ភ្នំពេញ ៖ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬព្រលានយន្តហោះអន្តរជាតិតេជោ បាន និងកំពុងដំណើរទៅមុខដោយរលូនទោះបីជាមានការរំខានដោយកូវីដ-១៩ក្ដី ជាក់ស្ដែងមកដល់ពេលបច្ចុប្បន្ននេះការសាងសង់បានដំណើរសម្រេចប្រមាណ ២១,១ភាគរយ និងត្រូវបានចំណាយទឹកប្រាក់សរុប៤៣៤លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដីវិនិយោគនោះទេ។

នៅក្នុងកិច្ចដំណើរការអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះអន្តរជាតិនេះដែរ ក៏មានការចូលរួមវិនិយោគពីបណ្ដាធនាគារក្នុងស្រុក និងធនាគារបរទេសដែលមានប្រតិបត្តិក្នុងប្រទេសកម្ពុជា ហើយក៏មានការវិនិយោគពីក្រុមហ៊ុនធានារ៉ាប់រង់ផងដែរ។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានថ្លែងថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិរបស់កម្ពុជាចំនួនពីរ គឺព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬព្រលានយន្តហោះអន្តរជាតិតេជោ នៅតែបន្តដំណើរការសាងសង់ជាប់ជាប្រចាំដោយមិនមានការរំខានណាមួយឡើយ។

លោកបន្តថា ៖
“យើងឃើញស្រាប់ហើយ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ និងព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី បាន និងកំពុងមានការមមាញឹកក្នុងការសាងសង់ដើម្បីបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក ហើយក៏មិនមានការរំខានណាមួយពីកូវីដ-១៩ផងដែរ”

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បានលើកឡើងពីសក្ដានុពលនៃព្រលានយន្តហោះអន្តរជាតិតេជោផងដែរថា តាមរយៈវត្តមានគម្រោងអភិវឌ្ឍន៍ដែលមានតម្លៃជាង ១ ៥០០លានដុល្លារ បានក្លាយជាចលករជួយជំរុញការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យយ៉ាងប្រសើរ។
អ្នកស្រីបានបន្តថា ៖
“នៅតំបន់ជុំវិញនោះឃើញថាមានការអភិវឌ្ឍលឿន ជាពិសេសទៅលើផ្សារទំនើប និងលំនៅឋានតម្លៃមធ្យម។ អ្វីដែលពិសេសនោះ គឺរាជរដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅប៉ែកខាងត្បូងរាជធានីភ្នំពេញ និងផ្លូវទៅកាន់ព្រលានយន្តហោះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ គួររំលឹកថា ព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Cambodia Airport Investment Co .,Ltd ( CAIC) ដែលជាការបណ្ដាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រប្រតិបត្តិការរបស់គម្រោងព្រលានយន្តហោះអន្តរជាតិតេជោ៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content