ភ្នំពេញ ៖ ជ្រោយចង្វា ជាខណ្ឌថ្មីមួយក្នុងចំណោមខណ្ឌចំណុះរាជធានីភ្នំពេញ ប៉ុន្តែសកម្មភាពវិនិយោគនៅក្នុងខណ្ឌមួយនេះឃើញថាមានភាពផុសផុលខ្លាំង ជាពិសេសក្រោយពីមានការបង្កើតជាទីក្រុងរណប OCIC នៅតំបន់មួយនេះ និងមានការតភ្ជាប់ស្ពានពីត្រើយខាងលិចមកត្រើយខាងកើត។ សកម្មភាពនៃការវិនិយោគទាំងនេះក៏បានជំរុញឱ្យតម្លៃដីធ្លីនៅខណ្ឌជ្រោយហក់ឡើងជាបន្តបន្ទាប់ដែរ។ ថ្ងៃនេះយើងនឹងបង្ហាញពីតម្លៃដីធ្លីនៅតាមសង្កាត់នីមួយៗក្នុងខណ្ឌជ្រោយចង្វាជូនអ្នកអានបានជ្រាបទាំងអស់គ្នា។
១.សង្កាត់ជ្រោយចង្វា ៖ សង្កាត់នេះជាតំបន់ដីធ្លីមានតម្លៃខ្ពស់ជាងគេក្នុងចំណោមសង្កាត់ផ្សេងទៀតក្នុងខណ្ឌជ្រោយចង្វា ដោយនៅលើផ្លូវធំដីមានតម្លៃចន្លោះពី១ ៧០០ដុល្លារអាមេរិក ទៅ ៣ ៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៩០០ដុល្លារ ទៅ ២ ២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
២.សង្កាត់ព្រែកលៀប ៖ សង្កាត់មួយនេះក៏ជាតំបន់ដែលមានភាពមមាញឹកក្នុងការអភិវឌ្ឍអចលនទ្រព្យដែរ ដោយតម្លៃដីធ្លីនៅលើផ្លូវធំមានចន្លោះពី ១ ០០០ដុល្លារទៅ ៣ ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤០០ដុល្លារ ទៅ ១ ៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ដីនៅលើផ្លូវតូច។

៣.សង្កាត់ព្រែកតាសេក ៖ ព្រែកតាសេកជាតំបន់ចំណាត់ទី៣ ដែលមានតម្លៃខ្ពស់ក្នុងខណ្ឌជ្រោយចង្វា ដោយក្នុងមួយម៉ែត្រការ៉េមានតម្លៃដីចន្លោះពី ៥០០ដុល្លារអាមេរិក ទៅ ១ ២០០ដុល្លារអាមេរិកសម្រាប់ដីនៅជាប់ផ្លូវធំៗ និងតម្លៃចន្លោះពី ២០០ដុល្លារអាមេរិក ទៅ ៤០០ដុល្លារអាមេរិកសម្រាប់ដីនៅជាប់ផ្លូវតូចៗ ។
៤.សង្កាត់បាក់ខែង ៖ សង្កាត់មួយនេះតម្លៃដីមានចន្លោះពី ៣០០ដុល្លារអាមេរិក ទៅ ១ ០០០ដុល្លារអាមេរិកសម្រាប់ដីជាប់ផ្លូវធំ និងតម្លៃពី ១០០ដុល្លារអាមេរិក ទៅ ៤០០ដុល្លារអាមេរិកសម្រាប់ដីនៅតាមផ្លូវតូចៗ ។
៥.សង្កាត់កោះដាច់ ៖ ដោយសារតែសង្កាត់នេះត្រូវធ្វើដំណើរឆ្លងសាឡាង ដូច្នេះតម្លៃដីធ្លីនៅមានកម្រិតទាបនៅឡើយធៀបនឹងបណ្ដាសង្កាត់ផ្សេងទៀតក្នុងខណ្ឌជ្រោយចង្វាដោយក្នុងនោះដីនៅជាប់ផ្លូវធំមានតម្លៃចន្លោះពី ៩០ដុល្លារអាមេរិក ទៅ ៣៦០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២០ដុល្លារអាមេរិក ទៅ ១០០ដុល្លារអាមេរិកសម្រាប់ដីធ្លីនៅជាប់ផ្លូវតូចៗ ។

ជាការកត់សម្គាល់ តំបន់ជ្រោយចង្វា ជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៦ មានការអភិវឌ្ឍលំនៅឋានតម្លៃមធ្យមឡើងទៅកាន់តែច្រើន ដោយឃើញមានគម្រោងអភិវឌ្ឍន៍របស់បុរីធំៗ និងមានឈ្មោះបោះសម្លេង បានបោះទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ដែលធ្វើឱ្យតំបន់នេះក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានដ៏ពេញនិយម ។
ជាមួយគ្នានេះ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ នៅពេលដ៏ខ្លីខាងមុខ ស្ពានឆ្លងទន្លេថ្មីមួយទៀតពីខណ្ឌឫស្សីកែវ មកកាន់ខណ្ឌជ្រោយចង្វានឹងត្រូវសាងសង់រួច ហើយដាក់ឱ្យប្រើប្រាស់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូច្នេះវានឹងធ្វើឱ្យតម្លៃដីធ្លីនៅខណ្ឌទាំង២នេះ មានសន្ទុះមួយកម្រិតទៀត ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content