បរទេស ៖ យោងតាមប្រភពព័ត៌មានពី Global Times បានរាយការណ៍ថា ភ្ញៀវទេសចរកាន់តែច្រើនឡើងៗបានជិះរថភ្លើងល្បឿនលឿនពីចិន-ឡាវ ដើម្បីទស្សនាប្រាសាទ និងរូបសំណាកព្រះពុទ្ធ ហើយវិនិយោគិនកាន់តែច្រើនបានចាប់អារម្មណ៍លើវិស័យពាណិជ្ជកម្ម និងអាជីវកម្មរបស់ឡាវផងដែរ។

បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ផ្លូវដែកចិន-ឡាវបានដឹកអ្នកដំណើរជាង ២៣ លាននាក់មកពីប្រទេស និងតំបន់ចំនួន ៧០ និងទំនិញជាង ២៨ លានតោនដែលមកពីប្រទេស BRI។ លោក Zhang Xiaoyan អ្នកតំណាងមកពីមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ឡាវ បានលើកឡើងថា កាលពីមុនជនជាតិចិនភាគច្រើនមិនសូវចាប់អារម្មណ៍ថា ឡាវជាគោលដៅពេញនិយមសម្រាប់ទេសចរណ៍ ឬការវិនិយោគនោះទេ ប៉ុន្តែការផ្លាស់ប្តូរបានកើតឡើងជាមួយនឹងប្រតិបត្តិការនៃផ្លូវដែកចិន-ឡាវក្នុងខែធ្នូ ឆ្នាំ ២០២១។ លើសពីនេះ ផ្លូវដែកចិន-ឡាវបានក្លាយជាផ្នែកសំខាន់មួយនៃទេសចរណ៍ ដោយអ្នកទេសចរជាច្រើនមកពីប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ាបានធ្វើដំណើរទៅកាន់ហ្លួងព្រះបាង ដោយសារតែពួកគេចង់ទទួលបានបទពិសោធន៍រថភ្លើងល្បឿនលឿនចិន-ឡាវ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នាក់ងារទេសចរណ៍មកពីខេត្ត Yunnan របស់ប្រទេសចិនជាច្រើន គ្រោងនឹងបង្កើតសាខានៅហ្លួងព្រះបាង។
Chansamone មគ្គុទ្ទេសក៍ទេសចរណ៍ឡាវក្នុងស្រុក និងទទួលគណៈប្រតិភូរដ្ឋាភិបាល និងធុរកិច្ចពីប្រទេសចិន បានលើកឡើងថា ជាធម្មតាគាត់ទទួលក្រុមទេសចរណ៍ចិនយ៉ាងហោចណាស់ ២០ ក្រុមក្នុងមួយថ្ងៃនៅក្នុងនៅទីក្រុងវៀងចន្ទន៍ និងហ្លួងព្រះបាង។ ចាប់តាំងពីមានផ្លូវដែកចិន-ឡាវមក ភ្ញៀវទេសចរណ៍ចិនកាន់តែកើនឡើងច្រើនឡើង ហើយទេសចរណ៍គឺជាវិស័យដែលរកកម្រៃបាននៅក្នុងប្រទេសឡាវ។ បើប្រៀបធៀបកាលពី ១០ ឆ្នាំមុននៅទីក្រុងវៀងចន្ទន៍ គឺមានរថយន្តតិចតួចបំផុតនៅលើដងផ្លូវ ប៉ុន្តែការស្ទះចរាចរណ៍គឺជារឿងធម្មតានៅក្នុងទីក្រុងវៀងចន្ទនាពេលបច្ចុប្បន្ននេះ។ លើសពីនេះ ផ្លូវដែកចិន-ឡាវពិតជាបានជំរុញសេដ្ឋកិច្ចឡាវ និងគុណភាពជីវិតឲ្យប្រសើរជាងមុន ដោយកាលពីមុនគេត្រូវជិះរថយន្តក្រុងតាមផ្លូវភ្នំរយៈពេលពីរទៅបីថ្ងៃដើម្បីទៅក្រុង Boten (ជាទីក្រុងជាប់ព្រំដែនជិតខាងប្រទេសចិន) ប៉ុន្តែពេលនេះគេចំណាយពេលត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះតាមផ្លូវរថភ្លើងចិន-ឡាវ។ ទន្ទឹមនឹងនេះ ឡាវនឹងកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២៤ បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ Visit Laos Year 2024។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith បាននិយាយថា ឡាវតែងតែស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ហើយពួកគេសង្ឃឹមថានឹងឃើញភ្ញៀវទេសចរណ៍ចិនកាន់តែច្រើនចូលមកប្រទេសឡាវនៅឆ្នាំ២០២៤ នេះ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលឡាវកំពុងជម្រុញវិស័យទេសចរណ៍ជាអាទិភាពកំពូលក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាពរស់រវើក ដោយរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់ ២,៧ លាននាក់នៅឆ្នាំ ២០២៤ ជាមួយនឹងការបង្កើតប្រាក់ចំណូលប្រហែល ៤០១ លានដុល្លារ។ ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៣ ឡាវបានទាក់ទាញភ្ញៀវទេសចរបរទេសជាង ២,៤ លាននាក់ ដោយជិត ១ លាននាក់មកពីថៃ ជាង ៦ សែននាក់មកពីវៀតណាម និងជិត ៥ សែននាក់មកពីចិន។
លោក Inthy Deuansavanh ប្រធានក្រុមហ៊ុន Green Discovery Laos បាននិយាយថា សក្ដានុពលរបស់អ្នកទេសចរចិនគឺធំណាស់ទាក់ទងនឹងចំនួនប្រជាជនរបស់ពួកគេ ជាពិសេសផ្លូវរថភ្លើង។ គាត់ដឹងពីលំហូរនៃការធ្វើដំណើររបស់ជនជាតិចិន ដោយពួកគេចូលចិត្តដើរទិញឥវ៉ាន់ ការកម្សាន្ត ប៉ុន្តែភាគរយតិចតួចនៃប្រជាជនចិនដែលចូលចិត្តការផ្សងព្រេងនៅខាងក្រៅ។
លោកយាយចូលនិវត្តន៍ម្នាក់មកពីទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន បានជ្រើសរើសប្រទេសឡាវសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់គាត់។ គាត់បានបញ្ចប់ការធ្វើដំណើររយៈពេលមួយសប្តាហ៍ដោយជិះរថភ្លើងល្បឿនលឿនចិន-ឡាវ ហើយគាត់បង្ហាញពីការពេញចិត្តចំពោះការធ្វើដំណើរមួយនេះ។ លោកយាយបាននិយាយថា ឡាវមានសុវត្ថិភាព និងមានតម្លៃមិនខ្ពស់ពេកទេ ហើយគាត់អាចមកលេងប្រទេសឡាវបានញឹកញាប់ទៀតផង។

គួរបញ្ជាក់ដែរថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្លូវដែកចិន-ឡាវ គឺ Laos-China Railway Co., Ltd. មានទីតាំងនៅភាគខាងជើងឆៀងខាងកើតនៃទីក្រុងវៀងចន្ទន៍ នៅក្នុងតំបន់អភិវឌ្ឍន៍ Saysettha (SDZ)។ SDZ គឺជាតំបន់សេដ្ឋកិច្ចពិសេសរបស់ឡាវ និងជាតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសកម្រិតជាតិរបស់ប្រទេសចិន ហើយវាក៏ផ្នែកមួយនៃការអនុវត្តប្រកបដោយជោគជ័យនៃ BRI នៅក្នុងប្រទេសឡាវ។
កាលពីខែតុលា ឆ្នាំ ២០១០ គម្រោង SDZ ត្រូវបានវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន Lao-China Joint Venture Investment Co., Ltd. ដែលត្រូវបានបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន Yunnan Provincial Overseas Investment Co., Ltd. និងរដ្ឋាភិបាលទីក្រុងវៀងច័ន្ទ។ វាត្រូវបានចាប់ផ្ដើមប្រតិបត្តិការនៅខែសីហា ឆ្នាំ ២០១៨ ដោយគ្របដណ្តប់លើផ្ទៃដី ១១,៥ គីឡូម៉ែត្រការ៉េ។ ឥឡូវនេះ SDZ បានទាក់ទាញសហគ្រាសជាង ១៣០ មកពីប្រទេសចំនួន ៩ ជាមួយនឹងមនុស្សជាង ៨ ០០០ នាក់ធ្វើការនៅទីនោះ។
លោក Huang Yuequn អ្នកជំនួញចិនមកពី Xiamen ដែលចង់វិនិយោគនៅប្រទេសឡាវ បាននិយាយថា ឡាវមានកម្លាំងពលកម្ម និងតម្លៃទីតាំងទាប ជាមួយនឹងធនធានវារីអគ្គិសនីសម្បូរបែប។ គាត់កំពុងទន្ទឹងរង់ចាំភាពងាយស្រួលនៃការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការបោសសំអាតគយ ដើម្បីឲ្យបច្ចេកទេសកម្រិតខ្ពស់របស់ប្រទេសចិនអាចចូលមកប្រទេសឡាវបានកាន់តែងាយស្រួល។ បន្ថែមពីនេះ ដោយមើលឃើញពីភាពងាយស្រួលដែលនាំមកដោយផ្លូវដែកចិន-ឡាវ គាត់នឹងពិចារណាលើការវិនិយោគលើវិស័យកសិកម្ម និងរ៉ែ។ លោក Wang Lizong ប្រធានសភាឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Guangdong បាននិយាយថា អត្ថប្រយោជន៍តម្លៃពលកម្មទាប និងពន្ធរបស់ SDZ នឹងត្រូវបានពង្រីកបន្ថែមទៀត ប្រសិនបើតំបន់នេះអាចអភិវឌ្ឍបន្ថែមទៀតនូវសង្វាក់ឧស្សាហកម្មទាំងមូលរបស់ខ្លួនចាប់ពីខ្សែទឹកខាងលើ និងខាងក្រោម៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content