ភ្នំពេញ ៖ ក្រោយការឈ្លានពានទឹកដីពីសំណាក់យោធាថៃ ប្រជាពលរដ្ឋកម្ពុជាបានចូលរួមទៅតាមលទ្ធភាពជាមួយរាជរដ្ឋាភិបាល ដើម្បីតតាំងសត្រូវ។ អាវុធដ៏មានប្រសិទ្ធភាពមួយ ដែលពលរដ្ឋកម្ពុជាបានប្រើប្រាស់ គឺពហិការទំនិញគ្រប់ប្រភេទរបស់ថៃ ព្រោះពលរដ្ឋកម្ពុជាមិនចង់ឲ្យថៃយកប្រាក់ចំណេញពីកម្ពុជាទៅប្រើប្រាស់ដើម្បីវាយប្រហារលើកម្ពុជាវិញនោះឡើយ។ តែឆ្លងកាត់តាមពេលវេលា សន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកហាក់មិនសូវខ្លាំងក្លាដូចពេលផ្ទុះសង្គ្រាមនោះឡើយ ខណៈដែលទំនិញពីប្រទេសផ្សេងៗទៀតក៏បានច្រៀតចូលមកប្រកួតប្រជែងទីផ្សារផងដែរ។
អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃនៅកម្ពុជាជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក។ ទោះបីយ៉ាងណា ក្រុមអាជីវករមួយចំនួនបានអះអាងថា ការលក់ដូរផលិតផលជាតិបានថយចុះមកវិញខ្លះ ពោលគឺមិនខ្លាំងក្លាដូចកាលពីផ្ទុះសង្គ្រាមដំបូងនោះឡើយ។

អ្នកស្រី គឹម ស្រីរ័ត្ន ម្ចាស់អាជីវកម្ម «ខេបូម៉ាត» បានកត់សម្គាល់ថា ពលរដ្ឋខ្មែរនៅតែបន្តពហិការទំនិញថៃយ៉ាងសកម្ម ដោយពួកគេប្រុងប្រយ័ត្នពិនិត្យមើលអក្សរ ឬស្លាកសញ្ញាសម្គាល់ផលិតផលថៃមុននឹងទិញ ចំពេលដែលម៉ាតរបស់អ្នកស្រីផ្ទាល់ក៏បានបញ្ឈប់ការដាក់លក់ទំនិញថៃផងដែរ។ ទោះជាយ៉ាងណា ម្ចាស់ម៉ាតរូបនេះបានគូសបញ្ជាក់ថា សន្ទុះនៃការគាំទ្រផលិតផលខ្មែរនាពេលបច្ចុប្បន្ន បានថយចុះជាបន្តបន្ទាប់ បើធៀបនឹងកំឡុងពេលផ្ទុះជម្លោះព្រំដែនដំបូង។ អ្នកស្រី ស្នើឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលក្នុងស្រុកឡើងវិញ ដើម្បីជួយលើកកម្ពស់ជីវភាពអ្នកផលិត និងជំរុញសេដ្ឋកិច្ចជាតិ។
ដូចគ្នានេះដែរ អ្នកស្រី ហែល មិនា អាជីវករនៅផ្សារអ្នកលឿងថ្មី បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាឈប់ប្រើប្រាស់ទំនិញថៃ បន្ទាប់ពីអ្នកស្រីសង្កេតឃើញថា ពលរដ្ឋមួយចំនួននៅតែបន្តគាំទ្រ ហើយទំនិញថៃក៏នៅតែបន្តមានការនាំចូលមកកាន់ទីផ្សារនៅឡើយ។
កញ្ញា ញឹម តូចរ៉េននីកា សិល្បការិនីនៅខេត្តកំពង់ចាម បានឈប់ប្រើផលិតផលថៃក្រោយមានជម្លោះ ដោយជំនួសប្រើផលិតផលចិន កូរ៉េ និងផលិតផលខ្មែរ។
ជាការកត់សម្គាល់ បើទោះបីជាអាជីវករ និងម្ចាស់ម៉ាតមួយចំនួន អះអាងថាការលក់ដូរមានការថយចុះក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាច្រើននៅតែបន្តប្តេជ្ញាចិត្តគាំទ្រផលិតផលក្នុងស្រុក និងប្រកាសពហិការទំនិញថៃយ៉ាងដាច់អហង្ការ។
ស្របពេលដែលប្រជាពលរដ្ឋកម្ពុជានៅតែបន្តចលនាពហិការទំនិញថៃយ៉ាងសកម្ម សេដ្ឋកិច្ចថៃកំពុងប្រឈមមុខនឹងការដាំក្បាលចុះ ហើយក្រុមហ៊ុនថៃធំៗបានសម្រេចចិត្តដកខ្លួន ឬកាត់បន្ថយសកម្មភាពអាជីវកម្មនៅកម្ពុជាជាបន្តបន្ទាប់។ ការឈ្លានពានមិនទាន់បានបញ្ចប់ទេ ទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋកម្ពុជាក៏មិនបានថមថយដែរ ហើយចលនាធ្វើពហិការទំនិញថៃក៏ទំនងជាបន្តទៅមុខយូរអង្វែងទៀត៕ ដោយ ៖ ទួន សុផល + ជាវ ចន្ធូ




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content