ភ្នំពេញ ៖ ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារចិនហើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន ដែលពិធីអបអរសាទរនេះបានរៀបចំនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គួររំលឹកដែរថា នៅខែកញ្ញា រដ្ឋាភិបាលចិន និងកម្ពុជា បានចុះហត្ថលេខាលើ «ពិធីសារស្តីពីតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចេញដូងស្រស់»។ នៅខែមករា ឆ្នាំ ២០២៤ គយចិន បានធ្វើការត្រួតពិនិត្យការអនុលោមតាមពិធីសារលើក្រុមហ៊ុនដូងស្រស់របស់កម្ពុជាដែលនាំចេញទៅប្រទេសចិន។ កាលពីខែកុម្ភៈ គយចិន បានប្រកាសបញ្ជីក្រុមហ៊ុនកម្ពុជាដែលបានអនុម័តនាំចេញដូងស្រស់ទៅប្រទេសចិន ដែលចំណាយពេលតែជាង១ឆមាសប៉ុណ្ណោះ។
សូមជម្រាបថា កាលពីខែសីហា ឆ្នាំ២០២៣ ក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន (GACC) បានបើកកិច្ចប្រជុំ និងចុះវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជា ។

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលនៃប្រទេសចិន កាលពីចុងខែកុម្ភៈ បានអនុម័តអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូលទៅកាន់ទីផ្សារចិនជាផ្លូវការ ក្រោយពីកម្ពុជាបានបញ្ចប់គ្រប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយចិនបានចុះហត្ថលេខាកាលពីពេលកន្លងមកលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានគូសបញ្ជាក់ថា នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូងស្របទៅតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យកំណត់ដោយរដ្ឋបាលគយចិន។ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម ក៏បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប ម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញ ដោយមន្ដ្រីជំនាញបានចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារមុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

សូមបញ្ជាក់ថា ដំណាំដូងត្រូវបានដាំដុះច្រើនជាងគេ នៅខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ ហើយបានពង្រីកការដាំដុះនៅតាមបណ្តាខេត្តជាច្រើនទៀតដូចជាកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ស្វាយរៀង និងខេត្តសៀមរាបជាដើម។ សម្រាប់ផលិតផលកសិកម្មកម្ពុជាកាន់តែច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយប្រទេសចិនបានក្លាយជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្ករ កៅស៊ូ ផ្លែឈើ បន្លែ ដំឡូងមី ចេកស្រស់ ស្វាយ និងផ្លែមៀនប៉ៃលិន និងកមានផលិតផលជលផល រួមទាំងផ្លែដូងស្រស់កម្ពុជាផងដែរ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content