ភ្នំពេញ ៖ ស្របពេលដែលបណ្ដាប្រទេសជិតខាងក៏ដូចជាប្រទេសនៅលើពិភពលោកកំពុងជំរុញការអភិវឌ្ឍលើអគារបៃតងដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍអគារបៃតងនៅកម្ពុជានៅតែជាបញ្ហាសម្រាប់អ្នកអភិវឌ្ឍន៍។
លោក ស៊ីម បូវិសាល ទីប្រឹក្សាសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជាបានមានប្រសាសន៍ថា ការអភិវឌ្ឍអគារបៃតងនៅក្នុងប្រទេសកម្ពុជានៅតែមានបញ្ហា ពីព្រោះថាការអភិវឌ្ឍអគារបៃតងមិនមែនត្រឹមតែអភិវឌ្ឍន៍ហើយដាំដើមឈើប៉ុណ្ណោះទេ តែការអភិវឌ្ឍអគារប្រភេទនេះ ត្រូវគិតតាំងពីដំបូងគឺរាប់តាំងពីការដ្ឋានដែលមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន កាកសំណល់ដែលចេញពីការដ្ឋានគឺមិនត្រូវប៉ះពាល់បរិស្ថាន ដែលកត្តាទាំងនេះគឺពិបាកសម្រាប់ការអភិវឌ្ឍ ។
លោក វិសាល បានបន្តថា ៖
“ការអភិវឌ្ឍអគារបៃតងគឺត្រូវការចំណាយច្រើនជាងការអភិវឌ្ឍអគារធម្មតា ដូច្នេះហើយអ្នកអភិវឌ្ឍន៍ភាគច្រើននៅគិតពីប្រាក់ចំណេញឆាប់ៗ តែបើសិនជាអភិវឌ្ឍរួចហើយ អគារបៃតងនឹងមានការសន្សំសំចៃខ្ពស់ និងមិនបំពុលបរិស្ថានដូចអគារធម្មតាៗនោះទេ ពីព្រោះអគារបៃតងត្រូវបានសាងសង់ឡើងដោយយកថាមពលកកើតឡើងវិញមកប្រើក្នុងអគារដូចជាខ្យល់ និងពន្លឺព្រះអាទិត្យជាដើម”
លោកបន្ថែមថា ៖
“នៅក្នុងប្រទេសកម្ពុជាមានអគារតិចតួចនៅឡើយខុសពីបណ្ដាប្រទេសជិតខាងដែលមានអគារបៃតងរាប់រយអគារទៅហើយ ប្រទេសខ្លះមានដល់រាប់ពាន់អគារ ហើយរដ្ឋាភិបាលរបស់គេក៏លើកទឹកចិត្តដល់ការសាងសង់អគារបៃតងនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងនាមជាសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជា ក៏ចង់ឱ្យរដ្ឋាភិបាលមានការលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍អគារបៃតងនេះដែរ ដូចជាការលើកលែង និងបន្ធូរបន្ថយពន្ធជាដើម“
លោកបានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ សមាគមបានខិតខំធ្វើយ៉ាងណាឱ្យអន្តរជាតិបានស្គាល់ពីកម្ពុជាកាន់តែច្បាស់ ហើយសមាគមនឹងក្លាយសមាជិកនៃសមាគមអភិវឌ្ឍន៍សំណង់អគារបៃតងដែលអាចឱ្យអ្នកជំនាញអភិវឌ្ឍន៍អគារបៃតងអន្តរជាតិជួយកម្ពុជាក្នុងការអភិវឌ្ឍអគារប្រភេទនេះបានកាន់តែច្រើននៅពេលអនាគត ។
លោករំពឹងថា នៅពេលអនាគតឆាប់ៗខាងមុខនេះ សំណង់ងគារបៃតងក្នុងប្រទេសកម្ពុជានឹងមានចំនួនកាន់តែច្រើន នៅពេលអ្នកអភិវឌ្ឍន៍សំណង់នៅកម្ពុជា ចាប់អារម្មណ៍លើការអភិវឌ្ឍសំណង់ប្រភេទនេះបន្ថែមទៀត ហើយនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីសំណង់នេះផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content