ភ្នំពេញ ៖ ក្នុងគោលំណងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋមករកសេវាសាធារណៈពាក់ព័ន្ធនឹងដែនដី ដូចជា សេវាកាត់ប្លង់ ផ្ទេរកម្មសិទ្ធិ និងសេវាកម្មនានា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគិតគូរ និងជំរុញឱ្យមានការប្រែក្លាយច្រកចេញចូលតែមួយទៅជាមជ្ឈមណ្ឌលប្រជាជនក្នុងពេលឆាប់ៗ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា សេវាសព្វថ្ងៃនេះ មិនអាចបំពេញនូវអ្វីដែលប្រជាពលរដ្ឋចង់បាន និងដូចអ្វីដែលធ្លាប់គ្រោងធ្វើនោះទេ ពីព្រោះតម្រូវការមានច្រើន និងការរំពឹងខ្ពស់ ដូច្នេះហើយ ត្រូវតែប្រែក្លាយច្រកចេញចូលតែមួយឱ្យទៅជាមជ្ឈមណ្ឌលប្រជាជន ។ មជ្ឈមណ្ឌលប្រជាជននេះ បានន័យថា ប្រជាពលរដ្ឋមករកសេវាអ្វីគឺមាននៅតែកន្លែងតែមួយ ឬមិនចាំបាច់ធ្វើដំណើរទៅរកសេវានៅកន្លែងផ្សេង ដោយអាចប្រើប្រាស់នៅផ្ទះក៏បាន និងអាចស្វែងរកសេវាដោយខ្លួនឯងបាន ។

ឯកឧត្តមបន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់បញ្ចូលសេវាដែនដីប្រមាណជាង ១ពាន់សេវាកម្មនៅក្នុងអនឡាញ ដែលប្រជាពលរដ្ឋអាចស្វែងរកបានដោយខ្លួនឯងនៅតាមអនឡាញ ហើយនឹងដាក់ជាបន្តបន្ទាប់ឱ្យបានទាំងអស់ក្នុងពេលឆាប់ៗនេះ ខណៈដែលការងារនេះ ក៏អាចផ្ដល់ចំណូលដល់រដ្ឋដើម្បីទ្រទ្រង់ការចំណាយបានមួយកម្រិតដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖
«រាល់ចំណូលដែលទទួលបាន នឹងត្រូវបែងចែកទៅកាន់ថ្នាក់ក្រោម ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានតែម្ដង ហើយការងារនេះដែរ ក៏ត្រូវការមានមន្ត្រីប្រចាំការនៅនឹងកន្លែងផងដែរ ដូច្នេះ នៅថ្ងៃមុខទៀត យើងនឹងពង្រីកសេវាទៅដល់បណ្ដាធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ។ ឧទាហរណ៍ អតិថិជនរបស់ធនាគារអេស៊ីលីដា ដែលមានទ្រព្យត្រូវបង់ពន្ធដូចជា ផ្ទះ ដី ជាដើម ខាងធនាគារអាចបង្កើតប្រអប់មួយសម្រាប់ឱ្យអតិថិជនជាម្ចាស់ទ្រព្យអាចបង់ថ្លៃសេវាដោយមិនចាំបាច់មកកាន់ច្រកចេញតែមួយនៅឆ្ងាយពីផ្ទះដូចមុនទៀតទេ» ។

គួរបញ្ជាក់ថា ក្នុងទិសដៅសម្រាប់ឆ្នាំ២០២៦របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងនឹងជំរុញសម្រេចឱ្យបាននូវទស្សនទាន សេវាកម្មគាប់ចិត្ត ដោយការបង្កើតមជ្ឈមណ្ឌលប្រជាជន និងប្រែក្លាយសេវាសាធារណៈឱ្យដំណើរការតាមប្រព័ន្ធអនឡាញ តាមរយៈការបង្កើតក្រុមការងារបរិវត្តកម្មឌីជីថល ការទ្រទ្រង់ថវិកា ការកសាងប្រព័ន្ធការងារបែបឌីជីថល ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការធ្វើទំនើបកម្មសេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធអនឡាញ ការតភ្ជាប់ជាមួយ CBC ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងវិស័យឯកជន ប្រព័ន្ធសុវត្ថិភាពនៃការផ្ដល់សេវាសាធារណៈ តាមប្រព័ន្ធអនឡាញ ការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីដីធ្លី និងការគ្រប់គ្រងតាមដានត្រួតពិនិត្យ និងអភិវឌ្ឍជាប្រចាំ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content