បាត់ដំបង ៖ ចេក ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើនយ៉ាង និងសម្បូរបែបពិសេសជាងផ្លែឈើដទៃទៀត ដោយគេអាចទទួលទានបានទាំងខ្ចី ទាំងទុំ ជាបង្អែម ឬអាច្នៃជាចំណីក្រៅពេលបានយ៉ាងឆ្ងាញ់ពិសា។ ជាក់ស្ដែង សិប្បកម្មមួយកន្លែងដែលស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានកែច្នៃចេកណាំវ៉ាស្រស់ទៅជាចេកឆាបដែលមានរសជាតិឆ្ងាញ់ និងមានទីផ្សារល្អ ហើយថែមទាំងបានចូលរួមជួយដល់ស្ត្រី និងកសិករក្នុងសហគមន៍ថែមទៀតផង។

រាជនី បាណាណា សំឡូត (REACHNY BANANA SAMLUT) ជាយីហោអាជីវកម្មចេកឆាបមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ផលិតផលរបស់សិប្បកម្មមួយនេះ បានក្លាយទៅជាផលិតផលក្នុងស្រុក ផលិតថ្មីៗ មានរសជាតិឆ្ងាញ់ និងមានអនាម័យល្អ ព្រមជាមួយនឹងការវេចខ្ចប់យ៉ាងត្រឹមត្រូវទៀតផង។

អ្នកស្រី នុន ចាន់នី ជាម្ចាស់សិប្បកម្មខ្នាតតូចមួយនេះបានបញ្ជាក់ពីដំណើរការចាប់ផ្ដើមអាជីវកម្មក្នុងស្រុកមួយនេះទៀតថា ៖
«ដំបូងឡើយយើងគ្រាន់តែធ្វើការតេស្តផលិតផលដោយសារចេកនៅក្នុងសហគមន៍សល់ច្រើនពេក ហើយក៏យកមកធ្វើចេកឆាបញ៉ាំជាចំណីក្រៅពេល ហើយបន្ទាប់មកយើងក៏ដាក់លក់សាកល្បង ប៉ុន្តែដោយសារមើលឃើញថាទទួលបានការគាំទ្រច្រើន និងមានទីផ្សារល្អ ក៏ពង្រីកព្យាយាមបង្កើនការផលិតរហូតក្លាយជាអាជីវកម្មរហូតដល់សព្វថ្ងៃ»

អ្នកស្រីបន្តថា ចេកឆាបរបស់សិប្បកម្មមួយនេះ មាន៤ រសជាតិ គឺ ផ្អែម រសជាតិជូរហឹរ រសជាតិដើម និងរសជាតិប្រៃស្លឹកក្រូច ដោយក្នុងនោះ រសជាតិផ្អែម និងរសជាតិប្រៃស្លឹកក្រូចគឺទទួលបានការគាំទ្រច្រើនជាងគេ។ ជាមួយគ្នានេះ ចេកឆាបក៏ត្រូវបានវេចខ្ចប់ជា៣ប្រភេទផ្សេងៗគ្នាតាមតម្រូវការអតិថិជនគឺ ទីមួយជាកញ្ចប់តូចៗតម្លៃត្រឹម ៥០០រៀលសម្រាប់ក្មេងៗ ទី២ គឺកញ្ចប់រាងធំមានទម្ងន់ចាប់ពី ៣៥០ក្រាមឡើងទៅសម្រាប់អ្នកធ្វើដំណើរទូទៅនិយមទិញផ្ញើសាច់ញាតិក៏ដូចជាធ្វើជាកាដូ ឬអំណោយ និងចុងក្រោយគឺកញ្ចប់ក្រដាសសម្រាប់ដាក់លក់នៅតាមហាងកាហ្វេ និងតាមម៉ាតជាដើម។
បច្ចុប្បន្ន សិប្បកម្មរាជនី បាណាណា សំឡូតអាចផលិតចេកឆាបបានចន្លោះពី ១-២តោនក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តាខេត្តគោលដៅ ដូចជាខេត្តបាត់ដំបង ខេត្តព្រះសីហនុ កំពង់ចាម កំពត ដែលជាខេត្តទេសចរណ៍ ហើយក្រៅពីនេះក៏មានអតិថិជននៅភ្នំពេញ និងខេត្តព្រៃវែងផងដែរ។
អ្នកស្រីបន្តទៀតថា ក្នុងមួយខែគេត្រូវការចេកណាំវ៉ាស្រស់ប្រមាណ ២ ៥០០ស្និត ដើម្បីធ្វើជាចេកឆាប ដែលទទួលទិញពីកសិករក្នុងស្រុក និងក្នុងតំបន់ ដែលជាផ្នែកមួយចូលរួមជួយលើកស្ទួយដល់ជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍បានមួយចំណែក ហើយថែមទាំងបានផ្ដល់ការងារដល់ស្ត្រីចំនួន ១២នាក់ផ្សេងទៀតផងដែរ។
នៅថ្ងៃមុខ ម្ចាស់អាជីវកម្មខាងលើចង់ពង្រីកទំហំអាជីវកម្មរបស់គាត់ឱ្យកាន់តែធំ មានការទទួលស្គាល់ពីក្រសួងនានា និងក្លាយជាសហគ្រាសកែច្នៃផលិតផលក្នុងស្រុកដែលមានបច្ចេកទេសទំនើបក្នុងការផលិតដោយប្រើម៉ាស៊ីនជំនួសឱ្យការផលិតដោយដៃដូចពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ដែរថា អ្នកស្រី ចាន់នី បានចាប់ផ្ដើមអាជីវកម្មនេះនៅចុងឆ្នាំ២០១៧ ដោយបានប្រើដើមទុនប្រមាណ ១ ០០០ដុល្លារ ទៅលើការទិញឧបករណ៍ និងសម្ភារៈសម្រាប់ចម្អិន រួមជាមួយនឹងវត្ថុធាតុដើម និងគ្រឿងទេសមួយចំនួន ។ ដោយឡែកនៅក្នុងការចាប់ផ្ដើមនេះ អ្នកស្រីបានជួបការលំបាកជាច្រើន ទាំងការគ្រប់គ្រងបុគ្គលិក ដំណើរការផលិត និងគុណភាពផលិតផលជាដើម ដោយសារការចាប់ផ្ដើមមកពីការសាកល្បង ពុំទាន់មានផែនការច្បាស់លាស់នៅឡើយ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលបច្ចុប្បន្ននេះ ផលលំបាកទាំងអស់បានក្លាយជាបទពិសោធន៍ និងជាដើមទុនយ៉ាងសំខាន់នៅក្នុងការចាប់អាជីពមួយនេះ រហូតអាចអភិវឌ្ឍន៍បានជាសិប្បកម្មខ្នាតតូចមួយនៅក្នុងតំបន់ ហើយនឹងពង្រីកការផលិតឲ្យច្រើនជាងនេះនៅពេលអនាគត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content