបទបញ្ជា ប៉ុន្តែ មិនមែនធ្វើឡើយទៅតាមច្បាប់។
លោកបណ្ឌិតបញ្ជាក់ថា ៖
«អ្វីដែលជាក្ដីព្រួយបារម្ភគឹវិធានការនៃការចុះឆែកឆេហ្នឹង ជួនកាលវាអាចធ្វើឲ្យមានការប៉ះពាល់ទៅដល់របររកស៊ីរបស់អាជីវករស្លូតត្រង់»។
ចំណែក លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ចាត់ទុកការចុះបង្ក្រាបទំនិញតាមឃ្លាំង គឺជាគោលការណ៍ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ។ ប៉ុន្តែ យ៉ាងណាលោកស្នើឲ្យអាជ្ញាធរស្រាវជ្រាវឲ្យបានច្បាស់ ចៀសវាងមានអ្នករងគ្រោះដោយសារតែបញ្ហានេះ។
លោកបណ្ឌិតថា ៖
«គួរតែស្រាវជ្រាវរកឬសគល់នៃការនាំចូលទំនិញ និងមន្រ្តីខិលខូចដែលបើកដៃឲ្យទំនិញទាំងអស់នេះហូរចូលមក»។
យ៉ាងណាក៏ដោយ នៅកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា ក៏បានឯកភាពស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់៕ ដោយ ៖ ខន ណារី AMS




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content