ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅឆ្នាំ២០២៤នេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដែលជាដៃគូសេដ្ឋកិច្ចពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ដូចជា សហរដ្ឋអាមេរិក តំបន់អឺរ៉ុប ចិន ជប៉ុន និងអាស៊ានបូកបី (អាស៊ាន ចិន កូរ៉េ និងជប៉ុន) សុទ្ធតែបង្ហាញនូវសញ្ញាវិជ្ជមាន ដែលនឹងជះផលល្អដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្តម ផាន់ ផល្លា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ីភ្នំពេញសហរដ្ឋ នៅក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បានថ្លែងថា អាមេរិក តំបន់អឺរ៉ុប ចិន ជប៉ុន និងអាស៊ានបូកបី (អាស៊ាន ចិន កូរ៉េ និងជប៉ុន) នៅតែជាដៃគូដ៏ប្រសើរសម្រាប់ពាណិជ្ជកម្មកម្ពុជា។
ឯកឧត្តម ផាន់ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ៖
«យើងអាចវាយតម្លៃបានថា សម្រាប់ឆ្នាំ២០២៤នេះ ជាសញ្ញាមានភាពវិជ្ជមាន នៅក្នុងដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ហើយនឹងអាចផ្តល់ផលល្អដល់កម្ពុជា»។

ឯកឧត្តម រដ្ឋលេខាធិការបញ្ជាក់ថា នៅឆ្នាំ២០២៣ និង២០២៤ សេដ្ឋកិច្ចរបស់កម្ពុជា មានសុទិដ្ឋិនិយមក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចល្អ ដោយឆ្នាំ២០២៣ អាចសម្រេចបាន ៥.៦ភាគរយ។ ការកើនឡើងនៃសេដ្ឋកិច្ចគាំទ្រ ដោយការងើបឡើងវិញនៃវិស័យទេសចរណ៍, ការកើនឡើងនៃការនាំចេញផលិតផលមិនមែនកាត់ដេរ ដែលឈានដល់ចំណុចខ្ពស់ ជាការនាំចេញផលិតផលកាត់ដេរ, លទ្ធផលល្អនៃវិស័យកសិកម្ម ទទួលបានតម្លៃខ្ពស់។
ឯកឧត្តមបានបន្តថា សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថាមានកំណើន ៦.៦ភាគរយ ដោយសារសញ្ញាវិជ្ជមាន នៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ហើយវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏នៅតែរំពឹងថាមានកំណើនល្អ។ ចំណែកវិស័យទេសចរណ៍ ក៏រំពឹងថានឹងបន្តកើនឡើងផងដែរ ខណៈវិស័យកាត់ដេរ បានបង្ហាញសញ្ញាមានកំណើនឡើងវិញ នៅដើមឆ្នាំ២០២៤នេះ។

យោងតាមស្ថិតិពាណិជ្ជកម្មនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជា គឺសម្រេចបានក្នុងទំហំទឹកប្រាក់ ១ ៩៦៧លានដុល្លារ។ ទំហំនេះកើនដល់២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ ក្នុងចំណោមទីផ្សារធំៗទាំង២០របស់កម្ពុជាក្នុងពិភលោក គឺសហរដ្ឋអាមេរិក ជាទីផ្សារលំដាប់ទី១ ដោយទំនិញដែលកម្ពុជានាំទៅប្រទេសអាមេរិក នៅក្នុងខែមករា មានចំនួនប្រមាណ៦២៦លានដុល្លារ កើន ១១,៤ភាគរយ។
ចំពោះការនាំចេញរបស់កម្ពុជាទៅវៀតណាម កើនរហូតដល់ជាង១១៦,៦ភាគរយ ដែលមានទំហំទឹកប្រាក់ ៣៧៣លានដុល្លារ ខណៈនាំចេញទៅប្រទេសចិនសម្រេចបាន១២១លានដុល្លារ កើន៥០ភាគរយ សម្រាប់ខែដំបូង នៃឆ្នាំ២០២៤។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនដែលជាទីផ្សារធំលំដាប់ទី៤ សម្រេចបានជិត១១៧លានដុល្លារ កើន១១,៨ភាគរយ ផងដែរ។

ស្ថិតិពាណិជ្ជកម្មនាំចេញរបស់អគ្គនាយកដ្ឋាគយបានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសដៃគូក្នុងពិភពលោកបានប្រមាណ៤០០០លានដុល្លារ។ ក្នុងនោះមានការនាំចូលមាន ២ ០៩០លានដុល្លារ។
មន្រ្តីនៃក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះ ត្រូវបានព្យាករថា នឹងងើបល្អប្រើសើរឡើងវិញ និងរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២.៩៥៧ប៊ីលានរៀល ស្មើនឹងប្រមាណ ៣៥.១៦៨លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២០៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង ១.៩១៧ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។

សូមបញ្ជាក់ថា កាលឆ្នាំ២០២៣ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបាន ៤៦ ៨២៨លានដុល្លារ ដោយក្នុងនោះការនាំចេញមាន ២២ ៦៤៤លានដុល្លារ ចំណែករីឯនាំចូលវិញ មាន ២៤ ១៨៣លានដុល្លារ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content